លោកជំទាវ ម៉ែន សំអន បញ្ជាក់ថា  ការប្រារព្ធទិវានារីអន្ដរជាតិ៨មីនានេះ គឺដើម្បីរម្លឹក អំពីវីរភាពតស៊ូរបស់នារីទូទាំងសកលលោក ឱ្យមានសមភាពសម្រេចកិច្ចការស្មើនឹងបុរស

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ — លោកជំទាវកិត្តិសង្គហបណ្ឌិត  ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា តាមរយៈនៃការ ប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារី ៨មីនា ជារៀងរាល់ឆ្នាំនេះ គឺដើម្បីរម្លឹកអំពីវីរភាព តស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាម​ទារឱ្យមានការលើកកម្ពស់សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាព រវាងបុរស និងស្ត្រី នៅក្នុងសង្គម ឱ្យមានសម ភាពសម្រេចកិច្ចការអ្វីៗស្មើនឹងបុរស។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានបញ្ជាក់បែបនេះខណៈដែលលោក ជំទាវ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយនារីក្រសួង អធិការកិច្ច ប្រមាណជាង៤០០នាក់ ក្នុងឱកាសទិវាប្រារព្ធសិទ្ធិនារី ៨មីនា ឆ្នាំ២០១៩ នៅក្រសួងអធិការកិច្ច ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ  និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ពិធីនេះបានប្រព្រឹត្ដធ្វើនៅថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ។

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា ស្រ្តីនៅក្នុងសង្គមកម្ពុជា មានស្រ្តីជាច្រើនរូបបានឋានៈ ជាអ្នកសម្រេចចិត្ត នៅលើវិស័យសាធារណៈ និង នយោបាយ នៅក្នុងនោះ មានចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧ ចំនួនស្រ្តីជាមន្រ្តីរាជការកើនឡើង ជាលំដាប់ពី ៣៤ភាគរយ ទៅ ៤១ភាគរយ។ រាជរដ្ឋាភិបាលបានតែងតំាងស្រ្តីជាអភិបាលរងខេត្ត នៃគណៈអភិបាលរាជធានីខេត្ត២៦រូប អភិបាលក្រុង ស្រុក ខណ្ឌ ជាស្រ្តី៦រូប ស្រ្តីជាអភិបាលរង នៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ១៨៦រូប។ ក្នុងឆ្នាំ២០១៩ ស្រ្តីជាឯកអគ្គរាជទូត មានចំនួន០៤រូប និងមន្រ្តីការទូតជាស្រ្តីដែលកំពុងប្រចំាការនៅបរទេសមានចំនួន៤៩រូប។

លោកជំទាវបានបញ្ជាក់ថា កម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហវត្សរ៍ មុនឆ្នាំកំណត់លើសុខភាពមាតានិងទារក។  អំពើហិង្សានិងការរំលោភនានាលើស្រ្តី ក៏បានថយចុះគួរឱ្យកត់សម្គាល់ផងដែរ។ ក្រសួងកិច្ចការនារី គណៈកម្មាធិការជាតិលើក កម្ពស់សីលធម៌សង្គម តម្លៃស្រ្តីនិងគ្រួសារខ្មែរ  និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពជីវភាព សិទ្ធិ ឋានៈ និងតួនាទីរបស់ស្រ្តីកម្ពុជា។ ជោគជ័យដ៏ធំធេងទាំងអស់នេះ បានឆ្លើយតបជាវិជ្ជមានទៅនឹងផែនការយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដើម្បី “កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព” និងផែនការយុទ្ធសាស្រ្តនារីរតនៈរបស់ក្រសួងកិច្ចការនារី។ សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្តដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកិច្ចការនារី បន្ត និងជំរុញការអនុវត្តគោលនយោបាយជាតិខាងលើនេះ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឧត្តមប្រយោជន៍របស់ស្ត្រី និងក្មេងស្រី ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។

លោកជំទាវ ម៉ែន សំអន ដើម្បីលើកស្ទួយនូវតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ក្នុងកិច្ចគាំពារសង្គមឱ្យមានប្រសិទ្ធភាពនោះ សូមអំពាវនាវដល់ អគ្គនាយកដ្ឋានទាំង៥ នៃក្រសួងអធិការកិច្ច ត្រូវបន្ដអនុវត្ដន៍ បង្កើនស្នាដៃ និងសហការឱ្យបានល្អជាមួយ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន។

លោកជំទាវ ម៉ែន សំអន បានបន្ដថា  ថ្ងៃនេះ ក្រសួងអធិការកិច្ច បានប្រារព្ធទិវា អន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ក្រោមប្រធានបទ លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស គឺមានអត្ថន័យជ្រាលជ្រៅ និងកិត្ដិសព្ទបំផុត។  ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោក ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរម្លឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗ ក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា។

លោកជំទាវកិត្តិសង្គហបណ្ឌិត  ម៉ែន សំអន បន្តទៀតថា សម្រាប់នៅកម្ពុជាមិនថា តែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត។ សិទ្ធិសេរីភាពរបស់ ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផងបានកើតមានជាថ្មីក្រោយរបប ដ៏យង់ឃ្នងរបស់ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះរហូតដល់ ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។ នារីបានធ្វើ សកម្មភាពបង្កើតស្នាដៃ និងបានចូលរួមចំណែកទទួលនិងការតែងតាំងដោយរាជរដ្ឋាភិបាល បានផ្ដល់នូវការលើកទឹកចិត្ដ។ នារីយើងមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងផ្លូវចិត្ដ ផ្លូវកាយ ក្នុងនោះ ក៏បានមានសិទ្ធិសេរីភាពគ្រប់យ៉ាង ដូចជាមានសិទ្ធិប្រកប មុខរបរក្នុងការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម វប្បធម៌ ទេសចរណ៍ និងការគោរពនូវទំនៀមទម្លាប់ប្រពៃណី ច្បាប់ពីការដឹងគុណ ដល់បងប្អូនញាតិមិត្តរបស់យើង៕

ដោយ សួស សំរិត