កម្ពុជា និងឡាវ ពិនិត្យលទ្ធភាពបង្កើតច្រកព្រំដែនប្រទេសទាំងពីរបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ — កម្ពុជា និងឡាវ បានជួបពិភាក្សាគ្នា ក្នុងការពិនិត្យលទ្ធភាពបង្កើតច្រកព្រំដែនបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនងពាណិជ្ជកម្ម ការធ្វើដំណើររវាងប្រជាពលរដ្ឋ​ប្រទេសទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល។ បច្ចុប្បន្ន ប្រទេសទាំងពីរមានច្រកព្រំដែន រួមគ្នាតែមួយប៉ុណ្ណោះ គឺច្រកត្រពាំងគ្រៀល-ណងណុងឃៀន ដែលស្ថិតនៅក្នុង​ខេត្តស្ទឹងត្រែង។ការបញ្ជាក់ជំហរខាងលើនេះគឺធ្វើឡើងបន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក Vilay Lakhamephong រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណរដ្ឋប្រជាធិបតេយ្យឡាវ បានចុះហត្ថលេខា​លើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ រវាងក្រសួងទាំងពីរ កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបនេះ ឯកឧត្តម ផាត សុផានិត ប្រធាននាយកដ្ឋាន​ទំនាក់ទំនងអន្តរជាតិនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការពិនិត្យលទ្ធភាពបើកច្រកអន្តរជាតិ​បន្ថែមរវាងប្រទេសទាំងពីរនេះ គឺដើម្បីសម្រួលការធ្វើដំណើរការផ្លាស់ប្តូរពាណិជ្ជកម្ម ដែលជា​ទិសដៅសំខាន់នៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។

ឯកឧត្តមបាន បន្ដថា ភាគីទាំងពីរ ប្រកាសរួមគ្នាក្នុងការបង្ការ បង្រ្កាប និងទប់ស្កាត់បញ្ហាគ្រឿងញៀន ដោយ ភាគីទាំងពីរ នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា មិនឱ្យបញ្ហានេះមកគ្របដណ្តប់លើប្រជាជននៃ ប្រទេសទាំងពីរឡើយ។ ឯកឧត្តមបន្ថែមទៀតថា ភាគីទាំងពីរក៏បានធ្វើការណែនាំឱ្យ​អាជ្ញាធរ នៅតាមបន្ទាត់ព្រំដែនបន្តរក្សាកិច្ចសហប្រតិបត្តិការឱ្យល្អប្រសើរ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរផ្លាស់ប្តូរគណៈប្រតិភូ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ៕

ដោយ ចាន់ សុធីវង្ស