រដ្ឋបាលខេត្តកំពតប្រារព្ធទិវាជាតិទីក្រុងស្អាត បរិស្ថានល្អ លើកទី៧ ឆ្នាំ២០១៩

AKP កំពត ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ — ទីក្រុងស្អាត បរិស្ថានល្អ មានសោភណភាពស្រស់ត្រកាល ពិតជានាំមកនូវកំណើន ភ្ញៀវទេសចរ និងកំណើនសេដ្ឋកិច្ចឥតឈប់ឈរ ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជីវភាព ធូរធារ។ នេះជាការលើកឡើងពីសំណាក់ លោក ប៉ិល កុសល អភិបាលរងខេត្តកំពត ក្នុងទិវាជាតិ ទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ”ទីក្រុងស្អាត៖ទីក្រុងផ្តល់ភាពកក់ក្តៅ” នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅរង្វង់មូលទុរេនក្រុងកំពត។

លោក ប៉ិល កុសល បានបញ្ជាក់ថា ទិវាជាតិទីក្រុងស្អាត ពិតជាមានសារៈសំខាន់ ក្នុងការរួមគ្នាថែរក្សាបរិស្ថាន និងការកែប្រែសោភណភាពតំបន់នីមួយៗឱ្យកាន់តែស្រស់បំព្រង ពិសេសការផ្សព្វផ្សាយដើម្បីពញ្ញាក់ស្មារតីពលរដ្ឋគ្រប់រូបឱ្យចេះស្រលាញ់បរិស្ថាន ចេះសម្អាត ចេះអនាម័យនៅតាមលំនៅឋាន តាមទីសាធារណៈ ដោយគ្មានករណីបោះចោលសំរាម ឬកាកសំណល់រាយប៉ាយនៅតាមដងផ្លូវជាដើម។

លោក ប៉ិល កុសល បានបញ្ជាក់ថា ទិវាជាតិទីក្រុងស្អាត ដែលត្រូវប្រារព្ធធ្វើឡើងនេះ គឺជាសារមួយបាន និងកំពុងជំរុញដល់មហាជន អាជីវករ ពិសេសប្រជាពលរដ្ឋឱ្យកាន់តែ យល់ដឹង ស្តីអំពីបរិស្ថាន ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ប្រកបដោយអនាម័យ។ ទីក្រុងយើងស្អាត មានផាសុខសុវត្ថិភាពនឹងធ្វើឱ្យអ្នកទេសចរកាន់ តែសម្រុកចូលមកលេងកម្សាន្តនៅក្នុងខេត្តរបស់យើងកាន់តែច្រើនឡើងៗ ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមតំបន់នីមួយៗប្រកបការងារអាជីវកម្មកាន់តែច្រើន និងមានជីវភាពកាន់តែធូរធារពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

សូមបញ្ជាក់ថា ក្រោយពីរៀបចំទិវាជាតិទីក្រុងស្អាតនៅរង្វង់មូលទុរេនកំពតរួចមក គណៈអធិបតី ក៏ដូចជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ សុស្សានុសិស្ស ក្រុមអាជីវករ ក៏បានបែងចែកកម្លាំងគ្នាធ្វើអនាម័យ សម្អាតបរិស្ថាន នៅគ្រប់ដងផ្លូវ និងនៅតាមទីសាធារណៈនានាក្នុងក្រុងកំពត៕

ដោយ ប្រាក់ លាង