ខេត្តក្រចេះប្រារព្ធមិទ្ទីងខួបអនុស្សាវរីយ៍លើកទី១០៨ ទិវានារីអន្តរជាតិ ៨ មីនា

AKP ក្រចេះ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ — ខេត្តក្រចេះបានប្រារព្ធមិទ្ទីងខួបអនុស្សា វរីយ៍លើកទី ១០៨ ទិវានារីអន្តរជាតិ ៨ មីនានៅព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិ ស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនាឆ្នាំ ២០១៩ ដោយមានការអញ្ជើញចូលរួមពីឯក ឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្ដម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត និងបងប្អូននារីៗជាថ្នាក់ដឹកនាំ ភរិយាថ្នាក់ ដឹកនាំជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកមុខអ្នកការ ជាង៥០០នាក់។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានលើកឡើងថា បងប្អូនស្ត្រីគ្រប់រូប មានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ នៅក្នុងក្រុមគ្រួសារ និង សង្គមជាតិ ហើយក៏ជាឆ្អឹងខ្នងសេដ្ឋកិច្ចក្នុងគ្រួសារផងដែរ។ ដោយកត្តាទាំងនេះហើយដែល ធ្វើឱ្យ បងប្អូនស្ត្រីយើង គ្រប់រូប ត្រូវមានស្មារតីចូលរួមក្នុងការថែរក្សា ការពារសន្តិភាព ព្រមទាំងធ្វើការប្រឆាំងដាច់ខាត នូវរាល់ឧបាយកល លិ្បចបោកបញ្ឆោតរបស់ក្រុមជន ដែលមានមហិច្ឆិតា ក្នុងការប៉ង់ប៉ងបំផ្លាញនូវសន្តិភាពនៅកម្ពុជា ដែលសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែង ស្វែងរកទាំងលំបាកអស់រយៈពេលជាច្រើនឆ្នាំមកនោះ។

ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា ប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» នៅក្នុងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១០៨ នៃទិវានារីអន្តរជាតិ ៨ មីនា នាពេលនេះ គឺក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិ ភាព និងការលើកកម្ពស់វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាននិងកំពុង គាំទ្រជំរុញឱ្យ មានការចូលរួមពីគ្រប់ស្ថាប័ន ទំាងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើក កម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទី របស់ស្ត្រីក៏ដូចជាសុខុមាលភាពសង្គមដោយ ធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី៕


ដោយ ជួន សុជាតិ