ក្រសួងបរិស្ថានផ្សព្វផ្សាយការគ្រប់គ្រងសំណល់រឹង-រាវក្នុងនិងជុំវិញបរិវេណរោងចក្រ និង ការរៀបចំជ្រើសរើសផ្លូវបរិស្ថានគំរូនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ -ថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ក្រសួងបរិស្ថានបានបើកកិច្ចប្រជុំពិភាក្សារវាងសាលារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរកម្ពុជាស្តីពីការរៀបចំផ្សព្វផ្សាយការគ្រប់គ្រងសំណល់រឹង-រាវ ក្នុងនិងជុំវិញបរិវេណរោងចក្រ ការរៀបចំជ្រើសរើសផ្លូវបរិស្ថានគំរូ និងបញ្ហាផ្សេងៗ ។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា កិច្ចប្រជុំខាងលើដឹកនាំដោយ ឯកឧត្តមអ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានសមាជិកចូលរួមពីសមាគមរោងចក្រកាត់ដេរ(GMAC) សាលារាជធានីភ្នំពេញ មន្ទីរបរិស្ថានរាជធានីភ្នំពេញ និងតំណាងអគ្គនាយកដ្ឋានជំនាញរបស់ក្រសួងបរិស្ថាន ។

ប្រភពខាងលើបានបន្តថា កិច្ចប្រជុំបានផ្តោតការយកចិត្តទុកដាក់ពិភាក្សាលើ៖ ១- រៀបចំរបាយការណ៍ស្តីពីស្ថានភាពបរិស្ថានរាជធានីភ្នំពេញ ជាជំហានដំបូងស្តីពីករណីសំណល់រឹង-រាវ រោងចក្រទូទាំងរាជធានីភ្នំពេញ​។ ២-ជំរុញការអនុវត្តនូវកិច្ចសន្យាគាំពារ បរិស្ថានតាមបណ្តារោងចក្រឱ្យមានប្រសិទ្ធភាពបន្ថែម ដោយត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការគ្រប់គ្រងសំណល់រឹង-រាវ ក្នុងនិងជុំវិញបរិវេណរោងចក្រដល់រោងចក្រទាំង៧៣២។ សាលារាជធានីសហការរៀបចំជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងមានការចូលរួមពីសមាគមរោងចក្រកាត់ដេរ(GMAC) និងភាគីពាក់ព័ន្ធនានា។ ៣-ការងារអប់រំ និងផ្សព្វផ្សាយបរិស្ថាន។ មន្ទីរបរិស្ថានរាជធានីភ្នំពេញ ត្រូវបង្កើនការផ្សព្វផ្សាយតាមសាលារៀនគ្រប់កម្រិត។ត្រូវបង្កើនការផ្សព្វផ្សាយពីផលប៉ះពាល់ពីសំរាម ដល់កម្មកររោងចក្រនិងបណ្តាអាជីវករ នៅមុខរោងចក្រ។ ត្រូវបង្កើនការផ្សព្វផ្សាយដល់បណ្តាក្រុមហ៊ុនឯកជននានា។ សហការជាមួយរោងចក្ររៀបចំកន្លែងទុកដាក់ធុងប្រមូលសំរាម ក្នុងនិងក្រៅរោងចក្រ។ អគ្គនាយកដ្ឋាននាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថានត្រូវបង្កើតVideo Clip ស្តីពីអប់រំបរិស្ថាន សម្រាប់រោងចក្រផ្សព្វផ្សាយដល់កម្មករ កម្មាការិនីនៅពេលសម្រាកបាយថ្ងៃត្រង់។ពិភាក្សាបន្ថែមជាមួយក្រុមហ៊ុនប្រមូលសំរាម លើការប្រមូលឱ្យបានទាន់ពេលវេលា។ ៤-ការជ្រើសរើសផ្លូវបរិស្ថានគំរូ ដោយគ្មានថង់ផ្លាស្ទិក កែលម្អបញ្ហាលូដោយរៀបចំគម្របត្រឺមត្រូវ ដើម្បីប្រែក្លាយជាវិថីទេសចរណ៍។ ៥-បញ្ហារផ្សេងៗ៖ ពាក់ព័ន្ធកន្លែងប្រមូលសំរាមទីសាធារណៈ អង្គប្រជុំស្នើឱ្យសាលារាជធានីភ្នំពេញ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ ពិភាក្សារៀបចំទីកន្លែងដាក់ធុងសំរាម ឱ្យចំទីតាំងតាមគោលដៅជាយុទ្ធសាស្ត្រស្របតាមស្ថានភាពបរិស្ថានជាក់ស្តែង៕

ដោយ ពេជ្រ ណារិទ្ធ