ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដល់នាយទាហាន ពលទាហាន

AKP ឧត្តរមានជ័យ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ -ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្កហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដល់នាយទាហាន ពលទាហាន តំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជយ័ ។

ពិធីនេះរៀបចំដោយមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចខេត្តឧត្តរមានជ័យ កាលពីថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ។

ឯកឧត្តម ស៊ុំ រុំ បានមានប្រសាសន៍ថា គ្រឿងញៀនជាបញ្ហាប្រឈមមួយដ៏ស្មុគស្មាញនិងជាកង្វល់របស់រាជរដ្ឋាភិបាលដែលត្រូវរកវិធានការទប់ស្កាត់ និងដោះស្រាយឱ្យបានទាន់ពេលវេលា។ ឯកឧត្តមបានបន្តថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់សហការគ្នាទប់ស្កាត់នូវរាល់អំពើខុសច្បាប់ទាំងឡាយដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីរក្សានូវសន្តិសុខ សណ្តាប់ជូនប្រជាពលរដ្ឋឱ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ៕

ដោយ ទិត ស្រ៊