ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកំណត់សេចក្តីព្រាងសេចក្តីណែនាំសម្រាប់អនុវត្តន៍ឧបករណ៍ និងយន្តការពិគ្រោះយោបល់ចំនួន៥

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ — ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានកំណត់សេចក្តីព្រាងសេចក្តីណែនាំសម្រាប់អនុវត្តន៍ឧបករណ៍ និងយន្តការពិគ្រោះយោបល់ចំនួន៥ដើម្បីពង្រឹងភាពជាដៃគូជាមួយតួអង្គអភិវឌ្ឍន៍ទាំងអស់ និងលើកកម្ពស់តម្លាភាព គណនេយ្យភាព និងស័ក្តិសិទ្ធិភាពក្នុងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍។ ក្នុងសេចក្តីព្រាងសេចក្តីណែនាំសម្រាប់អនុវត្តន៍ឧបករណ៍ និងយន្តការពិគ្រោះយោបល់ ចំនួន ៥ រួមមាន ទី១. កិច្ចពិគ្រោះយោបល់ពហុភាគីនៅកម្រិតវិស័យ ទី២. កិច្ចពិគ្រោះ យោបល់នៅថ្នាក់រាជធានី ខេត្ត ទី៣. កិច្ចពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងអង្គការមិន​មែនរដ្ឋាភិបាល ទី៤. ការរៀបចំ និងការប្រពឹត្តទៅនៃក្រុមការងារបច្ចេកទេសចម្រុះ។ និងទី៥. ការ​រៀបចំសូចនាករតាមដានរួមគ្នាឆ្នាំ២០១៩-២០២៣ ក្នុងគោលដៅពង្រីកវិសាលភាព និង​ផ្តល់កាលានុវត្តភាពដល់គ្រប់តួអង្គអភិវឌ្ឍន៍ទាំងអស់បានចូលរួមពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍ ពិភាក្សាបញ្ហាប្រឈម ព្រមទាំងកំណត់សកម្មភាពគន្លឹះ ដើម្បីសម្រេចលទ្ធផល នៃកិច្ច សហប្រតិបត្តិការក្នុងការអភិវឌ្ឍ។

ក្នុងកិច្ចប្រជុំសម្រាប់ពិភាក្សាលើសេចក្តីណែនាំសម្រាប់អនុវត្តន៍ ឧបករណ៍ និងយន្តការ​ពិគ្រោះយោបល់នៃយុទ្ធសាស្រ្តស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង​ភាពជាដៃគូឆ្នាំ២០១៩-២០២៣ ដែលរៀបចំដោយគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានមានប្រសាសន៍ថា សេចក្តីណែនាំទាំង៥នោះ កំណត់ឡើង ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកៀរគរ និងសម្របសម្រួល ហិរញ្ញ ប្បទានសហប្រតិបត្តិការសម្រាប់ការអនុវត្តគោលនយោបាយ ឬផែនការតាមវិស័យ និងកម្ម វិធីកែទម្រង់ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤, និងគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពកម្ពុជា។ ម្យ៉ាងទៀតដើម្បីលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃភាពជា ដៃគូ និងធានាបានការចូលរួមប្រកបដោយបរិយាប័ន្ន, និងលើកកម្ពស់ស័ក្តិសិទ្ធិភាព និង សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ នាពេលអនាគត។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ក្នុង​សេចក្តីណែនាំនីមួយៗបានកំណត់នូវគោលបំណង, គោលការណ៍, កិច្ចការអាទិភាព, និង យន្តការស្ថាប័នសម្រាប់អនុវត្តន៍ និងដើម្បីពង្រឹងប្រសិទ្ធភាព និងរបៀបអនុវត្តន៍ការងារ ដែល ស្របទៅនឹងបរិការណ៍នៃកិច្ចអភិវឌ្ឍន៍កម្ពុជាកំពុងមានការវិវត្តឈានឡើង។

សូមបញ្ជក់ថា យុទ្ធសាស្រ្តស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១៩-២០២៣ ត្រូវបានសម្រេចដាក់ឱ្យអនុវត្តន៍ជាផ្លូវការ តាមរយៈសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា លេខ ០៣ សសរ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។ គោលដៅចម្បង នៃយុទ្ធសាស្រ្តនេះ គឺបន្តលើកកម្ពស់ស័ក្តិសិទ្ធិភាពក្នុងកិច្ចអភិវឌ្ឍន៍ ក្នុងបរិការណ៍នៃការប្រែ ប្រួលឆាប់រហ័សនៃនិម្មាបនកម្មសកលនិងក្នុងប្រទេស សម្រាប់រួមចំណែកគាំទ្រដល់ការអនុវត្ត គោលដៅអាទិភាព ក្នុងកិច្ចអភិវឌ្ឍន៍ជាតិដែលមានចែងក្នុងយុទ្ធសាស្រ្តចតុកោណ-ដំណាក់​កាលទី ៤ ៕

ដោយ គង់ សិរីរ័ត្ន