អភិបាលស្រុកស្រីស្នំ ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ — លោក នាក់ ណេរ៉ុន អតីតអភិបាលស្រុកស្រីស្នំ មានឋានន្តរស័កិ្តឧត្តមមន្ត្រីថ្នាក់លេខ៦ ត្រូវបានប្រកាសតែងតាំងឱ្យចូលកាន់មុខតំណែងជាអភិបាលរងខេត្តសៀមរាប កាលពីព្រឹក ថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍ លើកឡើងពីសមិទ្ធផលដែលខេត្តបានកសាង និងអភិវឌ្ឍន៍បាន ព្រមទាំងការងារ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបានលើកឡើងនូវបញ្ហាប្រឈមនិងឧបសគ្គមួយចំនួន និងការកំណត់ ដែនសមត្ថកិច្ចទទួលខុសត្រូវរវាងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ដើមី្បឱ្យការអនុវត្តភារ កិច្ចទទួលខុសត្រូវក្នុងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម ប៊ុន ហ៊ុន បានមានប្រសាសន៍ថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការ គ្រប់រូប ជាគណៈអភិបាលខេត្ត ក្រុង ស្រុក ដែលបានបម្រើការងារគ្រប់អាណត្តិរបស់ខ្លួនឬក៏ បានគ្រប់អាយុបំពេញការងារ គឺត្រូវចូលនិវត្តន៍មិនថាថ្នាក់ដឹកនាំ មន្ត្រី ឬបុគ្គលិកឡើយ។ ការ ប្រកាសឱ្យចូលកាន់តំណែងជាអភិបាលរងខេត្តនេះ ដោយសារមានការជឿជាក់យ៉ាងច្បាស់ ពីរាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃ ចំពោះមន្ត្រីថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ  ដែលជាការលើកទឹកចិត្តដល់មន្ត្រីឱ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ។

ពាក់ព័ន្ធទៅនឹងការបម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់នោះ ឯកឧត្តម ប៊ុន ហ៊ុន បានផ្តោតសំខាន់ទៅលើការបង្កើតច្រកចេញចូលតែមួយដើម្បីបម្រើសេវាសាធារណៈឱ្យកាន់តែនៅជិតប្រជាពលរដ្ឋ ក្នុងការទំនាក់ទំនងនិងស្វែងរកនូវឯកសារផ្សេងៗ។ មួយវិញទៀត បញ្ហាគ្រឿងញៀន ក៏ត្រូវបានឯកឧត្តមសង្កត់ធ្ងន់ទៅលើអាជ្ញាធរនិងសមត្ថកិច្ចទាំងអស់ ត្រូវ រួមគ្នាសហការក្នុងការទប់ស្កាត់ ការបង្រ្កាបឱ្យបានទាន់ពេលវេលា ទាំងការធ្វើចរាចរ និងសេពគ្រឿងញៀនខុសច្បាប់។

ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តាំផ្ញើដល់លោកអភិបាលរងខេត្តថ្មី ដែលទើបចូលកាន់ តំណែងធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ខេត្ត ឱ្យមានការរីកចម្រើនបន្ថែម ទៀត  គឺយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋជាចម្បង ហើយក៏ត្រូវចេះ សាមគ្គីភាពផ្ទៃ ក្នុងគណៈអភិបាល លើការដឹកនាំ គ្រប់គ្រង បណ្តាមន្ទីរ ស្ថាប័ន និងអង្គភាពក្នុងខេត្តឱ្យបានល្អ ដោយបង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល ព្រមទាំងមានការទំនាក់ទំនងឱ្យបានល្អ ជាមួយមន្ទីរ ស្ថាប័ន អង្គភាព លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរ និងប្រជាជន ដោយខេត្តសៀមរាបជាតំបន់គោលដៅនៃភ្ញៀវទេសចរលើពិភពលោកចូលមក ទស្សនាកម្សាន្ត៕

ដោយ ហង្ស សៀក