រដ្ឋបាលខេត្តកំពង់ស្ពឺចេញវិធានការ ៥ចំណុចដើម្បីស្តុកទឹកទុកប្រើប្រាស់នារដូវប្រាំងឆ្នាំនេះ

AKP កំពង់ស្ពឹ ថ្ងៃទី0៥ ខែមីនា ឆ្នាំ២០១៩ -ដើម្បីកាត់បន្ថយការខ្វះទឹកប្រើប្រាស់ ដោយសារគ្រោះរាំងស្ងួត រដ្ឋបាលខេត្តកំពង់ស្ពឺបាននិងកំពុងជំរុញដល់មន្ត្រីជំនាញឱ្យចុះជាប្រចាំទៅត្រួតពិនិត្យប្រភពទឹកនានាដល់មូលដ្ឋាន ដើម្បីមានវិធានការថែរក្សាការពារសម្រាប់ទុកឱ្យប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់AKP ឱ្យដឹងនៅ ថ្ងៃចន្ទ ១៣រោច ខែមាឃ ​ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ថា រដ្ឋបាលខេត្តកំពង់ស្ពឺ បានចាត់វិធានការថែរក្សាទឹកទុកសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ  ខណៈប្រទេសកម្ពុជាអាចមានអាកាសធាតុក្តៅហួតហែង ហើយរដូវប្រាំងក៏អូសបន្លាយយូរជាងឆ្នាំមុនៗផងដែរ។ ការប្រឈបមុខចំពោះបាតុភូតធម្មជាតិនេះ រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការ ៥ចំណុចដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឱ្យត្រួតពិនិត្យអំពីប្រភពទឹកនានានៅមូលដ្ឋានសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ចំពោះវិធានការទាំង ៥ចំណុចនោះរួមមាន៖ ទី១-ផ្សព្វផ្សាយសារាចរណែនាំស្តីពីការចាត់វិធានការដល់អភិបាលក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋដើម្បីត្រៀមបម្រុងក្នុងការថែរក្សាទឹកទុក។ ទី២-រៀបចំបង្កើត ឬកែសម្រួលសមាសភាព គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង ស្រុក និងណែនាំដល់រដ្ឋបាល ឃុំ សង្កាត់ ឱ្យបង្កើតឬកែសម្រួលសមាសភាពគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ឃុំ សង្កាត់ ដើម្បីពង្រឹងយន្តការការងារគ្រប់គ្រង   គ្រោះមហន្តរាយនៅតាមមូលដ្ឋាន ឃុំ សង្កាត់ នីមួយៗ ឱ្យមានការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ នៅពេលមានគ្រោះមហន្តរាយ ណាមួយកើតឡើងជាយថាហេតុ។ ទី៣-រដ្ឋបាល ក្រុង ស្រុក ត្រូវសហការជាមួយរដ្ឋបាល ឃុំ សង្កាត់ ដែលស្ថិតនៅក្នុងដែនមានសមត្ថកិច្ចរដ្ឋបាលរបស់ខ្លួន រៀបចំការងាររបស់ខ្លួនជាមុន ដើម្បីត្រៀមបម្រុងឆ្លើយតបនៅពេលមានគ្រោះ មហន្តរាយកើតឡើង និងរិះរកវិធានការដោះស្រាយឱ្យបានទាន់សភាពការណ៍ ព្រមទាំងចាត់វិធានការទប់ស្កាត់ដោយរក្សាទឹកទុកដូចជា៖ នៅតាមអាងទឹក ទំនប់ទឹក ស្ទឹង អូរ និងត្រពាំង។ល។ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ទី៤-ត្រូវរៀបចំកិច្ចប្រជុំឱ្យបានទៀងទាត់រៀងរាល់១ខែម្តង ហើយធ្វើរបាយការណ៍ប្រចាំខែផ្ញើមកលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអ្នកពាក់ព័ន្ធឱ្យបានជ្រាប និងធ្វើការសម្របសម្រួលស្វែងរកលទ្ធភាព ឆ្លើយតបវិញឱ្យបានទាន់ពេលវេលា។ ទី៥-សហការជាមួយមន្ទីរ អង្គភាព សម្បុរសជន និងអង្គការដៃគូនានា ក្នុងក្រុង ស្រុក ដែលធ្វើការងារគ្រោះមហន្តរាយ ដើម្បីកៀរគរជាស្បៀង និងសម្ភារៈ សម្រាប់ត្រៀមបង្ការសំដៅធ្វើយ៉ាងណាឱ្យការឆ្លើយតបបានទាន់ពេលវេលា។

ទន្ទឹមនេះរដ្ឋបាលខេត្តកំពង់ស្ពឺក៏បានជំរុញឱ្យមន្ទីរសុខាភិបាល មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងមន្ទីរធនធានទឹកនិងឧតុនិយម ត្រូវសហការគ្នា ណែនាំ អប់រំប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អំពីការថែរក្សាសុខភាព ការបង្ការជំងឺឆ្លង រាតត្បាតទាំងមនុស្ស និងសត្វចិញ្ចឹមតាមលក្ខណៈគ្រួសារ តាមកសិដ្ឋាននានា ព្រមទាំងត្រៀមវិធានការជួយអន្តរាគមន៍ក្នុងការព្យាបាលលជំងឺ ទាំងមនុស្ស និងសត្វចិញ្ចឹមឱ្យបានទាន់ពេលវេលាផងដែរ ។ ជាមួយគ្នានេះរដ្ឋបាលគ្រប់លំដាប់ថា្នក់ត្រូវអប់រំប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ អគ្គិភ័យមកលើផ្ទះសម្បែង ចម្ការដំណាំ ព្រមទាំងចូលរួមការពារភ្លើងឆេះព្រៃក្នុងរដូវប្រាំងហួតហែងនេះផងដែរ៕

ដោយ លឹម​ សាន្ត