ឯកឧត្តម ហង់ ជួនណារ៉ុន អញ្ជើញបើកវេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម នៅខេត្តក្រចេះ កាលពីព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩។

ការរៀបចំវេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម នៅខេត្ត ក្រចេះគឺធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ដោយមាន ការអញ្ជើញចូលរួមពីឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងគណៈប្រតិភូ យុវជនមកពីបណ្ដាប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម ប្រមាណ ៥៥នាក់។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិ បាលខេត្តក្រចេះ បានបញ្ជាក់ថា វត្តមានគណៈប្រតិភូមនៅទីនេះ គឺពិតជាមានសារៈសំខាន់ក្នុងការបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងយុវជនទាំង៣ប្រទេសឱ្យកាន់តែរឹងមាំ និងបន្តការបេ្តជ្ញាចិត្តរួមគ្នា ក្នុងការចែករម្លែក ផ្លាស់ប្ដូរបទពិសោធន៍ការងារក្នុងការអភិវឌ្ឍសេដ្ឋកិច្ច រួមចំណែក លើកកម្ពស់ស្ដង់ដា ជីវភាពរស់នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ទាំងមូល។ ឯកឧត្ដមអភិបាល ខេត្តបញ្ជាក់ថា ពិតណាស់យុវជនគឺគន្លឹះនិងមានតម្លៃ បំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្ដិភាពក្នុងពេលបច្ចុប្បន្ន និងអនាគត។

ថ្លែងបើកវេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍នៅខេត្តក្រចេះនាពេលនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ពីគោលដៅនៃការរៀបចំវេទិការនេះឡើងគឺ ដើម្បីពិនិត្យមើលទៅ តាមប្រធានបទទាំង៣ ដែលបានដាក់ចេញ គឺ យុវជននិងបច្ចេកវិទ្យា យុវជន នៅបំណិនសតវត្សរ៍ទី២១ និង យុវជននៃសហគ្រិនភាព។ ឯកឧត្ដមបណ្ឌិតសភាចារ្យបញ្ជាក់ថា ជាការពិតណាស់ ប្រទេសយើងទាំង៣ បានសហការគ្នាលើគ្រប់វិស័យតាំងតែពីអតីតកាលមកម្ល៉េះ ហើយជាពិសេសនៅដើមឆ្នាំ២០០០ ប្រទេសយើងទាំង៣បាន សម្រេចរៀបចំឱ្យមានកិច្ចជំនួបកំពូលរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំង៣ ដើម្បីបង្កើតជាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ក្នុងគោលដៅពង្រឹងខេត្តដែលជាប់ព្រំដែនទាំង៣ ដែលជាខេត្តមានលក្ខណៈមិនសូវ អំណោយផលខាងផ្នែកអភិវឌ្ឍ ន៍សេដ្ឋកិច្ច ដើម្បីជំរុញ ឱ្យមានកិច្ចសហប្រតិ បត្តិការនេះឡើង ក៏ដូចជាលើកកម្ពស់ការវិនិ យោគនៅក្នុងខេត្ត នៅតាមតំបន់ព្រំដែននៃប្រទេសទាំង៣។

ឯកឧត្តម បញ្ជាក់ទៀតថា តាមរយៈការដាក់ចេញនូវផែនការសកម្មភាពច្បាស់លាស់ ខាងផ្នែកការសាងសង់ ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៏ដូចជាអភិវឌ្ឍន៍ផ្នែក កសិកម្ម ឧស្សាហកម្ម យើងឃើញថា ក្នុងរយៈពេលប្រមាណជាង ១៥ ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណមាស បានប្រែមុខមាត់ ពីតំបន់មួយដែល ការអភិវឌ្ឍមានកម្រិតទាប ក្លាយជាតំបន់មួយមានការអភិវឌ្ឍខាងផ្លូវទូរគមនាគមន៍ដឹកជញ្ជូន ក៏ដូច ជាលើកកម្ពស់ពាណិជ្ជកម្មនៅតាមតំបន់ព្រំដែនផងដែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានបង្ហាញផងដែរថា ប្រធានបទដែលយើងពិភាក្សា ពេលនេះ គឺបង្ហាញពីការអភិវឌ្ឍឈានមួយកម្រិតទៀត នៃបណ្ដាខេត្តក្នុងប្រទេស នីមួយៗតាមតំបន់ព្រំដែនត្រីកោណមាស ដើម្បីអាចឱ្យ យុវជនយើងប្រើប្រាស់នូវ វឌ្ឍនភាពខាងផ្នែកបច្ចេកវិទ្យា ក្នុងការដោះស្រាយបញ្ហាផ្សេងៗនៅក្នុងតំបន់ ព្រំដែនប្រទេសទាំង៣ រួមមាន ការរកទីផ្សារ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីរកទីផ្សារ សម្រាប់កសិករតាមតំបន់ព្រំដែន ការប្រើប្រាស់នូវការសហការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសផ្តោតលើបំណិនទន់ សតវត្សទី២១ ដើម្បីលើកកម្ពស់នៃការអភិវឌ្ឍតំបន់ នីមួយៗតាមព្រំដែន ម្យ៉ាងវិញទៀតខាងផ្នែកសហគ្រិន ភាព មានគោលដៅដើម្បីបណ្តុះបណ្តាលឱ្យយុវជននៅតាមតំបនព្រំដែន ចេះបង្កើតសហគ្រាស ចេះលើកកម្ពស់ការអភិវឌ្ឍខាងផ្នែកសហគ្រាស ដើម្បីបង្កើតការងារសម្រាប់យុវជន នៅតាមតំបន់ព្រំដែននៃប្រទេសយើងទាំងបី៕

ដោយ ជួន សុជាតិ