រកឃើញម្ចាស់ជ័យលាភី៥ប្រភេទកីឡាសិស្សមធ្យមសិក្សាជើងឯកខេត្តកណ្តាល ឆ្នាំ២០១៩

AKP កណ្ដាល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ — ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំសិក្សា ២០១៨-២០១៩ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីបានដំណើរការប្រកួតយ៉ាងសកម្ម ជាច្រើនថ្ងៃ លើ៥ប្រភេទកីឡាដូចជាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងប៉េតង់ កាលពី ថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩ នៅកីឡដ្ឋានខេត្តកណ្តាល បន្ទាប់ពីគណៈកម្មការបច្ចេកទេស រកឃើញម្ចាស់ជ័យលាភីលើលើគ្រប់វិញ្ញាសាទាំងអស់រួចរាល់ហើយនោះ។ លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ដកណ្ដាល បានបញ្ជាក់ថា ជ័យលាភីលេខ១ ផ្នែកបាល់ទាត់បុរស ក្រុមវិទ្យាល័យហ៊ុន សែន សេរីភាព, លេខ១ផ្នែកនារី ក្រុមវិទ្យាល័យហ៊ុនសែនសិរីដីដុំ។ ផ្នែកបាល់ទះ លេខ១ វិទ្យាល័យហ៊ុនសែន​អង្គស្នួល ខណៈលេខ១នារី វិទ្យាល័យហ៊ុនសែនកំពង់កន្ទួត។ ផ្នែក បាល់បោះបុរស-នារី ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមវិទ្យាល័យហ៊ុនសែនតាខ្មៅ ដូចគ្នា។

ចំពោះជ័យលាភី លើប្រភេទកីឡាប៉េតង់ចំណាត់ថ្នាក់លេខ១លើវិញ្ញាសា៣នាក់ទល់៣នាក់បានទៅលើក្រុមអនុវិទ្យាល័យព្រែកហូរ-១ ខណៈលេខ១ វិញ្ញាសាវាយយកពិន្ទុ បានទៅលើឈ្មោះ ហេវ ធារ៉ា មកពី វិទ្យាល័យហ៊ុនសែនតាខ្មៅ។ រីឯ ប្រភេទកីឡាអត្តពលកម្មក៏ត្រូវបានគណៈកម្មការបច្ចេទេស រកឃើញម្ចាស់ជ័យលាភីដែរ ដែលមានវិញ្ញាសារហូត ដល់១២វិញ្ញាសាឯណោះ។ ក្រៅពី ចំណាត់ថ្នាក់លេខ១ ក៏មានចំណាត់ថ្នាក់លេខ២ដល់លេខ៣លើគ្រប់វិញ្ញាសា ទាំងអស់នៃ៥ ប្រភេទកីឡា ដែលមានប្រាក់រង្វាន់ជ័យលាភីសរុបចំនួន ២៤លានរៀល។

ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាលបានសាទរចំពោះភាពជោគជ័យ នៃការ ប្រកួតកីឡាសិស្ស ធម្យមសិក្សាឆ្នាំ២០១៩នេះ ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍធនធានមនុស្ស លើវិស័យកីឡារបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដែលកំពុងដើរតាមគោល នយោបាយជាតិអប់រំកាយ និងកីឡាឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ៕

ដោយ ហេង ណាលីន