រដ្ឋបាលខេត្តបន្ទាយមានជ័យបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១​៨ និង​ទិសដៅឆ្នាំ២០១​៩

AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ — ​នាព្រឹក​​ថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបើកសន្និបាតធ្វើការបូកសរុបវាយ​តម្លៃពីលទ្ធផលការងារបញ្ហាប្រឈម និងដំណោះស្រាយនានាឆ្នាំ២០១៨ព្រមទាំងកំណត់នូវ​ទិសដៅសម្រាប់​ឆ្នាំ​២០១​៩នៅសាលាខេត្ត។ សន្និបាតនេះបានធ្វើឡើងក្រោមអធិបតីភាព​ឯកឧត្តម អន ស៊ុំ សមាជិកព្រឹទ្ធសភា អនុប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ  ឯកឧត្តម អ៊ុង អឿន ប្រធានក្រុម ប្រឹក្សាខេត្ត និងឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាល​ខេត្ត ​និងសមាជិកអង្គសន្និបាត សរុបប្រមាណ ៦០០នាក់។

ថ្លែងនៅក្នុងពិធីបើកសន្និបាតនេះអភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម សួន បវរ បានមានប្រសាសន៍ថា ផ្អែកតាមយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅ របស់រាជ​រដ្ឋាភិបាលយើងពុះពារជម្នះ បាននូវបញ្ហាប្រឈមធំៗនានា ក្នុងឆ្នាំ២០១៨កន្លង មកធ្វើឱ្យប្រជា​ពលរដ្ឋទូទាំងខេត្តបានបោះជំហានទៅមុខយ៉ាងក្លៀវក្លា និងរឹងមាំ ជាមួយនឹងសមិទ្ធផលដ៏ធំ​ធេងដែលសម្រេចបានលើ​គ្រប់​វិស័យនោះ។

ឯកឧត្តមបានគូសបញ្ជាក់ថា លើវិស័យសន្តិសុខសណ្តាប់ធ្នាប់សង្គមទូទាំងខេត្តឆ្នាំ​​២០១៨កន្លងទៅនេះកងកម្លាំងគ្រប់ប្រភេទទាំងនៅក្នុងភូមិសាស្ត្រខេត្តក៏ដូចតាមតំបន់ព្រំដែន​រក្សាបាននូវបូរណភាពទឹកដីសុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរប្រជាពល​រដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅនិងខិតខំប្រកបមុខរបរចិញ្ចឹមជីវិតដោយភាពសុខសាន្តព្រមទាំងមានសិទ្ធិសេរីភាពក្នុងការបំពេញការងារក៏ដូចបញ្ចេញមតិតាមគោលការណ៍នៃលទ្ធិ​ប្រជាធិបតេយ្យដោយដើរទន្ទឹមនឹងគោលការណ៍ច្បាប់ក្នុងគោលបំណងលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា។

ការពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពការបង្ក្រាប និងទប់ស្កាត់ការជួញដូរ​និងការប្រើប្រាស់គ្រឿងញៀនការជួញដូរមនុស្សការប្លន់ប្រដាប់អាវុធការផ្សព្វផ្សាយពីច្បាប់​ចរាចរណ៍។ល។ ជារួមយើងសម្រេចបានលទ្ធផលល្អច្រើនណាស់តែការងារ នេះនៅតែ ជាការងារដ៏សំខាន់និងចាំបាច់​សម្រាប់យើង​ធ្វើនៅ​​ឆ្នាំនេះបន្តនៅពេលខាងមុខ​នេះឱ្យកាន់ តែមាន​ប្រសិទ្ធភាពថែមទៀត។

ឯកឧត្តមបន្តទៀតថា លើវិស័យកសិកម្មទោះបីនៅឆ្នាំកន្លងមកនេះខេត្តបានជួបគ្រោះ​រាំងស្ងួតនិងមានទឹកជំនន់នៅតំបន់មួយចំនួនតែបរិមាណផលស្រូវទទួលបានច្រើននិងការនាំចេញក៏កើនលើសឆ្នាំ២០១៧។ លើសេវាសាធារណៈខេត្តបានលើកម្ពស់ការយកចិត្តទុកដាក់​និងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត​នានា មានផ្លូវថ្នល់ ស្ពាន លូប្រឡាយទឹក ទំនប់ ស្រះទឹកមណ្ឌលសុខភាពសាលារៀនពិសេសវិស័យអគ្គិសនីកំពុងតបណ្តាញឱ្យទៅដល់ទីជនបទដាច់ស្រយាល។

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម សួន បវរ បានបញ្ជាក់ទៀតថា ដោយសារឆ្នាំ​២០១៩នេះមានសេសសល់ការងារមួយចំនួនពីឆ្នាំ២០១៨និងការងារថ្មីៗជាច្រើនទៀតកំពុងរង់ចាំដែលទាមទារនូវបទពិសោធន៍ភាពច្នៃប្រឌិតឱ្យកាន់តែស៊ីជម្រៅ និងរស់រវើកថែម ទៀតនោះដែលទាមទារឱ្យអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ភាគីពាក់ព័ន្ធទាំងអស់ត្រូវខិតខំរួមគ្នាធ្វើការវាយ​តម្លៃ បញ្ហាប្រឈម មូលហេតុ​នៃបញ្ហាប្រឈមនិងជម្រើសនានា សម្រាប់ជា ដំណោះស្រាយ សម្រាប់ជាមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពអនុវត្តន៍ ទិសដៅនិងភារកិច្ចឆ្នាំ២០១៩នេះ៕

ដោយ ឈុន សារ៉ាត