​អភិបាលខេត្តបន្ទាយមានជ័យជំរុញអាជ្ញាធរពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ដោះស្រាយ បញ្ហាទឹកស្រោចស្រពដំណាំកសិកម្ម និងទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋ

AKP បន្ទាយមានជ័យ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ -អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម សួន បវរ បានបន្តជំរុញទៅដល់មន្ទីរពាក់ព័ន្ធ​អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនសកម្មភាពក្នុងការចុះពិនិត្យមើលដើម្បីដោះស្រាយ​បញ្ហាទឹកស្រោចស្រពដំណាំកសិកម្ម ពិសេសស្រូវប្រាំង និងទឹកប្រើប្រាស់នៅតំបន់ដែលអាច​ប្រឈមខ្វះទឹកក្នុងរដូវប្រាំងនេះជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានោះ។

ក្នុងឱកាសចុះពិនិត្យមើលសកម្មភាព​របស់ក្រុមការងារជំនាញមន្ទីរធនធានទឹក និង ឧតុនិយមខេត្តក្នុងការជីកប្រឡាយនាំយកទឹកពីស្ទឹងស្រែងបញ្ចូលមកអាងត្រពាំងថ្មដែល​កំពុងរីងរាក់កាលពីថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម សួន បវរ បានថ្លែងសរសើរដល់ក្រុមការងារក្រសួង មន្ទីរធនធាន ទឹកដែលបានប្រឹង​ប្រែងក្នុងការនាំយកទឹកដើម្បី​មកសង្រ្គោះជាបន្ទាន់ ជូនដល់ប្រជាពលរដ្ឋ នៅស្រុកភ្នំស្រុកសម្រាប់ជីវិតសត្វគ្រប់ប្រភេទ និងជីវចម្រុះគ្រប់ប្រភេទនៅក្នុងអាងត្រពាំងថ្ម និង ដំណាំស្រូវប្រាំង គឺបានជួយទាន់ពេលវេលា។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានឱ្យ ដឹងថា ​ប្រឡាយដែលបានជីកភ្ជាប់ពីប្រឡាយបេតុងស្ទឹងស្រែងមានប្រវែង ៦.៨០០ម៉ែត្រ និង កាយភ្ជាប់ទៅក្នុងអាងត្រពាំងថ្ម ប្រវែង ៤.៥០០ម៉ែត្រទៀត សរុបប្រវែង ១១.៣០០ម៉ែត្រ ហើយ បានចប់ជាស្ថាពរនៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ។

ឯកឧត្តម សួន បវរ បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជាកន្លងមកនេះបានចេញ សារាចរណែនាំស្ដីពីការចាត់វិធានការ ការថែរក្សាទឹកនៅដើមឆ្នាំ២០១៩ ពិសេសក្នុងខែមេសា និង ខែឧសភា ដែលអាចប្រឈមទៅនឹងការខ្វះទឹក ដោយឆ្នាំនេះរដូវប្រាំងក្តៅហួតហែង សីតុណ្ហភាពអតិបរមា អាចឡើងពី ៤០ទៅ៤២អង្សាសេ។ ជាមួយគ្នានោះរាជរដ្ឋាភិបាល ហាម មិនឱ្យមានការធ្វើស្រែប្រាំងជាលើកទី២នោះទេ ដើម្បីរក្សាទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និង ស្រោចស្រពដំណាំរួមផ្សំផ្សេងៗ ក្រៅពីដំណាំស្រូវ ។

អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងទៀតថា អាជ្ញាធរខេត្តបានណែនាំទៅដល់ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ត្រូវបន្តខិតខំអប់រំប្រជាពលរដ្ឋយើងឱ្យចេះថ្លឹងថ្លែងក្នុងការប្រើ ប្រាស់ទឹកដោយមានកម្រិតសន្សំសំចៃដែលក្នុងនោះសុំកុំឱ្យប្រជាពលរដ្ឋធ្វើស្រែប្រាំងបន្ថែមទៀត ហើយក៏ត្រូវតែថែរក្សាទឹកនៅតាមត្រពាំង បឹងបួរ ធម្មជាតិទាំងអស់ហ្នឹងគឺថា មិន អនុញ្ញាតឱ្យបូមទឹកចាប់ត្រីនោះទេ ព្រោះយ៉ាងហោចណាស់រក្សាទុកទឹកទាំងអស់នេះដើម្បី ធានាការផ្គតផ្គង់ដល់ការប្រើប្រាស់ក្នុងរដូវប្រាំងនេះ បើមិនដូច្នោះទេយើងនិងជួបហានិភ័យ ខ្ពស់ណាស់លើបញ្ហាខ្វះទឹកនេះសម្រាប់ខេត្តបន្ទាយមានជ័យដូចកាលពីឆ្នាំ២០១៦កន្លងមកនេះ៕

ដោយ ឈុនសារ៉ាត