ឯកឧត្តម កែ គឹមយ៉ាន ជំរុញមន្ត្រីទាំងអស់នៅខេត្តបន្ទាយមាន​ជ័យ ឱ្យខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ

AKP បន្ទាយមាន​ជ័យ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ​និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យបានជំរុញដល់ មន្ត្រីអាជ្ញាធរ​គ្រប់ជាន់ថ្នាក់ទាំងអស់នៅទូទាំងខេត្ត ឱ្យខិតខំប្រឹងប្រែងបម្រើសេវាជូនប្រជា ពលរដ្ឋ​ឱ្យបានល្អ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត។

ការថ្លែងក្រើនរម្លឹកបែបនេះក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨និងលើកទិសដៅការងារសម្រាប់អនុវត្តន៍ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃពុធ​១ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ​នេះ។

ឯកឧត្តមបានលើកឡើងថា ការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិជាការងារដ៏មាន​សារៈសំខាន់ តាមរយៈការប្រមូលផ្តុំ ការផ្តល់សេវារដ្ឋបាលលើវិស័យនានា នៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលនិងឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់របស់ប្រជា​ពលរដ្ឋយើង។

ឯកឧត្តមឧបនាយរដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តទៀតថា ការផ្តល់សេវានេះ បានចូលរួមលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវានិងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោម ជាតិក្នុងការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធទៅនឹងការ​ផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាល នៅថ្នាក់ក្រោមជាតិប្រកបដោយតម្លាភាព គណនេយ្យភាពនិងប្រសិទ្ធភាពសំដៅ បង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋដែលមកទទួលសេវានោះ។

ឯកឧត្តមបានជំរុញអាជ្ញាធរនៅគ្រប់មូលដ្ឋានរួមនិងក្រុមការងារគ្រប់ជាន់ថ្នាក់ត្រូវបន្តចុះជួបជាមួយប្រជាពលរដ្ឋនិងពិនិត្យដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដែល​កំពុងប្រឈម និងដោះស្រាយកង្វល់របស់គាត់ មានបញ្ហាប្រឈមការខ្វះទឹកនៅ​រដូវប្រាំងនេះបញ្ហាគ្រឿងញៀនល្បែងស៊ីសងនិងសន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដើម្បីធានាប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈនិងសេវាតម្រូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលានោះ។ ទន្ទឹមនឹងនោះត្រូវជំរុញឱ្យទាំងអស់គ្នាចូលរួមអនុវត្តន៍គោល​នយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឱ្យកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ថែមទៀត​៕

ដោយឈុនសារ៉ាត