ស្រុកចំនួន៣ នៅខេត្តកំពង់ស្ពឺ អាចប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់

AKP កំពង់ស្ពឺ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ — លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ បានប្រាប់ AKP ឱ្យដឹងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះថា នៅចំពោះមុខ បើសិនជាមានហានិភ័យ កើតឡើងពីការខ្វះខាតទឹក គឺមានតែស្រុកចំនួន៣ទេ ដែលប្រឈមមុនគេគឺ ស្រុកបសេដ្ឋ ភ្នំស្រួច និងស្រុកគងពិសី ដោយសារតែស្រុកទាំងនេះមានស្ថានភាពឆ្ងាយពីប្រភពទឹក។

លោក ញ៉ាញ់ ជាបហ៊ង បានឱ្យដឹងទៀតថា មកដល់ពេលនេះនៅទូទាំង ខេត្តកំពង់ស្ពឺ ពុំទាន់ មានបញ្ហាប្រឈមការខ្វះខាតទឹកនោះទេហើយបាន កំណត់តំបន់ត្រៀម ទឹកច្រើនទុក សម្រាប់ជួយសង្គ្រោះដល់តំបន់ដែលមានបញ្ហាប្រឈមដែលមានមន្ទីរធនធានទឹកម្ចាស់ការដើម្បីធានា។ ចំពោះអាងទឹកជាច្រើនអាចធានាក្នុងការប្រើប្រាស់ បានដល់ក្នុងចន្លោះខែ៥ ឬពាក់កណ្តាលខែ៦បានដោយមិនជួបការខ្វះខាត់ទឹកនោះទេ។

បច្ចុប្បន្នមន្ទីរធនធានទឹកនិងឧតុនិយមបាន និងកំពុងនាំទឹកពីអាងស្តុកទឹកទៅកាន់ ផ្លូវជាតិលេខ៣បន្តទៀតតាមរយៈប្រឡាយមេរលាំងជ្រៃក្នុងនោះចរន្តទឹកកំពុងហូរតាមប្រឡាយនានាតាមដងផ្លូវជាតិលេខ៤ដែរ ប៉ុន្តែដោយសារការប្រើប្រាស់ទឹកប្រឡាយរបស់ ប្រជាពលរដ្ឋ មានកម្រិតទាបខណៈដែលសព្វថ្ងៃប្រជាពលរដ្ឋយើងភាគច្រើនបានប្រើប្រាស់ ទឹកស្អាតជំនួសវិញ។

លោកប្រធានមន្ទីរបានបញ្ជាក់ដែរថា តាមរយៈក្រសួងធនធានទឹកមន្ទីរបានត្រៀមធុង ទឹកម៉ាស៊ីនបូមទឹក រថយន្តដឹកទឹកទុកជាស្រេចដើម្បីជួយសង្គ្រោះតំបន់ ដែលប្រឈមខ្វះខាត់ ទឹកដោយប្រើប្រាស់ទឹកស្អាតតែម្តងទៅជូនពួកគាត់ផងដែរ៕

ដោយ លឹម សាន្ត