គណៈកម្មការទី១ នៃរដ្ឋសភាជួបសំណេះសំណាលពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ — គណៈប្រតិភូនៃគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភាជាតិ ដែលដឹកនាំដោយឯកឧត្តម ប៉ា សុជាតិវង្ស ប្រធាន គណៈកម្មការទី១ នៃរដ្ឋសភា បានជួបសំណេះសំណាលពិភាក្សាការងារ ជាមួយ គណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ទីរនានានៃរដ្ឋបាលខេត្ត អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរក្រុង ស្រុកមួយចំនួននៃខេត្តសៀមរាប ដែលពិធីជួបសំណេះសំណាលនេះ បានប្រព្រឹត្តិទៅកាលពីព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប។ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានធ្វើសេចក្តី រាយការណ៍ អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខសណ្តាប់ធ្នាប់ សេដ្ឋកិច្ច និងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបជូនដល់គណៈប្រតិភូរដ្ឋសភាជាតិ។ នៅក្នុង នោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់អំពីការអនុវត្តគោលនយោ បាយភូមិឃុំ មានសុវត្ថិភាព ដោយទទួលបានចំណាត់ថ្នាក់ល្អជាងគេទូទាំងប្រទេស។ ហើយឯកឧត្តមក៏ បានលើកឡើងផងដែរ អំពីវិស័យសេដ្ឋកិច្ចទេសចរណ៍ និងកសិកម្មនៅក្នុងខេត្តសៀមរាប ដែលជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍។

ឯកឧត្តម ប៉ា សុជាតិវង្ស បានលើកឡើងពីគោលបំណងក្នុងដំណើរបំពេញ បេសកកម្មនៅខេត្តសៀមរាបរបស់ក្រុមគណៈប្រតិភូសភារបស់ឯកឧត្តម គឺសំដៅសិក្សា ឈ្វេងយល់ឱ្យ កាន់តែស៊ីជម្រៅទៅលើបញ្ហាមួយចំនួន រួមមាន លើការអនុវត្តគោល នយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការអនុវត្តលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដោយផ្តោតទៅលើការអនុវត្តច្បាប់នៅថ្នាក់ក្រោមជាតិ ដើមី្បសំដៅដល់ ការអនុវត្តតួនាទីរបស់អាជ្ញាធរខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធនានា។ ហើយគណៈប្រតិភូ ក៏នឹងធ្វើការសិក្សាឈ្វេងយល់និងប្រមូលជាព័ត៌មានផងដែរ ដើមី្បជាមូលដ្ឋានគ្រឹះ ឆ្ពោះទៅធ្វើការដោះស្រាយប្រកបដោយសន្តិវិធី។ក្នុងនោះដែរឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានសង្កត់ធ្ងន់ទៅលើបញ្ហាដីធ្លី ដោយខេត្តសៀម រាប ជាគោលដៅនៃប៉ូលសេដ្ឋកិច្ចដ៏សំខាន់បន្ទាប់ពីក្រុងភ្នំពេញនិងខេត្តព្រះសីហនុ ដោយ ឯកឧត្តមបានបញ្ជាក់ថា គ្រប់ទីកន្លែងដែលមានកិច្ចអភិវឌ្ឍន៍រីកចម្រើន គឺមានចំណោទ បញ្ហាកាន់ តែច្រើន ដែលជាសត្យានុម័តនៅក្នុងសង្គម។ ហើយបញ្ហាដីធ្លីនេះជា កត្តាសំខាន់នៃចំណោទបញ្ហាដែលនៅគ្រប់មូលដ្ឋានត្រូវមានការប្រុងប្រយ័ត្ន័ខ្ពស់ ដោយបច្ចុប្បន្នមានក្រុមឆ្លៀតឱកាស ជ្រកក្រោមសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាខែល ក្នុងការអុចអាលដល់ប្រជាពលរដ្ឋ ឱ្យរំលោភបំពានកាប់ទន្ទ្រានយកដីរបស់រដ្ឋ និងបំផ្លាញធនធានព្រៃធម្មជាតិ។ មួយវិញ ទៀតក៏មានការពាក់ព័ន្ធដល់អង្គការសង្គមស៊ីវិល អ្នកមានអំណាច និងអ្នកមានទ្រព្យមួយចំនួន បានប្រើប្រាស់ប្រជាពលរដ្ឋជាមធ្យោបាយ ក្នុងការបំផ្លិចបំផ្លាញសម្បត្តិធម្មជាតិ។

ពាក់ព័ន្ធក្នុងរឿងដីធ្លីនេះដែរ លោក លី សំរឹទ្ធ អភិបាលរងខេត្តសៀមរាប ទទួលបន្ទុកគណៈកម្មាធិការដោះស្រាយដីធ្លី បានឱ្យដឹងថា នៅទូទាំងខេត្តសៀមរាបមានពាក្យបណ្តឹងដែលនៅសល់មិនទាន់បានដោះស្រាយមាន៣៣០ករណី ក្នុងនោះ១៨ករណីជាទំនាស់ធំៗ។ លោក លី សំរឹទ្ធ ក៏បានគាំទ្រនូវប្រសាសន៍លើកឡើងរបស់ឯកឧត្តមប្រធានប្រតិភូ ដែលថា ការបង្កឱ្យ មានករណីទំនាស់ដីធ្លីនេះកើតឡើង គឺដោយជ្រកក្រោមដំបូលសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយករណីទាំងនេះក៏ស្ថិតលើកត្តានយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍ ខ្លះៗផងដែរ៕

ដោយ​ហង្ស សៀក