លោកជំទាវ​ ម៉ាណ ណាវី ផ្ដល់អំណោយមនុស្សធម៌ជាអង្ករ​ចំនួន៤តោន ដល់សាលារៀនឥស្លាមកម្រិត២ អាន់នៀកម៉ះ ភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ — ​នៅក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១០៨ ឆ្នាំ២០១៩ លោកជំទាវ  ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ​ បានអញ្ជើញជួបសំណេះ សំណាលជាមួយសិស្សានុសិស្សនារីខ្មែរឥស្លាមចំនួន១៧០នាក់ និងនាំយកអំណោយជា សម្ភារសិក្សា និងអង្ករចំនួន០៤តោន​ ដើម្បីជួយឧបត្ថម្ភដល់សាលានេះ កាលពីព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ​នៅសាលារៀនឥស្លាម កម្រិត២ អាន់នៀក ម៉ះភ្នំពេញ​ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ១​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

នាឱកាសនោះដែរ លោកជំទាវក៏បានផ្តាំផ្ញើ ដល់ប្អូន ក្មួយៗជាសិស្សានុសិស្សៗ​ ដែលជាទំពាំងស្នងឫស្សីទាំងត្រូវខិតខំរៀនសូត្រ​ និងជៀសចេញឱ្យឆ្ងាយ ពីគ្រឿងញៀន​ ជាពិសេសប្អូនៗសិស្សានុសិស្ស​ ជានារីឥស្លាមផង នោះត្រូវតែប្រកាន់ខ្ជាប់ នៅកិរិយាមាយាទ តាមច្បាប់សាសនា ឱ្យបានខ្ជាប់ខ្ជួនជានិច្ច។ ដោយឡែកសម្រាប់ ព្រះរាជាណាចក្រកម្ពុជា យើងក៏បានជ្រើសរើសយក​ប្រធានបទ  លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើ​ម្បី​​អភិវឌ្ឍន៍​ធនធានមនុស្ស ជាប្រធានបទមួយ ដែលមានអត្ថន័យ យ៉ាងជ្រាល​ជ្រៅសម្រាប់យើងទាំងអស់គ្នា ដើម្បីរួមចំណែកធ្វើឱ្យមានសន្តិភាព សន្តិសុខ និងវឌ្ឍនភាព យូរអង្វែងរបស់សង្គមជាតិ។លោកជំទាវបន្តថា ប្រធានបទនេះ​ត្រូវបានជ្រើសរើសយកមក ចំពេលដែលប្រទេស ជាតិយើងកំពុងមានសុខ​សន្តិភាព និងស្ថិរភាព​នយោបាយ ដែលជាគ្រឹះនៃការអភិវឌ្ឍ ប្រទេសជាតិ និងស្របពេល ដែលតម្លៃ និងកិត្តិយស​របស់​ស្ត្រីក្នុងប្រទេសយើង​ត្រូវបានលើកតម្កើង ដោយរាជរដ្ឋាភិបាល ជាពិសេសការលើក​កម្ពស់សិទ្ធ ស្ថានភាព ជីវភាព ឋានៈ និងតួនាទីរបស់ស្រ្តីក៏ដូចជា​សុខុមាល ភាពសង្គម ដោយធ្វើការទប់ស្កាត់​ និងលុបបំបាត់អំពើហិង្សាលើស្ត្រី ព្រម​​​ទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី៕

ដោយ សួស សំរិត