ភាពរីកចម្រើនលើវិស័យកសិកម្មបានរួមចំណែកកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋ

AKP សៀមរាប ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ -កាលពីថ្ងៃចន្ទ ១៣រោច ខែមាឃ ​ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ លោក ឆែម ជា  ជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើននាក់ដែលបានទៅធ្វើការរើសគ្រាប់ស្វាយចន្ទីនៅចម្ការស្វាយចន្ទីរបស់លោកឧកញ្ញ៉ា ហ៊ុយ ភៀវ បានឱ្យដឹងថា កាលពី៥ឆ្នាំមុនលោករួមជាមួយអ្នកភូមិផ្សេងទៀត បាននាំគ្នាធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃចោលប្រពន្ធកូន ហើយខែខ្លះក៏បានលុយ ខ្លះក៏អត់លុយព្រោះតែចាញ់បោកថៅកែ។ ប៉ុន្តែបច្ចុប្បន្ននេះ អ្នកភូមិរបស់លោកភាគច្រើន គឺបានឈប់ធ្វើចំណាកស្រុកទៀតហើយ ដោយនាំគ្នាមកធ្វើការនៅក្នុងស្រុកវិញ ព្រោះនៅក្នុងតំបន់របស់លោករស់នៅឥឡូវមានចម្ការកៅស៊ូ និងចម្ការស្វាយចន្ទីជាច្រើន ដែលបានផ្តល់ការងារឱ្យពួកគាត់ធ្វើ ហើយទទួលបានប្រាក់ចំណូលសមរម្យផងដែរ។

លោកបន្តថា ពេលនេះប្រជាពលរដ្ឋជាច្រើន នៅក្នុងភូមិរបស់លោកបាននាំគ្នាមករើសគ្រាប់ស្វាយចន្ទីនៅក្នុងចម្ការរបស់លោកឧកញ្ញ៉ា ហ៊ុយ ភៀវ ក្នុង១គីឡូក្រាមបាន៥០០រៀល ហើយក្នុងមួយថ្ងៃអាចរកបានពី២ម៉ឺនទៅ៤ម៉ឺនរៀល ។ ម្យ៉ាងទៀតធ្វើការនៅក្នុងស្រុកមាន​ប្រយោជន៍ច្រើនជាង យើងអាច​ធ្វើការ​ឱ្យក្រុមហ៊ុនក៏បាន ពេលទំនេរអាចធ្វើការប្រចាំថ្ងៃនៅផ្ទះ មើលថែទាំទ្រព្យសម្បត្តិ ហើយពេលណាយើងហត់ ឬឈឺអាចឈប់សម្រាកបាន ជាពិសេសបានរស់នៅជួបជុំគ្រួសារយ៉ាងមានសេចក្តីសុខ។ លោកបាន​អំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាដែលចូលចិត្តទៅធ្វើពលករ​នៅ​ប្រទេស គួរចាប់អារម្មណ៍មកធ្វើការនៅ​ក្នុង​ស្រុក​វិញ​ ព្រោះឥឡូវនៅកម្ពុជាយើង​មានការងារ​សម្បូរ ដូចជា ការងារសំណង់ បេះផ្លែឈើ ដាំដំឡូង ចៀរជ័រកៅស៊ូ និងការងារកសិកម្មជាច្រើនទៀត។

លោកឧកញ្ញ៉ា ហ៊ុយ ភៀវ ម្ចាស់ចម្ការស្វាយចន្ទី ដែលមានទីតាំងនៅភូមិល្អក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាបបានឱ្យដឹងថា ចម្ការស្វាយចន្ទីរបស់លោកមានចំនួន៨០០ហិកតា ដោយបានប្រើប្រាស់កម្លាំងពលកម្មអ្នកភូមិនៅតំបន់ជុំវិញសម្រាប់ការថែទាំ និងប្រមូលផលប្រមាណជិត ៣០០នាក់ ។

លោកបានបញ្ជាក់ថា សម្រាប់កម្មករដែល​មកធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ស្វាយ​ចន្ទីរបស់លោក គឺ​មាន​ពីរ​ប្រភេទ មាន​ប្រភេទទទួលប្រាក់ខែ និង​កម្មករធ្វើការយកកម្រៃប្រចាំថ្ងៃ ទៅតាមលទ្ធភាពដែលពួកគាត់ធ្វើបាន។ សម្រាប់ការចំណាយទៅលើកម្មករទាំងអស់ក្នុង​១ឆ្នាំប្រមាណជា១០ម៉ឺនដុល្លារអាម៉េរិក។

លោក មិក ប៉ក មេភូមិល្អក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាម បាន​ឱ្យដឹងថា កាលពីមុនប្រជាពលរដ្ឋនៅក្នុង​ភូមិរបស់លោកមាន​ប្រមាណ២០ភាគ​រយបានធ្វើចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅប្រទេសថៃ ប៉ុន្តែឥឡូវនេះ​មាន​ប្រជាពលរដ្ឋនៅក្នុង​ភូមិរបស់​លោក មាន​ប្រមាណតែ​១ភាគរយប៉ុណ្ណោះ ដែលបាន​ធ្វើ​ចំណាកស្រុក។ ព្រោះ​ថា បច្ចុប្បន្ននេះនៅ​ជុំវិញ​ភូមិរបស់​លោកមាន​ការងារធ្វើច្រើន​ ដូចជានៅក្នុងចម្ការស្វាយចន្ទី ចម្ការកៅស៊ូ ចម្ការស្វាយ និងទៅធ្វើការងារសំណង់នៅក្នុង​ខេត្ត ដោយទទួល​បាន​ប្រាក់កម្រៃប្រចាំខែ ប្រចាំថ្ងៃសមរម្យ។ ម្យ៉ាង​វិញទៀតក្រៅពីការងារទាំង​នេះ ប្រជាពលរដ្ឋអាច​ធ្វើ​ស្រែចម្ការផ្ទាល់ខ្លួនបាន​ផងដែរ៕

ដោយ ឃុត សៅ