អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម អះអាងថា ក្រសួងត្រៀមរួចជាស្រេច ដើម្បីផ្តល់ការបំភ្លឺជូនដល់​គណៈកម្មការអឺរ៉ុប

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ — បើគ្មានអ្វីប្រែប្រួលនោះទេ ក្រុមការងាររបស់គណៈកម្មការអឺរ៉ុប នឹងមកជជែកជាមួយភាគី​កម្ពុជាលើការងារព្យួរប្រព័ន្ធអនុគ្រោះពន្ធ ហៅកាត់ថា EBA ក្នុងអំឡុងខែមីនា និងខែ មេសាខាងមុខនេះ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា អះអាងថា ក្រសួងត្រៀមរួច រាល់ហើយ ដើម្បីជជែកលើបញ្ហានេះជាមួយក្រុមការងារគណៈកម្មការអឺរ៉ុប។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្រសួងបានត្រៀមឯក​សារពាក់ព័ន្ធដើម្បីធ្វើការឆ្លើយតបទៅនឹងអ្វីដែលគណៈកម្មការអឺរ៉ុបនេះចង់បាន ឬចង់ឱ្យ ធ្វើការបំភ្លឺនោះ។ ឯកឧត្តមបានលើកឡើងថា ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចាត់តាំង និងធ្វើការបែងចែកក្រុមការងាររបស់ក្រសួងរួចរាល់ ហើយដើម្បីជជែកពិភាក្សាជាមួយគណៈកម្មការអឺរ៉ុប។ ឯកឧត្តមបានបន្តថា កម្ពុជានឹងធ្វើការ ពន្យល់បកស្រាយ និងឆ្លើយតបទៅនឹងអ្វីដែលខាងគណៈកម្មការអឺរ៉ុបចង់ឱ្យយើងពន្យល់ ឬធ្វើ​ការចោទប្រកាន់មកលើកម្ពុជា ជាពិសេស អ្វីដែលពួកគេចង់ដឹង យើងនឹងធ្វើការបង្ហាញ។

សូមជម្រាបថា គណៈកម្មការសហភាពអឺរ៉ុប បានប្រកាសអំពីដំណើរការនីតិវិធីព្យួរ​បណ្តោះអាសន្នប្រព័ន្ធអនុគ្រោះពន្ធចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ ក្នុងដំណាក់កាល​ដំបូងរយៈពេល៦ខែ គណៈកម្មការអឺរ៉ុប នឹងចុះមកសិក្សា និងប្រមូលព័ត៌មានផ្សេងៗពីកម្ពុជា ហើយកំឡុងពេលនេះ ក៏ជាឱកាសមួយផងដែរ សម្រាប់កម្ពុជាក្នុងការជជែក និងបង្ហាញ​ភស្តុតាង​នានា ដើម្បីតវ៉ាចំពោះការចោទប្រកាន់ទាំងឡាយរបស់គណៈកម្មការអឺរ៉ុប៕

ដោយ ចាន់ សុធីវង្ស