ស្នងការ​ដ្ឋាន​នគរបាលខេត្តព្រះសីហនុ ប្រារឰពិធីអបអរសាទរទិវាសិទ្ធិនារី អន្តរជាតិ​ ៨មីនា ខួប​លើក​ទី​១​០​៨ ឆ្នាំ​២០១៩

AKP ​ព្រះសីហនុ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ — នៅ​ព្រឹក​ថ្ងៃ​ពុធ ១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ​២០១៨​  នៅ​ស្នងការ​ដ្ឋាន​នគរ បាលខេត្តព្រះសីហនុ ប្រារឰពិធីអបអរសាទរទិវាសិទ្ធិនារី អន្តរជាតិ​ ៨មីនា ឆ្នាំ​២០១៩ ខួប​លើក​ទី​១​០​៨ ក្រោម​ប្រធានបទ «លើក​កម្ពស់​សមភាព​យេនឌ័រ​ និង​ការ​គាំ​ពារ​សង្គម​ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ។ ក្រោម​អធិបតីភាព​លោក​ឧត្តម​​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការនគរបាលខេត្ត​ព្រះសីហនុ​ ដោយ​មាន​ការចូលរួមពីនារី ជាមន្ត្រីនគរ បាលខេត្តព្រះសីហនុគ្រប់ការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង ស្រុក​ ជាច្រើនរូបទៀត​។

លោកស្រី​ឧត្តម​សេនីយ៍​ត្រី​ ប៉ែន​ កញ្ញា​ ស្នងការ​រង​ ទទួលការងារយេនឌ័រប្រឆាំង ការជួញដូរមនុស្ស និង​ការពារ​អនីតិជន​ បាន​លើក​ឡើង​អំពី​ប្រវត្តិ​ទិវា​សិទ្ធិ​នារីអន្តរ​ជាតិ ៨មីនា កាល​ពី​ជាង​មួយ​រយ​ឆ្នាំ​មុន​ ក្នុង​ឆ្នាំ​១៩​១១ នារី​ល្បី​ល្បាញ​ ៣រូប នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ បាន​ក្រោកឈរ ឡើងធ្វើការតវ៉ាទាមទារសិទ្ធិស្មើភាព​គ្នា​ រវាង​បុរស​ និងនារី ដោយ​ភ្ជាប់​ជាមួយ​នូវ​ពាក្យ​ស្លោក៖ ១​ថ្ងៃ​ធ្វើការ​ ៨ម៉ោង ធ្វើការ​ស្មើគ្នា​ បៀវត្សរ៍​ស្មើគ្នា​ និង​ការពារ​សុខ​ភាព​មាតា និងទារក។

លោកស្រី ក៏បាន​លើក​ឡើង​អំពី​ស្នាដៃ និងសមិទ្ធផល​នានា​របស់​បងប្អូន​នារី​នគរបាល​ខេត្ត​ព្រះសីហនុ រយៈពេលមួយឆ្នាំកន្លងមកនេះ បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម ក្នុង​កិច្ច​ការពារ​ថែរក្សាសន្តិសុខ សណ្តាប់សាធារណៈ និង​បម្រើ​ការ​ងារ​រដ្ឋ​បាល​ផ្សេង​ៗ​នៅតាមអង្គភាព និងការិ យាល័យទទួលបានលទ្ធផលផ្លែផ្កាល្អ។

លោក​ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ បាន​ថ្លែង​ការកោត​សរសើរ​ ចំពោះ​បងប្អូន​នារី​នគរបាល​ខេត្តព្រះសីហនុ ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ លើគ្រប់​វិស័យ​ធ្វើឱ្យការងារ​របស់​នគរបាល​ទទួលបានលទ្ធផលល្អប្រសើរក្នុងរយៈពេល ពេញមួយឆ្នាំកន្លងមកនេះ។

លោក​ស្នងការ​ ក៏បាន​បញ្ជាក់​ជូន​ចំពោះ​បងប្អូន​នារី​ ជាមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ក្នុងពេល​កំពុង​បំពេញ​ការងារ​អនុវត្ត​ន៍ច្បាប់​ចរាចរណ៍​ផ្លូវគោក ពេលជួបនឹងអ្នកបើកបរមាន​ជាតិ​ស្រវឹង សូមបងប្អូន ប្រើសីលធម៌​ឱ្យសមរម្យ អប់រំ ណែនាំដល់អ្នកបើកបរ ដែលមាន ជាតិស្រវឹងង  ដើម្បីចូលរួមកាត់បន្ថយការសេពគ្រឿងស្រវឹងទៅពេលបើកបរ ដើម្បីសុវត្ថិភាព ផ្ទាល់ខ្លួន និងក្រុម​គ្រួសារ​ ក៏ដូចជាសេចក្តីសុខអ្នករួមដំណើរ​ផងដែរ​៕

ដោយ ងូ សុមុនី