ខេត្តព្រះសីហនុ ចាប់ផ្តើមអនុវត្តន៍ជំរឿនប្រជាពលរដ្ឋ ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩

AKP ព្រះសីហនុ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩  -លោកស្រី ហៀក ហ៊ីមុល្លី អភិបាលស្តីទីខេត្តព្រះសីហនុ បានឱ្យដឹងថា សម្រាប់ខេត្តព្រះសីហនុ ចុះធ្វើជំរឿនប្រជាពលរដ្ឋលើកទី៣ ឆ្នាំ២០១៩  ចាប់ពីម៉ោង០០ យប់ឈានចូលថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ដោយផ្តោតសំខាន់លើគោលដៅចំនួនពីរ គឺទី១- នៅមន្ទីរពេទ្យបង្អែកចម្ការចេក ក្រុងព្រះសីហនុ និងគោលដៅទី២ កំពង់ផែស្វ័យតក្រុងព្រះសីហនុ និងបន្តទៅតាមចំណុចគោលដៅនៅទូទាំងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ ទន្ទឹមនោះ លោកស្រី ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចូលរួមសហការជាមួយមន្រ្តីជំរឿនដែលចុះទៅតាមខ្នងផ្ទះ ដើម្បីផ្តល់និងប្រមូលព័ត៌មានជំរឿនប្រជាពលរដ្ឋប្រកប ដោយតម្លាភាព ។

លោក ចាន់ សំអាត មន្រ្តីបច្ចេកទេសមកពីវិទ្យាស្ថានជាតិស្ថិតិ និងជាមន្ត្រីដឹកនាំធ្វើការជំរឿនប្រជាពលរដ្ឋឆ្នាំ២០១៩ បានឱ្យដឹងថា ជំរឿនគឺជាការរាប់ប្រជាពលរដ្ឋទាំងអស់គ្រប់ទីកន្លែងនៅទូទាំងប្រទេស ដើម្បីឱ្យដឹងពីចំនួនប្រជាពលរដ្ឋ និងស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីកសាងផែនការមួយសម្រាប់គោលដៅអភិវឌ្ឍន៍ប្រទេសជាតិ ។

លោក ចាន់ សំអាត បានបញ្ជាក់ថា ការធ្វើជំរឿននេះគឺយើងចែកជាពីរដំណាក់កាល ដែល ដំណាក់កាលទី១ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ មន្ត្រីរៀបចំផែនការជំរឿន ត្រូវចុះបញ្ជីគ្រួសារប្រជាពលរដ្ឋ និងបែងចែកមណ្ឌលជំរឿន ក្នុងមួយមណ្ឌលជំរឿន ត្រូវកំណត់យក ១២០គ្រួសារ ។ ចំណែកដំណាក់កាលទី២ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩មន្ត្រីជំរឿនទាំងអស់ចុះអនុវត្តន៍ផ្ទាល់តាមមណ្ឌលនីមួយៗរហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ និងត្រូវបិទបញ្ចប់ការជំរឿន ។ ការជំរឿនចាប់ផ្តើមស្របពេលគ្នា នៅទូទាំងប្រទេស ដើម្បីឱ្យមន្ត្រីជំរឿនចាប់ផ្តើមសម្ភាសន៍ និងរាប់ប្រជាពលរដ្ឋ ដើម្បីប្រមូលទិន្នន័យមួយជាក់លាក់ ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ប្រទេសជាតិ  ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលអាណត្តិទៅ៦ ៕

ដោយ ងូ សុមុនី