អង្គការជនពិការកម្ពុជាផ្សព្វផ្សាយផែនការមេអាស៊ានឆ្នាំ២០២៥ និងអបអរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា​ ឆ្នាំ២០១៩​ — អង្គការជនពិការកម្ពុជាបានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ផែនការមេអាស៊ាន ឆ្នាំ២០២៥ និងអបអរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ដោយមានការ អញ្ជើញចូលរួមពីសំណាក់លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី។

លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិអង្គការជនពិការកម្ពុជាថ្លែងថា សិក្ខាសាលាផ្សព្វ ផ្សាយស្តីពី ផែនការមេអាស៊ាន ឆ្នាំ២០២៥ និងអបអរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ ក្រោមប្រធានបទ«លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» របស់អង្គការជនពិការ ដែលមានការចូលរួមពីតំណាងក្រសួង មន្ទីរពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គការជាតិ អន្តរជាតិ ប្អូនៗយុវជន និងបងប្អូនជនមានពិការភាពថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ និងផ្សព្វផ្សាយ ផែនការមេអាស៊ាន ឆ្នាំ២០២៥ ក្នុងគោលបំណងលើកកម្ពស់ការអនុវត្តសុខមាលភាព របស់ជនពិការភាពទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។

លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា ប្រធានបទសិក្ខាសាលាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សិក្ខាកាម ហើ​យ​ស្របពេលដែលក្រសួងកិច្ចការនារីបានប្រារព្ធទិវានារីអន្ត​រ​ជាតិ ៨មីនា កាលពីម្សិលមិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ក្រសួងកិច្ចការនារីតែងតែប្រារព្ធ ទិវានារីអន្តរជាតិ ៨មីនា ជារៀងរាល់ឆ្នាំដើម្បីរម្លឹកអំពីវីរភាពតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាម​ទារឱ្យមានការលើកកម្ពស់សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្ត្រី នៅក្នុងសង្គម  ហើយគ្រប់ទីកន្លែង គ្រប់ពេលវេលាយើងខ្ញុំមិនដែលភ្លេចទេស្ត្រី ជាជនពិការ ដែលទាំងអស់គ្នាត្រូវតែផ្តល់ឱកាសឱ្យពួកគាត់បានចូលរួម មិនមែនសម្រាប់តែស្ត្រីភ្លឺភ្នែក ស្រ្តីដែលមានកាយសម្បទាគ្រប់គ្រាន់នោះទេ សម្រាប់ស្ត្រីដែលជាជនមាន ពិការភាព ក៏យើង​ត្រូវផ្តល់ឱកាសឱ្យពួកគាត់បានចូលរួមទាំងអស់គ្នា ដែលនេះបង្ហាញពីការយកចិត្តទុក ដាក់មួយដល់ជនមានពិការភាពជាស្ត្រី។

លោកជំទាវបញ្ជាក់ថា ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំនេះ ប្រទេសកម្ពុជាយើង បានលើកប្រធានបទ«ការលើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បី អភិវឌ្ឍន៍ធនធានមនុស្ស»។ ប្រធានបទនេះបានរំលេចនូវការវិនិយោគលើសមភាពយេនឌ័រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោ​ម​ការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅអភិវឌ្ឍន៍សង្គមប្រកបដោយសមធម៌ និងបរិយាប័ន្ន ដោយមិនទុកនរណាម្នាក់ ឱ្យនៅឯកកោ ព្រមទាំងធានាថា ស្ត្រី ក្មេងស្រី និងក្រុមជនងាយរងគ្រោះ ជាពិសេសជន ដែលមានពិការភាពឱ្យទទួលបានផលប្រយោជន៍ពីកំណើ​ន​សេដ្ឋកិច្ចដ៏រឹងមាំ និងប្រកប ដោយចីរភាព។

ទាក់ទងនឹងផែនការមេរបស់អាស៊ាន ដែលជាប្រធានបទលើកឡើង ដោយអង្គការជនពិការកម្ពុជា ជាប្រធានបទមួយមានសារៈសំខាន់ផងដែរ សំដៅលើកកម្ពស់សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការលើកកម្ពស់អភិបាលកិច្ចល្អ និងការគោរពនីតិរដ្ឋ ដោយគ្មានការរើសអើង ប្រកាន់វណ្ណៈ ព័ណ៌សម្បុរ ភេទ ឬបញ្ហាមានពិការភាពនោះឡើយ ដែលគោលដៅនេះរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងបន្តសកម្មភាពផ្តល់អាទិភាព ទៅលើការអនុវត្តគោលនយោបាយជាតិ ចំពោះជនដែលមានពិការភាព ការពង្រឹងការអនុវត្តច្បាប់ទាំងឡាយ ដែលផ្តល់ផលប្រយោជន៍ និងជួយសម្រ​​បសម្រួលដល់បងប្អូនជនដែលមានពិការភាព៕

ដោយ ប៉ាល់ សុង