ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី២

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ  ព្រមទាំងអភិបាល អភិបាលរងខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

កិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ ធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន០៥រួមមាន៖ ១. ពិនិត្យ និងអនុ ម័តសេចក្ដីព្រៀង របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥៨អាណត្តិទី២។ ២. ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ច ប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី២របស់ក្រុមប្រឹក្សាខេត្ត។ ៣. ពិនិត្យ និងអនុម័តរបាយ ការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (ចាប់ពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩)។ ៤. ស្ដាប់របាយការណ៍របស់គណ:កម្មការ នានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ  និងទី៥. បញ្ហាផ្សេងៗ។

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ មានប្រសាសន៍បូកសរុប និងវាយតម្លៃកិច្ចប្រជុំ ដោយបានកោតសរសើរដល់អាជ្ញាធរ មន្ត្រីគ្រប់ផ្នែក បានយកចិត្តទុកដាក់ទទួលខុសត្រូវបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ គ្រប់ផ្នែកជំនាញ។ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាបរិស្ថាន អនាម័យ និងសោភណភាព ខណ:ពេលដែលខេត្តព្រះសីហនុ ត្រៀមរៀបចំសង្ក្រាន្តសមុទ្រលើកទី១ រយៈពេល ៣ថ្ងៃ ពីថ្ងៃ១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៩ នៅឆ្នេរឯករាជ្យ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងឈានចូលមកដល់នាពេលខាងមុខ។

ឯកឧត្តមបន្តថា ទោះជាមានការរីកចម្រើនយ៉ាងនេះក្ដី ក៏នូវមានចំណុចខ្វះខាតមួយ ចំនួនដែលអង្គភាព ស្ថាប័នមួយចំនួនពុំទាន់ បានបំពេញការងារតាមតម្រូវការនៃការអភិវឌ្ឍ របស់ខេត្ត ដូច្នេះយើងត្រូវខិតខំប្រឹងប្រែងបន្តទៀត ដើម្បីឱ្យដំណើរការអភិវឌ្ឍរបស់ ខេត្តព្រះសីហនុប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាម គោលនយោបាយយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា៕

ដោយ ងូ សុមុនី