អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបង្ហាញផែនការយុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្ម គយរយៈពេល៥ឆ្នាំបន្ដទៀតពីឆ្នាំ២០១៩-២០២៣

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ — អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញនូវផែនការ និងផ្សព្វផ្សាយ​នូវសមិទ្ធផល ការងារដែល​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​សម្រេច​បាននាពេលកន្លងមកក្នុងការអនុវត្ត យុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មគយ២០១៤-២០១៨ និងផ្សព្វផ្សាយឯកសារយុទ្ធសាស្ត្រ កែទម្រង់ និងទំនើបកម្មគយសម្រាប់​រយៈពេល​៥ឆ្នាំ ខាងមុខគឺពីឆ្នាំ២០១៩-២០២៣ ក្នុងគោល បំណងកៀរគរ និងសម្របសម្រួល ជំនួយបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ ដើម្បី​អនុវត្តន៍យុទ្ធ សាស្ត្រកំណែទម្រង់ និងទំនើបកម្មគយ ​។កិច្ចប្រជុំលើកទី៦ រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាមួយដៃគូអភិវឌ្ឍន៍ស្តីពី “យុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មគយឆ្នាំ២០១៩-២០២៣” កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួល​បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជាបានគូសបញ្ជាក់ថា ការ​អនុវត្ត​​យុទ្ធសាស្ត្រ​កំណែទម្រង់​និងទំនើ​បកម្មគយ២០១៤-២០១៨ កន្លងមកនេះគឺជា​ការងារ​សំខាន់ៗ ដែល​សម្រេច​បាន ដូចជា ចំណូលប្រមូលបានលើសផែនការ​គិតជា​មធ្យមជាង២០ភាគរយ ក្នុង​១ឆ្នាំ, ការងារបច្ចេកទេសគយ, ការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ, ការធ្វើសាមញ្ញកម្ម នីតិវិធីគយជាបន្តបន្ទាប់, អភិបាលកិច្ចនិងការពង្រឹងអនុលោមភាព, ការអនុវត្តយន្តការភាពជា ដៃគូគយ-ផ្នែកឯកជន, ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសមត្ថភាពស្ថាប័ន ជាដើម។ ឯកឧត្តមបានបន្ដថា ដើម្បីបន្តនិរន្តរភាពនិងជំរុញសន្ទុះនៃការកែទម្រង់ ស្របតាម​គោលនយោបាយរបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បាន​កសាង​ឯកសារយុទ្ធសាស្ត្រ​កំណែទម្រង់​និងទំនើ​បកម្មគយ២០១៩-២០២៣ ដោយផ្តោត​លើ​គោល ដៅយុទ្ធសាស្ត្រ​ចំនួន ៥គឺ ទី១.ប្រសិទ្ធភាពនៃការ​ប្រមូលចំណូល ទី២.​អនុលោមភាព​និងការ អនុវត្ត​ច្បាប់ ទី៣.ទំនើបកម្ម​ប្រព័ន្ធបច្ចេក​វិទ្យា​ព័ត៌មាននិងកិច្ច​សម្រួល​ពាណិជ្ជកម្ម ទី៤. កិច្ច សហប្រតិបត្តិការគយ និងទី៥.ការគ្រប់គ្រង​ធនធានមនុស្ស និងការ​អភិវឌ្ឍស្ថាប័ន។

ឯកឧត្តមបណ្ឌិតបានបន្ដទៀតថា ស្របគោលនយោបាយកំណែទម្រង់ស្ថាប័នស៊ីជម្រៅ ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីលើក កម្ពស់ ភាពប្រកួតប្រជែងរបស់កម្ពុជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវអនុវត្តន៍ឱ្យ កាន់តែសកម្ម និងមុតស្រួច​​នូវវិធានការមួយចំនួនចំពោះមុខដូចជា ជំរុញការអនុវត្តប្រព័ន្ធ បញ្ជរតែមួយជាតិដំណាក់កាលទី២, អនុវត្តប្រកាសស្ដីពីកម្រៃសេវាសាធារណៈរបស់អគ្គ នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, កាត់បន្ថយកម្រៃស្កែនកុងតែន័រ៥០ភាគរយ, កែសម្រួល ឡើងវិញ អនុក្រឹត្យលេខ​ ២០៩ ​ស្ដីពីទំនិញហាមឃាត់ និងជាប់កម្រឹតកំណត់  និងអនុក្រឹត្យ លេខ២១ ស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ, រៀបចំសេចក្ដីព្រាង អនុក្រឹត្យស្ដីពីគោលនយោបាយគាំទ្រ និងលើកទឹកចិត្តដល់វិស័យ SMEs និងពង្រឹងតួនាទី និងការទទួលខុសត្រូវរបស់គយ ដែលជាស្ថាប័នតែមួយគត់នៅមាត់ច្រក  ត្រួតពិនិត្យទំនិញនាំ ចេញ-នាំចូលជាដើម។

ជាមួយគ្នានេះដែរ តំណាងដៃគូអភិវឌ្ឍន៍ បានវាយតម្លៃខ្ពស់​ចំពោះ​សមិទ្ធិផល​នានា ដែលអគ្គនាយកដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជាសម្រេច​បាននាពេល​កន្លងមក និង​ប្តេជ្ញាចិត្ត​​បន្ត​ផ្តល់ជំនួយ​បច្ចេកទេស ​និងការ​គាំទ្រការអនុវត្តយុទ្ធសាស្ត្រ​កំណែទម្រង់​ និងទំនើ​បកម្មគយ ២០១៩-២០២៣ ឱ្យបានសម្រេចជោគជ័យជាបន្តទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ​ មានការអញ្ជើញចូលរួមមកពី តំណាងដៃគូអភិវឌ្ឍន៍ មកពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ធនាគារពិភពលោក (World Bank), ការិយាល័យបណ្តុះបណ្តាលធនធានមនុស្សរបស់​អង្គការ​គយពិភពលោកប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក (WCO ROCB A/P),  គណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា, ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ), ស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា, អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO), UNODC ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករជាច្រើនរូបទៀត៕

ដោយ អ៊ុន រិទ្ធី រូបថត៖ អ៊ុង ហុងលៀង