ប្រធានរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញចំណុចវិជ្ជមានជាច្រើនកើតចេញពីដំណើរទស្សន កិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងមកកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ — ស្របពេលដែល ឯកឧត្តម មូន ចេអ៊ីន(Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីនៅថ្ងៃទី១៤ ដល់ថ្ងៃ ទី១៦ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ប្រធានរាជបណ្ឌិត្យសភា កម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមើលឃើញ​នូវចំណុចវិជ្ជមានជាច្រើន​ដែលកើត ចេញ​ពីដំណើរទស្សនកិច្ចនេះជាពិសេសកម្ពុជាបាន​ចំណេញ​នយោបាយការបរទេសផងដែរ។


ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចនេះ កម្ពុជាមិនមែនចាប់តែប្រទេសមួយណានោះទេ ឱ្យតែមានផលប្រយោជន៍ជាមួយគ្នាទៅវិញ ទៅមកគឺកម្ពុជាធ្វើកិច្ចសហប្រតិបត្តិការទាំងអស់ ហើយកម្ពុជាក៏ចំណេញមួយទៀត គឺខាង វិស័យពាណិជ្ជកម្ម។ ត្រង់ចំណុចនេះ ឯកឧត្តមបណ្ដិតសភាចារ្យបានលើកឡើងថា កូរ៉េខាង​ត្បូង​គឺជាមហាអំណាចសេដ្ឋកិច្ចដ៏ធំមួយ បន្ទាប់ពីជប៉ុន។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ដ ថា ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ននេះ គឺមានលក្ខណៈល្អប្រសើរ។ ចំពោះទំនាក់ទំនងល្អប្រសើរនេះគឺដោយផ្អែកលើទិដ្ឋភាពបី ដែល រួមមាន ទី១. ការវិនិយោគ, ទី២. នយោបាយការបរទេសមិនលូកដៃចូលកិច្ចការផ្ទៃក្នុងគ្នា ទៅវិញ​ទៅមក និងទី៣. បើទោះបីជាកម្ពុជាមានបញ្ហានយោបាយក៏ដោយ ក៏សាធារណរដ្ឋ កូរ៉េនៅតែបន្តកិច្ចសហប្រតិបត្តិការដដែល។

យោងតាមសេចក្កីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្ដរជាតិ បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា ប្រធានាធិបតីនៃសាធារណរដ្ឋ​កូរ៉េខាងត្បូង នឹងចូលគាល់ព្រះមហាក្សត្រកម្ពុជា និងជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ថ្នាក់ដឹកនាំកំពូល​ប្រទេស ទាំងពីរ នឹងពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើ វិស័យនានាបន្ថែមទៀត ហើយក៏ផ្លាស់ប្តូរយោបល់គ្នាផងដែរលើបញ្ហាតំបន់់ និងអន្តរជាតិដែល ជាកង្វល់ និងផលប្រយោជន៍រួម។

ក្នុងសេចក្ដីប្រកាសបានបន្ដថា ថ្នាក់ដឹកនាំប្រទេសទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងធ្វើសេចក្តីប្រកាស ព័ត៌មានរួមគ្នា។ ជាមួយគ្នានេះដែរ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីនៃសាធារណរដ្ឋ កូរ៉េខាងត្បូង មកកម្ពុជានាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងកម្ពុជា-កូរ៉េ ដែលនឹងពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យ​កាន់តែមានវិសាល​ភាពទូលំទូលាយ និងស៊ីជម្រៅ៕

ដោយ ចាន់ សុធីវង្ស