រដ្ឋបាលខេត្តព្រះវិហារ បើកកិច្ចប្រជុំជាមួយគណៈកម្មាការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត នឹងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា

AKP ព្រះវិហារ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ -នៅសាលប្រជុំរដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានរៀបចំកិច្ចប្រជុំជាមួយគណៈកម្មាការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត នឹងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាការទី១ នៃរដ្ឋសភាជាតិ កាលពីថ្ងៃ ចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីឯកឧត្ត លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ថ្នាក់ដឹកនាំមូលដ្ឋានជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះគឺដើម្បីឈ្វេងយល់អំពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” ការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត និងយន្តការដោះស្រាយទំនាស់ដីធ្លី និងទំនាស់ផ្សេងៗ។

ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា ជាមួយនឹងវឌ្ឍនភាពលើគ្រប់វិស័យរបស់ខេត្ត ឯកឧត្តមក៏បានកោតសរសើរ ដល់អាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរ ។  ទន្ទឹមនឹងនេះបញ្ហាដែលនៅសេសសល់ ត្រូវបន្តដោះស្រយ និងពង្រឹងថែមទៀត គឺ ការផ្សព្វផ្សាយសារាចរ អនុក្រឹត្យ បទដ្ឋាន ច្បាប់ និងយន្តការអនុវត្តន៍ច្បាប់  យន្តការដោះស្រាយទំនាស់ដីធ្លី និងរំលោភដីព្រៃរក្សាទុក ឱ្យមានប្រសិទ្ធភាព ពង្រឹងប្រព័ន្ធយុត្តិធម៌ ដើម្បីធានាឱ្យបានកាន់តែល្អប្រសើរឡើងនូវការគោរពសិទ្ធិមនុស្ស និងលិទ្ធប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ៕

ដោយ ទិត ស្រ៊