រដ្ឋបាលខេត្តព្រះសីហនុរៀបចំអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩

AKP ព្រះសីហនុ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ — នាព្រឹកថ្ងៃទី ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ មន្ទីរកិច្ចការនារីសហការជាមួយ រដ្ឋបាលខេត្តព្រះសីហនុ រៀបចំអបអរសាទរទិវា អន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ ( ០៨មីនា ១៩១០ – ០៨ មីនា ២០១៩) ក្រោមប្រធានបទ ” លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ ធនធានមនុស្ស ” ក្រោមអធិបតីឯកឧត្ដម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត ព្រះសីហនុ និងលោកជំទាវ ។លោកស្រី សៅ កាន ប្រធានមន្ទីរកិច្ច ការនារីខេត្តព្រះសីហនុ មានប្រសាសន៍ថា ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រសួងកិច្ចការនារី ក៏ដូចជាមន្ទីរកិច្ចការនារីកំពុងអនុវត្តន៍ សមត្ថភាពលើកកម្ពស់ស្ថានភាព និងបង្កើនភាពអង់អាចដល់ស្ត្រី លើគោលនយោបាយ សមភាព យេនឌ័រ និងគោលនយោបាយជាតិ ចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋា ភិបាលចាត់ទុក “ស្ត្រីជាឆ្អឹងខ្នងនៃសង្គមជាតិ” ការលើកកម្ពស់ស្ថានភាព តួនាទី ឋានៈរបស់ស្ត្រីក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារក្នុងស្មារតីទទួលខុសត្រូវក្រសួង ក៏ដូចជាមន្ទីរបានខិតខំអនុវត្តន៍នូវសកម្មភាព សំខាន់ៗដោយផ្អែកតាមផែន ការនារីរតនៈ ដែលមាន ៥វិស័យ ដូចជា ,ស្ត្រីនិងក្មេងក្នុងវិស័យអប់រំ ,ស្ត្រីក្នុងភាពអង់អាចផ្នែកសេដ្ឋកិច្ច, ស្ត្រីក្នុងវិស័យកិច្ចការពារផ្លូវច្បាប់ ,ស្ត្រីនិងកុមារក្នុងវិស័យសុខភាព ,ស្ត្រីក្នុងការធ្វើសេចក្តីសម្រេច។
លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អានព្រះរាជសារសម្ដេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសអបអរ សាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ដើម្បីរម្លឹកពីវីរភាព នៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារលើកកម្ពស់សិទ្ធិសេរីភាព ប្រជាធិបតេយ្យ ការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្ត្រីនៅក្នុងសង្គម។ តាមគោលនយោបាយជាតិ គាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជាបានធ្វើឱ្យប្រទេសជាតិ មានសន្តិភាព កិត្តិយស កិត្តិនាមនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក ប្រជារាស្ត្រមានសេចក្តីសុខ វឌ្ឍនភាព ដូចសម័យសង្គមរាស្រ្តនិយម។ ដូច្នេះមាតា បិតា អាណាព្យា បាលចូលរួមលើក កម្ពស់សីលធម៌សង្គមវប្បធម៌អហិង្សាក្នុងគ្រួសារ តាមរយៈការអប់រំ ទូន្មានប្រៀនប្រដៅ រៀបចំខ្លួនក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង ការប្រើអំពើហិង្សា ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវសីលធម៌ សុជីវធម៌ រួមចំណែកអនុវត្តន៍ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីរក្សាសន្តិភាព សុវត្ថិភាព សណ្ដាប់ ធ្នាប់សង្គម សាមគ្គីជាធ្លុងមួយ រក្សាសេច ក្តីថ្លៃថ្នូរ ឆ្ពោះទៅភាពសម្បូរសប្បាយនិងសុខដុមរមនា។ឯកឧត្តម យន្ត មីន មានប្រសាសន៍ស្វាគមន៍ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ជាប្រវត្តិសាស្ត្រការលើកកម្ពស់សមភាពយេនឌ័រ និងផែនការសកម្មភាពជាតិ ស្តីពីការ ទប់ស្កាត់អំពើហិង្សាលើ (២០១៩-២០២៣) ដែលជាគោលនយោបាយទាំង៣ ក្រោមកិច្ច សហការជាមួយក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍។ គោលការណ៍ សំខាន់ទាំង៣មានដូចជា ការធ្វើនីយកម្មក្របខ័ណ្ឌផ្អែកលើសមភាពយេនឌ័រ តាមវិស័យ នីមួយៗ។ បង្កើនធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ សមភាពយេនឌ័រនៅតាមវិស័យ រដ្ឋាភិបាលក៏ដូចជាវិស័យផ្សេងៗទៀត។ បង្កើតប្រព័ន្ធតាមដាន ត្រួតពិនិត្យមានលក្ខណៈសង្គតិភាព និងផ្តល់គណនេយ្យភាពសាធារណៈដល់ស្ត្រី និងក្មេងស្រី។
ដោយឡែកស្ត្រីក្នុងខេត្តព្រះសីហនុ ទទួលបានអត្ថប្រយោជន៍ពីសុខសន្តិភាព ស្ថិរភាព នយោបាយ កំណើនសេដ្ឋកិច្ចជាតិរឹងមាំ កាត់បន្ថយភាពក្រីក្រ និងការកែលម្អសេវា សាធារណៈ។ សមិទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីការបេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់យេនឌ័រនិងពង្រឹងអភិបាលកិច្ចល្អ និងលទ្ធិប្រជាធិបតេយ្យ នៅទូទាំងប្រទេស៕

ដោយ ងូ សុមុនី