ប្រមុខរាជរដ្ឋាភិបាលអំពាវនាវឱ្យសហគ្រាស ក្រុមហ៊ុនទាំងឡាយដែលមិនទាន់បានចុះបញ្ជី មកធ្វើការចុះបញ្ជីដើម្បីកម្មករទទួលលបានផលប្រយោជន៍

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានធ្វើការ​អំពាវ​នាវ ឱ្យបណ្ដា រោងចក្រ សហគ្រាស ក្រុមហ៊ុន និងកសិដ្ឋានទាំងឡាយដែលមិនទាន់​បាន​ចុះ​បញ្ជី ត្រូវតែមកធ្វើការចុះបញ្ជី ដើម្បីធានាថា កម្មករត្រូវបានទទួលនូវផលប្រ​យោជន៍​ពី​គោ​ល​​នយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលនោះ។ ក្នុងខណៈអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុ​ន​សែន ក្នុងមិទ្ទីងអបអរសាទរខួបទី ១០៨ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៩ ក្រោមប្រធាន​ប​ទ​« លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ដែលមាន​អ្ន​​ក​ចូលរួម​ប្រមាណជាង ៣០០០នាក់ នាព្រឹកថ្ងៃអង្គារ៍ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ នោះ សម្ដេចតេ​ជោ​​​ថ្លែ​ងថា ចាប់ផ្ដើមពីនយោបាយគាំពារសង្គមសម្រាប់ស្ត្រីមានផ្ទៃពោះ ចំណុចនេះគឺជា​ចំ​ណុ​ច​​ដែលយើងត្រូវតែអនុវត្តន៍ឱ្យបានហ្មត់ចត់ នូវអ្វីដែលយើងបាននិងកំពុងធ្វើរួចមកហើយ សម្រា​ប់​​ស្ត្រីដែលបម្រើមុខងារជាមន្ត្រីរាជការស៊ីវិល និងនៅក្នុងកងកម្លាំងប្រដាប់អាវុធ ត្រូវឱ្យពួក​គាត់​​បាន​ទទួ​លរបបឧបត្ថម្ភតាមការកំណត់របស់រដ្ឋ និងបានទទួលការឈប់សម្រាក​តាមច្បា​ប់​។​ សម្រាប់ស្ត្រីដែលជាកម្មការិនី ត្រូវតែអនុវត្តន៍ឱ្យបានហ្មត់ចត់ជាមួយនិង​ការឈប់សម្រាករយៈ​ពេ​ល​បីខែ ដោយទទួលបានប្រាក់បៀវត្សរ៍ ១២០ភាគរយ បូកនិងការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល​ចំនួន​៤០ម៉ឺនរៀលសម្រាប់កូនម្នាក់ កូនភ្លោះ ៨០ម៉ឺនរៀល និងកូនបីចំនួន ១២០ម៉ឺនរៀល បូកនិង​ជំនួយ​ឧបត្ថម្ភរបស់ខ្ញុំចំនួន ៥លានរៀលថែមទៀត។

សម្ដេចបានបន្តថា អ្វីដែលជាការអំពាវ​នា​វ​​របស់ខ្ញុំយ៉ាងទទូច សូមឱ្យបណ្ដាសហគ្រាស ក្រុមហ៊ុនទាំងឡាយដែលមិនទាន់បានចុះបញ្ជី ត្រូវ​តែធ្វើការចុះបញ្ជី ដើម្បីធានាថា កម្មករត្រូវបានទទួលនូវផលប្រយោជន៍​ពីគោលនយោបា​យ​​គាំពារសង្គម ដោយទទួលបាននូវការពិនិត្យព្យាបាលដោយឥតគិតប្រាក់ ហើយជាពិសេស​គឺ​សម្រាប់កម្មការិនី ដែលធ្វើការនៅទីកន្លែងនោះ ទទួលបាននូវអត្ថប្រយោជន៍ពីគោលន​យោ​បា​យគាំពារសង្គមរបស់រាជរដ្ឋាភិបាល សម្រាប់ស្ត្រីមានផ្ទៃពោះនិងឆ្លងទន្លេ។ សម្ដេចតេជោ​គូ​ស​បញ្ជាក់ថា  ចំណុចនេះខ្ញុំ​ស្នើ​ឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមគ្នាជាមួយ​ក្រសួង​កិច្ចការនារី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការពិនិត្យមើលថា ក្នុងករណី​ដែលក្រុ​ម​ហ៊ុននានា មិនទាន់បានចុះបញ្ជីទេ តើយើងអាចធ្វើទៅរួចទេ គឺធ្វើទៅមុនតែម្ដង ជាមួយ​និង​ការ​ចុះស្រង់ស្ថិតិសម្រាប់ស្ត្រីដែលជាកម្មការិនី​នៅតាមទីកន្លែងនានា ដើម្បីយើងផ្ដល់ប័ណ្ណ​ជូន​ពួក​គាត់ ដើម្បីផ្ដល់ការធានារ៉ាប់រងជាមួយនិងផលប្រយោជន៍របស់ពួកគាត់ នៅពេលដែលគាត់​ឆ្លង​ទន្លេ ឬពិនិត្យព្យាបាលដោយឥតគិតប្រាក់។ ដូច្នេះកន្លែងណាដែលអាច​ធ្វើបានមុនគួរ​តែ​ត្រូវ​ធ្វើ ដែលក្នុងនោះគឺចាប់ផ្ដើមពីស្ត្រីតែម្ដង។ ជាងនេះទៀតនៅពេលខាងមុខនេះ ក៏ជាដំណាក់​កា​ល ដែលយើងដាក់ឱ្យអនុវត្តន៍នូវនយោបាយគាំពារសង្គមសម្រាប់ស្ត្រីក្រីក្រ ដែលមានផ្ទៃពោះ និង​ឆ្លង​ទន្លេ គឺចាប់ពីពេលដែលមានផ្ទៃពោះ ត្រូវទទួលបានការឧបត្ថម្ភ ៤ដង រហូតដល់ពេល​ឆ្លង​ទន្លេ ហើយនៅពេលឆ្លងទន្លេត្រូវបានទទួលបានការឧបត្ថម្ភ ១ដង និងបន្ទាប់ពីការឆ្លងទន្លេ​រហូ​តដល់ទារកមានអាយុពីរឆ្នាំ ត្រូវទទួលបានការឧបត្ថម្ភចំនួន ១០ដងផ្សេងទៀត ដែលរាជ​រដ្ឋា​ភិ​បាលនឹងត្រូវបញ្ចេញសាច់ប្រាក់ទៅសម្រាប់ពួកគាត់រហូតទៅដល់ប្រមាណ ២០០ដុល្លារ​ស​ហរដ្ឋអាមេរិក សម្រាប់មនុស្សម្នាក់។ ដូច្នេះខ្ញុំគិតថា ដោយក្រុមហ៊ុនមួយចំនួន​មិនបា​ន​មក​ចុះ​បញ្ជី យើងត្រូវប្រើប្រាស់នូវការរៀបចំស្ថិតិសម្រាប់កំណត់នូវអត្តសញាណ នៃអ្នកក្រីក្រនេះ នៅក្នុងចំណោមរោងចក្រ សហគ្រាស កសិដ្ឋាន ដែលប្រើប្រាស់កម្មករជាស្ត្រីនោះតែម្ដង។ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា វាងាយស្រួលទេនិយាយពីបញ្ហាគោរពសិទ្ធស្ត្រី និងងាយ​ស្រួ​ល​ទេពីការនិយាយពីការយកចិត្តទុកដាក់ចំពោះស្ត្រី ក៏ប៉ុន្តែប្រសិនបើគ្មានសកម្មភាព​ជាក់ស្ដែ​ង​​បម្រើឱ្យការអនុវត្តនូវកម្មវិធីនោះជាក់លាក់ទេ វានឹងគ្មានន័យអ្វីទាំងអស់សម្រាប់ការជួប​ជុំនៃ​បុណ្យ​ទិវានារីម្ដងៗនោះឡើយ៕

ដោយ​ ជឹម ណារី