គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងរៀបចំបណ្ដុះបណ្ដាល អប់រំដល់​សិស្សានុ​​សិស្សអំពីសុវត្ថិភាពចរាចរណ៍នៅតាមសាលាបឋមសិក្សាចំនួន៥៨សាលា

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ — ដោយមានកិច្ចសហការ និងឧបត្ថម្ភដោយមូលនិធីសមាហរណកម្មអាស៊ាន ជប៉ុននោះ គណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងរៀបចំការអប់រំបណ្តុះបណ្តាល និងផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ដល់សិស្សនៃសាលាបឋមសិក្សាសរុបចំនួន៥៨សាលា ដែលសិ្ថតតាម បណ្តោយផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៥។

ក្នុងពិធីបើកដំណើរការអនុវត្តគម្រោងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ក្រោមប្រធានបទ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” កាលពីព្រឹកថ្ងៃ ទី០៦ ខែមីនា ឆ្នាំ២០១៩ នៅសាលា បឋមសិក្សាច្បារអំពៅ១ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និង​ដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា គម្រោងនេះ នឹងរៀបចំឱ្យមានការបណ្តុះបណ្តាល កុមារឱ្យយល់ពីវិធានការ វិធីសាស្រ្តដែល អាចជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ ពិតជាអាចឱ្យ កម្លាំងទំពាំងស្នងឫស្សីនេះ មានការយល់ដឹងពីសុវត្ថិភាពចរាចរណ៍តាំងពីកុមារភាព ហើយ អាចនឹងពាំនាំទៅដល់មាតាបិតា សមាជិកក្នុងគ្រួសារក្មួយៗឱ្យយល់ និងអនុវត្តន៍ឱ្យបានម៉ឺង ម៉ាត់ក្នុងពេលធ្វើដំណើរតាមផ្លូវថ្នល់ ដើម្បីអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់។ លោកជំទាវបានលើកទឹកចិត្ត និងសំណូមពរឱ្យក្មួយៗជាសិស្សានសិស្ស ទាំងអស់ ខិតខំឈ្វេងយល់ត្រងត្រាប់​នូវវិធានសំខាន់ៗនៅក្នុងការបណ្តុះបណ្តាល ហើយសុំ​ក្មួយៗក្លាហានក្នុងការសួរនូវអ្វីដែល​មិនច្បាស់នៅក្នុងបទបង្ហាញ និងលើកអំពីអ្វីដែលជាបញ្ហា ប្រឈមដើម្បីរួមគ្នាជួយកាត់បន្ថយ គ្រោះថ្នាក់ចរាចរឱ្យមានប្រសិទ្ធភាពខ្ពស់ ។

លោកជំទាវបានលើកឡើងថា តាមការសិក្សាស្រាវជ្រាវក្នុងរបាយការណ៍ប្រព័ន្ធ ព័ត៌ មានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរបង្ហាញឱ្យឃើញថាក្នុងចំណោមអ្នកស្លាប់ ក្នុងនោះ​កុមារមានប្រមាណ៩ភាគរយ។ លោកជំទាវបានលើកឡើងថា ផ្អែកលើមូលហេតុទាំង នេះ ទើបរាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមាននាយកដ្ឋាន​សុវត្ថិភាពចរាចរណ៍ជាអង្គភាពតំណាងបានដាក់សំណើសុំគម្រោងនេះ ពីមូលនិធីសមាហរ ណកម្មអាស៊ាន ជប៉ុន ដើម្បីអប់រំកុមារនៃថ្នាក់បឋមសិក្សា ដើម្បីឱ្យក្មួយៗមានចំណេះដឹង អំពីសុវត្ថិភាពចរាចរណ៏តាំងពីកុមារភាពជាមូលដ្ឋានរឹងមាំសម្រាប់ធានាសុវត្ថិភាពពីភាពជា កុមារផង និងកាន់តែច្បាស់លាស់បន្ថែមនៅពេលដែលកុមារក្លាយជាយុវជន និងក្លាយជាប្រជា ពលរដ្ឋពេញលេញនៅថ្ងៃអនាគត ដើម្បីរួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរ ឱ្យនៅកម្រិតទាបបំផុត ឬលប់បំបាត់តែម្តងតាមដែលអាចធ្វើបាន។

លោកជំទាវបានគូសបញ្ជាក់ថា បច្ចុប្បន្នគ្រោះថ្នាក់ចរាចរនៅតែជាកង្វល់ដ៏ធំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដោយសារតែបញ្ហានេះនៅតែកើតមានជារៀងរាល់ថ្ងៃ បណ្តាលឱ្យមាន អ្នកស្លាប់ របួស ពិការ និងខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើន ខណៈដែលផ្លូវស្ពាន គ្រប់ទីកន្លែងត្រូវបាន សាងសង់ខ្វាត់ខ្វែងសម្រួលដល់ចរាចរណ៍ដឹកជញ្ជូនបម្រើឱ្យគ្រប់ផ្នែក គ្រប់វិស័យនៃតម្រូវការរបស់ប្រជាពលរដ្ឋ និងរបស់ប្រទេសជាតិទាំងមូល។

លោកជំទាវក៏បានណែនាំដល់សិស្សានុសិស្សពេលដែលបានទទួលបាននូវចំណេះដឹង និងបានយល់ហើយកុំភ្លេចបន្តណែនាំដល់មិត្តភក្តិ បងប្អូន ឪពុកម្តាយ មាមីង លោកយាយ​លោកតាឱ្យគាត់ប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរតាមដងផ្លូវ គឺកុំបើកបរលើសល្បឿនកំណត់ មុននឹងវាជែង ឬបត់ ឬឆ្លងផ្លូវត្រូវមើលឆ្វេងស្តាំឱ្យច្បាស់ប្រាកដថាមិនមានអ្វីនៅខាងមុខទេ។

លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹក ជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងយុទ្ធនាការអប់រំ ផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា ក្រោមប្រធាន បទ បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ គឺជាជាគំនិតផ្លូចផ្ដើមដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបានការឧបត្ថម្ភគាំទ្រលើការងារអនុវត្តន៍គម្រោង ដោយអង្គការមូល និធិសមាហរណកម្មជប៉ុន អាស៊ាន និងសម្របសម្រួលការងារដោយនាយកដ្ឋានសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។ លោកបានបន្ដថា យុទ្ធនាការនេះ នឹងផ្តល់ការបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍សម្រាប់កុមារ ដល់សិស្សានុសិស្ស និង លោកគ្រូ អ្នកគ្រូនៅតាមសាលាបឋមសិក្សា តាមផ្លូវជាតិលេខ១ ចំនួន ១៨សាលា និងផ្លូវជាតិ លេខ៥ចំនួន៤០សាលា។ លោកបានបន្ដទៀតថា គោលបំណងនៃការរៀបចំយុទ្ធនាការអប់រំ ផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្សនេះ គឺដើម្បីចូលរួម ពញ្ញាក់ស្មារតី អ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់លើសុវត្ថិភាពថ្មើរ ជើង ជាពិសេសកុមារ ក្នុងការលើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាពចរាចរណ៍របស់កុមារ នៅតាម សាលាបឋមសិក្សា ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរ នៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនេះ គម្រោងនេះ ក៏ចូលរួមបង្កើនការអប់រំ និងផ្សព្វផ្សាយដល់ថ្នាក់​មូលដ្ឋាន កៀរគរធន​ធានក្នុងការចូលរួមអនុវត្តន៍សកម្មភាពអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ឱ្យកាន់តែច្រើន​ថែមទៀត ជាពិសេសលើកកម្ពស់ការចូលរួម និងការយកចិត្តទុកដាក់លើ ការងារសុវត្ថិភាព ចរាចរណ៍ពីគ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន ដើម្បីចូលរួម ការពារអាយុជីវិតកុមារកម្ពុជាគ្រោះថ្នាក់ចរាចរ។

លោកបានបន្ថែមទៀតថា ក្រោយពីបញ្ចប់គម្រោងយុទ្ធនាការនេះ សង្ឃឹមថា សិស្សានុ សិស្សនឹងទទួលបានចំណេះដឹងស្តីពីច្បាប់ចរាចរណ៍ និងវិធានសុវត្ថិភាពសំខាន់ៗ ដែលត្រូវ យល់ដឹងសិស្សានុសិស្សដែលបានចូលរួម និងគោរពច្បាប់ចរាចរណ៍ ព្រមទាំងចេះចែករំលែក ចំណេះដឹងដែលខ្លួនទទួលបានពីការបណ្តុះបណ្តាល យកទៅផ្សព្វផ្សាយដល់ញាតិមិត្ត ក្រុម គ្រួសារ មិត្តភក្តិរបស់ខ្លួនបន្ត៕

ដោយ អ៊ុន រិទ្ធី