អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រគល់កាំភ្លើងធុនស្រាលជាង១ម៉ឺនដើម ជូនដល់ស៊ីម៉ាក់ ដើម្បីធ្វើការកម្ទេចចោល

AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ — កាំភ្លើងធុនស្រាលដែលខូចគុណភាព សរុបជាង១១.៩០០ដើម ដែលរក្សាទុកក្នុងឃ្លាំងរបស់​អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានប្រគល់ជូនមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន កម្ពុជា (CMAC) ដើម្បីយកទៅកម្ទេចចោល តាមបែបបទបច្ចេកទេស។

ក្នុងពិធីប្រគល់ និងទទួល អាវុធខូចគុណភាពរវាងអគ្គស្នងការដ្ឋានគរបាលជាតិ និងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន កម្ពុជា កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សេក ភូមី អគ្គ ស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា  ការប្រគល់អាវុធធុនស្រាលនាពេលនេះ ជា ចំណែកមួយនៃការអនុវត្តតាមអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ រវាង អគ្គស្នងការដ្ឋាននគរបាលជាតិ និងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា លើការងារកាត់ បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ។ ឯកឧត្តមបានបន្ដថា អគ្គស្នងការដ្ឋាននគរ បាលជាតិ និងស៊ីម៉ាក់ នឹងអាចរៀបចំនូវការប្រគល់-ទទួលអាវុធយុទ្ធភណ្ឌខូចគុណភាពមួយ ចំនួនទៀត ដែលបច្ចុប្បន្នកំពុងតែស្តុកទុកនៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ប្រគល់ឱ្យអង្គភាព CMAC តាមតំបន់យកទៅកម្ទេចចោល តាមបែបបច្ចេកទេស តាមពេល វេលាសមស្របណាមួយ។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលជាអគ្គនាយកមជ្ឈមណ្ឌល សកម្ម ភាពកម្ចាត់មីនកម្ពុជា បានលើកឡើងថា អង្គភាពទាំងពីរនេះ បានរួមសហការគ្នាកាន់តែស្អិត រមួត ក្នុងប្រតិបត្តិការកាត់បន្ថយគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតាមសហគមន៍ផ្តល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសដើម្បីបន្តពង្រឹងសមត្ថភាព មន្ត្រីនគរបាលជាតិនូវជំនាញកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាកម្លាំងស្នូល ក្នុងការ ឆ្លើយតបទៅនឹងសំណើលើករណីកម្ទេចគ្រាប់នៅតាមមូលដ្ឋាន។ ឯកឧត្តមបានបន្ដទៀតថា ក្នុងរយៈពេល ២៧ឆ្នាំមកនេះ ស៊ីម៉ាក់បានកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីនបានជាង ២.៧លានគ្រាប់ នៅក្នុងនោះក៏មានគ្រាប់អាវុធធន់ស្រាលប្រមាណជិត១០០តោនផងដែរ។

ឯកឧត្តមបានបន្ថែមថា ការកម្ទេចចោលនេះក៏បង្ហាញអំពីលុបបំបាត់កាត់បន្ថយ អំពើ ហិង្សា​ដោយប្រើប្រាស់អាវុធធុនស្រាលខុសច្បាប់ ជាពិសេសធានាថាកាំភ្លើងទាំងអស់នោះ មិនអាចយកមកប្រើប្រាស់សារជាថ្មីបាន។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើក១ហើយដែលស៊ីម៉ាក់ និងអគ្គស្នងការដ្ឋាននគរជាតិ បាន រួមគ្នាដើម្បីធ្វើការប្រគល់ និងទទួលយកអាវុធធុនស្រាលទៅកម្ទេចចោល ហើយភាគី​ទាំងពីរបានសហការគ្នាយ៉ាងល្អ។ គិតមកដល់ដើមឆ្នាំ២០១៩នេះ អង្គភាពស៊ីម៉ាក់ មាន​បណ្តាញ​មិនស្ម័គ្រចិត្តសរុប៣.០០៨នាក់ ដែលក្នុងនោះ បានសហការប្រើប្រាស់មន្ត្រី នគរបាលជាតិចំនួន៣៣០នាក់ អាជ្ញាធរមូលដ្ឋានចំនួន១,៧០៦នាក់ និងមន្ត្រីស៊ីម៉ាក់ចំនួន ៩៧២នាក់ ដែលកំពុងចូលរួមការងារអប់រំ ដើម្បីយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីននៅ តាមភូមិចំនួន១.៣១២ភូមិ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា