សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបង្ហាញសមិទ្ធផល ឆ្នាំ២០១៨ និងដាក់ទិសដៅអភិវឌ្ឍន៍ ឆ្នាំ២០១៩ ឈានទៅស៊ីហ្គេម ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ — សហព័ន្ធកីឡាម៉ូទឹកកម្ពុជាបានរៀបចំសន្និបាតបូកសរុបសកម្មភាពការងារឆ្នាំ២០១៨ និង លើក​ទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីពិនិត្យលទ្ធភាពហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើឱ្យ​ការហ្វឹកហាត់របស់កីឡាម៉ូតូទឹកកម្ពុជាពង្រឹងការគ្រប់គ្រង និងដឹកនាំផ្ទៃក្នុងសហព័ន្ធ ដើម្បី ធានាប្រសិទ្ធភាពការងារ ឆ្ពោះទៅដណ្ដើមយកមេដាយមាសពីការប្រកួត កីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានសហ ព័ន្ធកីឡាម៉ូតូទឹកកម្ពុជាគូសបញ្ជាក់ថា សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាទើបនឹងត្រូវ បានបង្កើត ឡើង ក្នុងឆ្នាំ២០១៧ ប៉ុន្តែសហព័ន្ធបានបង្កើតនូវរាល់សកម្មភាព និងសមិទ្ធផលដែលសហ ព័ន្ធសម្រេចបានគឺមានភាពរលូន​ និងទទួលបានជ័យជម្នះជាបន្តបន្ទាប់ទាំងការប្រកួតថ្នាក់ ជាតិ និងនៅលើឆាកអន្តរជាតិ។ ឯកឧត្តមបន្ដថា សហព័ន្ធបានដាក់សំណើរចុះឈ្មោះជា សមាជិកកីឡាម៉ូតូទឹកអន្តរជាតិ ដើម្បីទទួលបានកិច្ចគាំទ្រលើការបណ្ដុះបណ្ដាលបច្ចេកទេស និងមានការទទួលស្គាល់ជាអន្តរជាតិ។

កាលពីឆ្នាំ២០១៨កន្លងមកសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា សម្រេចបាននូវសមិទ្ធផលធំៗជាច្រើនតានរយៈការប្រកួតដណ្ដើមយកមេដាយមាស និងសំរឹទ្ធិ ពីកីឡាអាស៊ី នៅប្រទេសឥណ្ឌូណេស៊ី និងឈ្នះមេដាយមាស និងសំរឹទ្ធិពីព្រឹត្តិការណ៍ជើងឯក ពិភពលោកទៀតផង។

ជាមួយគ្នានេះដែរ សហព័ន្ធបានលើកទិសដៅឆ្នាំ២០១៩ ក្នុងការរៀបចំបណ្ដុះបណ្ដាល កីឡាករថ្នាល គ្រូបង្វឹក និងអជ្ញាកណ្ដាលឱ្យបានច្រើននៅតាមរាជធានីខេត្ត ​ដើម្បីរក្សាភាព ខ្លាំងរបស់ខ្លួនឈានទៅចូលរួម ប្រជែងមេដាយនៅលើឆាកអន្តរជាតិជាបន្តទៀត ជាពិសេស​គោលដៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ សហព័ន្ធក៏បាន លើកឡើងនូវបញ្ហប្រឈមួយចំនួន ដូចជាខ្វះខាតធនធានកីឡាករ សម្ភារហ្វឹកហាត់ ដោយ​ស្នើសុំឱ្យ​​មានការគាំទ្រទាំងធនធានថវិកា និងសម្ភារពីដៃគូឯកជន ក៏ដូចជារាជរដ្ឋាភិបាល កម្ពុជា ដើម្បីបន្តគោលដៅអភិវឌ្ឍន៍របស់ខ្លួនឱ្យទទួលបានលទ្ធផលផ្លែផ្កា នាថ្ងៃអនាគត៕

ដោយ ហេង ណាលីន