ប្រធានប៉េតង់ពិភពលោក៖ មន្ត្រីអាជ្ញាកណ្តាល និងចៅក្រមកម្ពុជា នឹងត្រូវជ្រើស រើសសម្រាប់ការប្រកួតជើងឯកពិភពលោក នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ — ​ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​ពិភពលោក លោក Claude Azema បានអះអាងនៅក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមកីឡាប៉េតង់ នៅពហុកីឡដ្ឋានជាតិ កាលពីចុង​សប្តាហ៍នេះថា មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមកម្ពុជាមួយចំនួននឹងត្រូវបានជ្រើសរើសឱ្យធ្វើ​ជា អាជ្ញាកណ្តាល-ចៅក្រម ក្នុងការរៀបចំ និងការកាត់សេចក្តី សម្រាប់ការប្រកួតជើងឯកពិភព លោក នាខែវិច្ឆិកា ឆ្នាំ២០១៩ នៅព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ ផ្ទះ។

ប្រធានកីឡាប៉េតង់ពិភពលោករូបនេះបានលើកទឹកចិត្ត និងសរសើរពី​សិក្ខាកាមកម្ពុជា ​ដែល​បាន​ចូលរួម​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល​ចៅក្រម​កីឡា​ប៊ូល និង​ប៉េតង់ ដោយ ចាត់ទុកថា ពួកគេបានខិតខំសិក្សា និង​រីកចម្រើនដោយអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការ ចូលរួមកាត់សេចក្តី ក្នុងការប្រកួតជើងឯកពិភពលោក ជាលើកដំបូងនៅប្រទេសរបស់ខ្លួន។

លោក Claude Azema បានគូសបញ្ជាក់ថា នេះ​ជា​លើក​ទី២ ដែលលោក​បាន​មក​កម្ពុជា ហើយលោក​សង្កេត​ឃើញ​ថា សិក្ខាកាម​កម្ពុជា​មាន​ការរីកចម្រើន​ចំណេះដឹង​អាជ្ញាកណ្តាល​ចៅក្រម​នេះ ប៉ុន្តែ​យើង​គួរតែ​រៀន​ភាសា​អង់គ្លេស និង​ភាសា​បារាំង​បន្ថែម ដើម្បី​​អាច​បង្កើន​សមត្ថភាព​ខ្លួនឯងឱ្យ​ទៅ​ជា​អាជ្ញាកណ្តាល ​ចៅក្រម​កម្រិត​អាស៊ាន អាស៊ី និង​កម្រិត​ពិភពលោក​ នាពេលខាងមុខ​។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ​ក្រសួង​អប់រំ យុវជន និង​កីឡា មានប្រសាសន៍ លើកឡើងដែរថា កម្ពុជាមានសំណាង ដែលលោកប្រធានសហព័ន្ធប៉េតង់ពិភពលោកបាន មកបណ្តុះបណ្តាល ចែករំលែក​បទពិសោធន៍ របស់លោកដោយផ្ទាល់ ដូច្នេះឯកឧត្តមស្នើ​លោកគ្រូ និង​អ្នកគ្រូ​ទាំងអស់បន្ត​ការខិតខំបន្ថែម​ទៀត ព្រោះ​កីឡា​ប៉េតង់​របស់​យើង​មិន​ត្រឹម​តែ​សម្រិតសម្រាំង​លើ​បច្ចេកទេស​រក​មេដាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ត្រូវការ​មន្ត្រី​បច្ចេកទេស ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ផង​ដែរ ពិសេស​ការប្រកួត​ជើងឯក​ពិភពលោក​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នាពេល​ខាងមុខ​នេះ។

សូមបញ្ជាក់ថា វគ្គណ្តុះបណ្តាលនេះ ចែកចេញជាពីវគ្គ គឺវគ្គអជ្ញាកណ្តាល ចៅក្រម និង វគ្គគ្រូបង្វឹកដែល បានដំណើរការ និងបិទបញ្ចប់វគ្គ ក្នុងពេលដំណាលគ្នា កាលពីចុងសប្តាហ៍ កន្លងទៅ ដោយវគ្គគ្រូបង្វឹកបង្រៀន ដោយលោក Victor Nataf ដែល​ជា​នាយក​បច្ចេកទេស​សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ​ជា​គ្រូឧទ្ទេស៕

ដោយ ហេង ណាលីន