កម្ពុជាស្នើឱ្យអាល្លឺម៉ង់បង្កើនកិច្ចសហប្រតិបត្តិការផ្តោតលើវិស័យបណ្តុះបណ្តាលបច្ចេកទស និងវិជ្ជាជីវៈ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ — រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានស្នើសុំឱ្យភាគីអាល្លឺម៉ង់បង្កើន កិច្ចសហប្រតិបត្តិការ ដោយផ្តោតលើវិស័យបណ្តុះបណ្តាលបច្ចេកទស និងវិជ្ជាជីវៈដោយសារ វិស័យនេះ គឺជាកត្តាគន្លឹះក្នុងការពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន ស្នើឱ្យភាគីអាល្លឺម៉ង់ ដូច្នេះក្នុងពេលដែលគណៈប្រតិភូនៃសមាជិកសភាអាល្លឺម៉ង់ដឹកនាំ ដោយ ឯកឧត្តម Manfred Grund ចូលជួបពិភាក្សាការងារនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា អាល្លឺម៉ង់ បានឈានមុខគេលើវិស័យបណ្តុះ បណ្តាលបច្ចេកទស និងវិជ្ជាជីវៈស្រាប់ ហើយអាល្លឺម៉ង់ក៏ធ្លាប់បានជួយដល់ប្រទេសមួយចំនួន ពាក់ព័ន្ធនឹងកិច្ចការនេះ ដូចជា សិង្ហបុរីជាដើមផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាក៏ចង់​ក្លាយជាផ្នែកមួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងបង្គុំនៃឧស្សាហកម្មរថយន្តរបស់ក្រុមហ៊ុន អាល្លឺម៉ង់នៅក្នុងតំបន់ និងពិភពលោកផងដែរ។ ទន្ទឹមនឹងនេះ ដោយសារអាល្លឺម៉ង់​ក៏ជាទីផ្សារ ដ៏ធំរបស់កម្ពុជាដូចនេះយើងអាចបន្តធ្វើការពិភាក្សាបន្ថែមនៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្មទ្វេ ភាគី។ ដោយឡែក ចំពោះបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA ពីសហភាព អ៊ឺរ៉ុប ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា កម្ពុជាមិនចង់ពឹងផ្អែកលើ EBA រហូតទេ ពោល គឺកម្ពុជាចង់រំដោះខ្លួនពីការពឹងពាក់លើ EBA ហើយទោះមាន EBA ឬក៏គ្មាន EBA កម្ពុជា នៅតែបន្តកសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់ល្អថែមទៀតជាមួយបណ្តាប្រទេស ជាសមាជិកនៃសហភាពអ៊ឺរ៉ុបទាំងអស់។

ឯកឧត្តម Manfred Grund ប្រធាននៃគណៈប្រតិភូនៃសមាជិកសភាអាល្លឺម៉ង់ បាន ឱ្យដឹងថា ភាគីអាល្លឺម៉ង់នឹងជួយគាំទ្រដល់កម្ពុជាបន្តទៀត ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុនអាល្លឺម៉ង់ អាចមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ ឯកឧត្តមសង្ឃឹមថា ប្រទេសកម្ពុជាអាចមាន សក្តានុពលច្រើនក្នុងការក្លាយខ្លួនជាផ្នែកមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មរថយន្តរបស់អាល្លឺម៉ង់។ ឯកឧត្តមបានបន្ដថា «មុនពេលខ្ញុំមកដល់ទីនេះ ខ្ញុំមិនទាន់បានដឹងទេ តែនៅពេល​ដែល​ខ្ញុំមកដល់ទីនេះ ខ្ញុំបានមើលឃើញពីស្ថានភាពជាក់ស្តែងដែលបញ្ជាក់ថា កម្ពុជា កំពុង​មានការកែប្រែ និងកំពុងតែធ្វើដំណើរទៅមុខ។ ដូចនេះ កម្ពុជាមិនគួរត្រូវបានគេបិទផ្លូវ ឬទទួលរងនូវទណ្ឌកម្មនោះទេ ដោយត្រូវតែបន្តជួយគាំទ្រដល់ការខិតខំប្រឹងប្រែងនេះតទៅ មុខទៀត។

ឯកឧត្តមបានបន្ថែមទៀតថា ទំនាក់ទំនងការទូតរវាងកម្ពុជានិងអាល្លឺម៉ង់ មានរយៈ ពេល៥២ឆ្នាំ គិតមកត្រឹមឆ្នាំ២០១៩នេះ។ គិតមកទល់នឹងពេលនេះ ក្នុងក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការទ្វេភាគី អាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញ វត្ថុប្រមាណ៦០០លានដុល្លារអាម៉េរិក សម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើ វិស័យអាទិភាពចំនួន៣ គឺអភិវឌ្ឍន៍ជនបទ ការគាំពារសង្គម និងអភិបាលកិច្ច៕

ដោយ គង់ សិរីរ័ត្ន