អភិបាលខេត្តរតនគិរី និង ខេត្តអត្តពឺប្រទេសឡាវ បើកកិច្ចប្រជុំទ្វេភាគីលើកទី៥

AKP រតនគិរី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ -នៅសាលាខេត្តរតនគិរី កាលពីថ្ងៃអាទិត្យ ១២​រោច​ខែមាឃ​ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩  អាជ្ញាធរខេត្តរតនគិរី ដឹកនាំដោយ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានរៀបចំកិច្ចប្រជុំទ្វេភាគីលើកទី៥ ស្តីពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយខេត្តអត្តពឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយ ឯកឧត្តម ឡេត សៃញ៉ាផន អភិបាលខេត្តអត្តពឺ ប្រទេសឡាវ។

ក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំខេត្តទាំងពីរបានលើកឡើង និង វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ និង ព័ត៌មានទៅវិញទៅមកក្នុង ឋានៈខេត្តជាប់ភូមិផងរបងជាមួយគ្នា សំដៅដោះស្រាយបញ្ហារួមគ្នា និង ពង្រឹងទំនាក់ទំនងនៃខេត្តទាំងពីរកាន់តែប្រសើរឡើង ។

ទន្ទឹមគ្នានេះផងដែរថ្នាក់ដឹកនាំខេត្តទាំងពីរបានអះអាងឡើងវិញក្នុងការប្តេជ្ញាចិត្តធ្វើការរួមគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀតលើគ្រប់វិស័យ ពិសេសអនុវត្តន៍នូវសេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍ CLV បន្តពង្រឹងនឹងបង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចនៃខេត្តទាំងពីរ ក្នុងការងារការពារបរិស្ថានព្រំដែនឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី និង ដុងអាំផាម ខេត្តអត្តពឺ បន្តសហការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបង្កភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាពាក់ព័ន្ធគ្រឿងញៀន ការជួញដូរមនុស្ស អាវុធជាតិផ្ទុះ ទំនិញខុសច្បាប់ និងការលួចកាប់ឈើជាដើម។ ជាមួយគ្នានេះថ្នាក់ដឹកនាំខេត្តទាំងពីរបានប្តេជ្ញាឯកភាពគ្នាគោរពបូរណភាពទឹកដី ចូលរួមសហការជួយដល់គណៈកម្មការចម្រុះក្នុងការបោះបង្គោល ការត្រួតពិនិត្យ ការថែរក្សាបង្កោលខណ្ឌសីមា ធានាបាននូវព្រំដែនមួយមានសន្តិភាព មិត្តភាព និងការអភិវឌ្ឍ ព្រមទាំងបន្តលើកគម្រោងស្នើសុំរដ្ឋាភិបាលប្រទេសទាំងពីរ លើការអនុម័តការសាងសង់ផ្លូវភ្ជាប់ខេត្តទាំងពីរស្របតាមស្មារតីដែលបានលើកឡើងក្នុងកិច្ចប្រជុំ CLV កាលពីពេលកន្លងទៅក្នុងខេត្តសៀមរាប និងស្នើសុំបើកច្រកទ្វារខេត្តទាំងពីរដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការទំនាក់ទំនង សួរសុខទុក្ខបងប្អូន វិស័យសុខាភិបាល ពិសេសគឺការដោះដូរផ្នែកសេដ្ឋកិច្ចទៅវិញទៅមក។

ប្រតិភូខេត្តទាំងពីរក៏បានជំរុញឱ្យមានការរៀបចំតាំងពិព័រណ៍ពាណិជ្ជកម្មប្តូរវេនគ្នា ដើម្បីលើកកម្ពស់ផលិតផល ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការផ្លាស់ប្តូរព័ត៌មានគ្នាក្នុងរបកគំហើញថ្មីៗលើវិស័យពាណិជ្ជកម្ម ។ ដោយឡែកពាក់ព័ន្ធវិស័យអប់រំ ត្រូវបន្តពង្រឹងសហប្រតិបត្តិការ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ដោយប្រគល់តួនាទីនេះឱ្យមន្ទីរអប់រំ យុវជន និងកីឡា ក្នុងការរៀបចំនិស្សិតចំនួន ០៣រូប ក្នុងមួយឆ្នាំទៅសិក្សាលើមុខវិជ្ជាភាសាខ្មែរ-ឡាវ។

ជាមួយគ្នានេះអាជ្ញាធរខេត្តរតនគិរី បានប្តេជ្ញាបន្តសហការផ្តល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានទាន់ពេលវេលាពាក់ព័ន្ធទៅនឹងជំងឺរាតត្បាតលើមនុស្ស សត្វនៅតាមព្រំដែន បន្តជំរុញអ្នកវិនិយោគលើវិស័យពាណិជ្ជកម្ម ថាមពល រ៉ែ អគ្គិសនី ទេសចរណ៍ និងផ្លាស់ប្តូរវិស័យវប្បធម៌សិល្បៈ អប់រំ យុវជន និងកីឡា និងបានឯកភាពបន្តរៀបចំកិច្ចប្រជុំដោយធ្វើម្ចាស់ផ្ទះប្តូរ វេនគ្នាក្នុងរយៈពេល ០២ឆ្នាំម្តង។ កិច្ចប្រជុំនេះ បានបញ្ចប់ទៅដោយមានការចុះហត្ថលេខាលើកំណត់ហេតុរួមមួយ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុតរវាងប្រតិភូថ្នាក់ដឹក នាំខេត្តទាំងពីរ៕

ដោយ ណយ នឿន (ប្រភព រដ្ឋាបាល ខេត្តរតនគិរី )