សម្តេច សាយ ឈុំ ៖ ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ នឹងធ្វើឱ្យប្រទេសកម្ពុជាកាន់តែរីកចម្រើនផ្នែកសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ទៅថ្ងៃអនាគត

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ -សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ នឹងធ្វើឱ្យប្រទេសកម្ពុជាកាន់តែរីកចម្រើនផ្នែកសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ទៅថ្ងៃអនាគត ។ ដោយមើលឃើញចក្ខុវិស័យវែងឆ្ងាយបែបនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងបុព្វហេតុដើម្បីស្រ្តី ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា សំដៅធ្វើឱ្យបងប្អូន ទទួលបានសេចក្តីសុខ សុភមង្គល សម្បូរសប្បាយ និងមានភាពថ្លៃថ្នូរក្នុងសង្គម ។

សម្ដេចបានមានប្រសាសន៍បែបនេះ ខណៈសម្ដេចទទួលជួបសំណេះសំណាលជាមួយស្ត្រីជាថ្នាក់ដឹកនាំ នៃក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារី ប្រមាណ២០០នាក់ ដែលដឹកនាំដោយលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី កាលពីរសៀលថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា ។

លោកជំទាវ អ៊ឹង កន្ថាផាវី បានមានប្រសាសន៍លើកឡើងពីវឌ្ឍនភាពនានា របស់ស្រ្តីនៅក្នុងសង្គមកម្ពុជា មានដូចជា ស្រ្តីបានទទួលតួនាទីកាន់តែច្រើននៅក្នុងឋានៈជាអ្នកសម្រេចចិត្ត នៅលើវិស័យសាធារណៈ និងនយោបាយ នៅក្នុងនោះ មានចន្លោះឆ្នាំ២០០៩ដល់ឆ្នាំ២០១៧ ចំនួនស្រ្តីជាមន្រ្តីរាជការកើនឡើងជាលំដាប់ពី ៣៤ភាគរយ ទៅ៤១ភាគរយ។ រាជរដ្ឋាភិបាលបានតែងតំាងស្រ្តីជាអភិបាលរងរាជធានី ខេត្ត នៃគណៈអភិបាលរាជធានី ខេត្ត ២៦រូប អភិបាលក្រុង ស្រុក ខណ្ឌ ជាស្រ្តី៦រូប ស្រ្តីជាអភិបាលរងនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ១៨៦រូប។ ក្នុងឆ្នាំ២០១៨ ស្រ្តីជាឯកអគ្គរាជទូត មានចំនួន០៤រូប និងមន្រ្តីការទូតជាស្រ្តីដែលកំពុងប្រចំាការនៅបរទេសមានចំនួន៤៩រូប។  កម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហវត្សរ៍មុនឆ្នាំកំណត់ លើសុខភាពមាតានិងទារក។  អំពើហិង្សានិងការរំលោភនានាលើស្រ្តីក៏បានថយចុះគួរឱ្យកត់សម្គាល់ផងដែរ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផល របស់ក្រសួងកិច្ចការនារី គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ  និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី ក្នុងការធ្វើឱ្យកាន់តែប្រសើរ និងមានតម្លៃនូវស្ថានភាពជីវភាព សិទ្ធិ ឋានៈ និងតួនាទីរបស់ស្រ្តីកម្ពុជានាពេលបច្ចុប្បន្ន ។ ជោគជ័យដ៏ធំធេងទាំងអស់នេះ បានឆ្លើយតបជាវិជ្ជមានទៅនឹងផែនការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព និងផែនការយុទ្ធសាស្រ្តនារីរតនៈរបស់ក្រសួងកិច្ចការនារី។

សម្តេចប្រធានព្រឹទ្ធសភា  ក៏បានធ្វើការកោតសរសើរដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកិច្ចការនារីដែលបានបន្ត និងជំរុញការអនុវត្តគោលនយោបាយជាតិខាងលើនេះ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឧត្តមប្រយោជន៍របស់ស្ត្រី និងក្មេងស្រី ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ៕

ដោយសួស សំរិត