អ្នកជំនាញផ្នែកសេដ្ឋកិច្ចលើកឡើងថា ការបង្កើតច្រកអន្តរជាតិ​បន្ថែម​រវាង​កម្ពុជា-ឡាវ នឹង ជំរុញ​កំណើនភ្ញៀវទេសចរឱ្យកាន់តែច្រើន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ — កម្ពុជា-ឡាវ កំពុងសិក្សាពីលទ្ធភាពក្នុងការបង្កើតច្រកទ្វារអន្តរជាតិបន្ថែមទៀតរវាងប្រទេស ទាំងពីរ ខណៈដែលបច្ចុប្បន្នប្រទេសទាំងពីរគឺមានតែច្រកអន្ដរជាតិតែមួយប៉ុណ្ណោះ ស្ថិតនៅ​ខេត្ត​​ស្ទឹងត្រែង។ ត្រង់ចំណុចនេះ អ្នកជំនាញផ្នែកសេដ្ឋកិច្ចកម្ពុជា បានលើកឡើងថា ការបើក​ច្រកអន្ដរជាតិបន្ថែមទៀត នឹងជួយជំរុញកំណើនភ្ញៀវទេសចរមកកាន់ប្រទេសទាំងពីរ កាន់​តែច្រើនឡើងថែមទៀត។

លោកបណ្ឌិត គី សេរីវឌ្ឍ បណ្ឌិតផ្នែកសេដ្ឋកិច្ច និងជាអ្នកស្រាវជ្រាវនៅរាជ្យបណ្ឌិត សភាកម្ពុជា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP ឱ្យដឹងនៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះថា បើនិយាយពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរពេលបច្ចុប្បន្ននេះ គឺមិន ទាន់មានអ្វីជាធំដុំនៅឡើយនោះទេ ប៉ុន្ដែបើនិយាយពីបញ្ហាភ្ញៀវទេសចរឃើញថា មានចំនួន​ច្រើនដែលឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។ លោកបណ្ឌិតបានបន្ដថា ច្រកព្រំដែនថ្មីដែល​ភាគីទាំងពីរកំពុងសិក្សាដើម្បីបង្កើតបន្ថែមទៀតនោះ នឹងជួយជំរុញកំណើនភ្ញៀវទេសចររវាង ប្រទេសទាំងពីរកាន់តែច្រើនបន្ថែមទៀត។ ជាក់ស្តែង តាមការសង្កេតឃើញថា ពេលបច្ចុប្បន្ន​កំណើនភ្ញៀវទេសចរចេញ-ចូលពីឡាវមកកម្ពុជាមានច្រើនជាងខាងកម្ពុជាធ្វើដំណើរ ទៅកាន់ ប្រទេសឡាវ។ លោកបណ្ឌិតបានលើកឡើងថា ការបង្កើតច្រកទ្វារអន្តរជាតិបន្ថែមទៀតនេះ នឹងធ្វើឱ្យការគ្រប់គ្រងបញ្ហាគ្រឿងញៀនឆ្លងដែនដែលហូរចូលមកកាន់កម្ពុជាពីខាងភាគីឡាវ នឹងកាត់បន្ថយបានច្រើនផងដែរ។

លោកបណ្ឌិតបន្ថែមថា កម្ពុជា និងឡាវ គួរតែពិភាក្សាគ្នាបន្ថែមទៀតលើកិច្ចសហ ប្រតិបត្តិការពាណិជ្ជកម្មរវាងភាគីទាំងពីរ បន្ទាប់ពីច្រកទ្វារអន្តរជាតិត្រូវបានបង្កើតបន្ថែម ទៀតនោះ។

សូមជម្រាបថា បច្ចុប្បន្ននេះ កម្ពុជា និងឡាវ មានច្រកទ្វារព្រំដែនអន្តរជាតិតែមួយ ប៉ុណ្ណោះគឺច្រកត្រពាំងគ្រៀល-ណងណុងឃៀន ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។ ជាមួយគ្នា នេះដែរ ប្រទេសទាំងពីរ ក៏រំពឹងដែរថា ច្រកទ្វារអន្តរជាតិទ្វេភាគីដែលប្រទេសទាំងពីរ គ្រោង បង្កើតបន្ថែមទៀត នឹងជួយសម្រួលការធ្វើដំណើរ ការផ្លាស់ប្តូរពាណិជ្ជកម្ម ដែលជា​ទិសដៅ សំខាន់នៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានព្រមព្រៀងគ្នា៕

ដោយ ចាន់ សុធីវង្ស