ម្ចាស់ចម្ការស្វាយចន្ទីនៅខេត្តសៀមរាបអះអាងថា ឆ្នាំនេះទិន្នផលគ្រាប់ស្វាយចន្ទី ទទួលបានផលល្អជាងឆ្នាំមុន

AKP សៀមរាប ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ — លោក ហ៊ុយ ភៀវ ម្ចាស់ចម្ការស្វាយចន្ទីជាង៨០០ហិកតា នៅឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាបបានឱ្យដឹងកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ថា ដោយសារតែមាន​ការ​ថែទាំបាន​ល្អ ទិន្នផលគ្រាប់ស្វាយចន្ទីរបស់លោកឆ្នាំនេះទទួលបានផលល្អប្រសើរជាងឆ្នាំមុន ប៉ុន្តែតម្លៃគ្រាប់ស្វាយចន្ទីពេលនេះលក់បានតម្លៃទាបជាងឆ្នាំមុន គឺក្នុង១គីឡូក្រាមលក់ បានតម្លៃ៥៩០០រៀល ខណៈដែលឆ្នាំមុនលក់បានតម្លៃ៨០០០រៀល។
លោកបានបន្តថា ដោយសារតែពេលនេះគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះ លោកមិន អាចលក់ចេញបានទេ គឺត្រូវ​ហាលគ្រាប់វាឱ្យស្ងួតហើយរក្សាទុកសិន រង់ចាំដល់ឡើងថ្លៃវិញ ទើបលក់ចេញ។លោកបានបញ្ជាក់ថា ការ​ធ្លាក់ថ្លៃគ្រាប់ស្វាយចន្ទីពេលនេះ សម្រាប់លោក គឺមិនបាន​ធ្វើ​ឱ្យប៉ះពាល់ដល់ការចំណាយសម្រាប់ការថែទាំ និងថ្លៃពលកម្មរបស់កម្មករនោះទេ ប៉ុន្តែវាបានធ្វើឱ្យបាត់ប្រាក់ចំណេញខ្លះ ព្រោះកាលពីលោកប្រមូលផលគ្រាប់ស្វាយចន្ទីដំបូង នៅ​ឆ្នាំ២០១៥ គឺតម្លៃលក់គ្រាប់របស់វាបានតែ៥០០០រៀលប៉ុណ្ណោះ ហើយពេលនោះ លោកទទួលបានប្រាក់ចំណេញសមរម្យ ប៉ុន្តែនៅឆ្នាំ២០១៦ ដល់ ឆ្នាំ២០១៨ គឺលោកលក់បាន តម្លៃ​ខ្ពស់ គឺក្នុង១គីឡូក្រាមតម្លៃ៨០០០រៀល ហើយលោកបានប្រាក់ចំណូលប្រមាណ ១លានដុល្លារក្នុងឆ្នាំ២០១៨ នៅលើផ្ទៃដីបង្កបង្កើនផលចំនួន៨០០ហិកតា។ ដូច្នេះសម្រាប់ឆ្នាំ២០១៩នេះបើយើងប្រញាប់លក់ក្នុងតម្លៃ៥៩០០រៀលនេះ យើងអាចទទួល បានប្រាក់ចំណេញដែរ តែតិចជាងឆ្នាំមុន។ តែបើយើងហាលវាឱ្យស្ងួតរក្សាទុក លក់នៅពេលវាឡើងថ្លៃវិញ ប្រាក់ចំណេញយើងក៏បានកើនជាងឆ្នាំមុនដែរ។

លោក ភឿន គឹមលី ប្រធាន​មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប​បាន​ឱ្យ​ដឹងថា ជាការ ពិតណាស់ពេលនេះគ្រាប់ស្វាយចន្ទីមាន​ការធ្លាក់ថ្លៃជាងឆ្នាំមុនបន្តិច សម្រាប់នៅក្នុងខេត្ត សៀមរាប ប៉ុន្តែការធ្លាក់តម្លៃនេះមិនធ្វើឱ្យប៉ះពាល់ប្រាក់ចំណេញរបស់បងប្អូនធ្ងន់ធ្ងរនោះទេ។

លោកបាន​បញ្ជាក់ថា មូលហេតុនៃការធ្លាក់ថ្លៃគ្រាប់ស្វាយចន្ទីនេះ គឺដោយសារតែ ផលគ្រាប់ស្វាយចន្ទីឆ្នាំនេះច្រើន យើងមិនទាន់មានទីផ្សារទូលំទូលាយ ដែលធ្វើឱ្យឈ្មួញអាច ទម្លាក់ថ្លៃបន្តិច។ ការធ្លាក់ថ្លៃគ្រាប់ស្វាយចន្ទីនេះ គឺចាប់ផ្តើមតាំងពីបុណ្យចូលឆ្នាំចិន និងវៀតណាមមក។ លោកបាន​បន្តថា គ្រាប់ស្វាយចន្ទីរបស់យើងភាគច្រើនគឺនាំចេញ ទៅប្រទេសវៀតណាម ដូច្នេះបើនៅវៀតណាម​មាន​បញ្ហាខាងទីផ្សារ វានិងធ្វើឱ្យប៉ះពាល់ ដល់យើងដែរ។ តែលោកសង្ឃឹមជឿជាក់ថា តម្លៃគ្រាប់ស្វាយចន្ទីនៅខេត្តសៀមរាប នេះនឹងល្អប្រសើរឡើងវិញ ព្រោះបច្ចុប្បន្ននេះមន្រ្តីជំនាញ​ពាក់ព័ន្ធកំពុងតែរកវិធី ដោះស្រាយ៕

ដោយ ឃុត សៅ