អ្នកនាំពាក្យអាកាសចរស៊ីវិល៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅ ខេត្តកណ្តាលមានស្តង់ដារប្រហាក់ប្រហែលអាកាសយានដ្ឋានប្រទេសអាស៊ានមួយចំនួន

AKP ភ្នំពេញ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩​  — អ្នកនាំពាក្យអាកាសចរស៊ីវិលបានឱ្យដឹងថា ការបង្កើតអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញថ្មីខ្នាត 4F លើផ្ទៃដីទំហំ ២៦០០ហិកតា ដែលអាចទទួលយន្តហោះខ្នាតធំបានស្ថិត នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ គឺមានស្តង់ដារប្រហាក់ប្រហែលអាកាសយាន ដ្ឋានប្រទេសអាស៊ានមួយចំនួន។

ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យអាកាសចរ ស៊ីវិលបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩នេះថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះមានទំហំប្រហាក់ប្រហែល នឹងអាកាសយានដ្ឋាននៅប្រទេសថៃ និងប្រទេសសិង្ហបុរី ដែលអាចប្រើប្រាស់ សម្រាប់ឱ្យយន្តហោះធុនធំហោះហើរផ្លូវឆ្ងាយរយៈពេលពី១២ ដល់ ១៦ម៉ោង ដូចជាទៅបារាំង ឬសហរដ្ឋអាមេរិក ហោះហើរចេញឬចុះចតបាន។ «យើងអត់ចាញ់ទេ អត់ចាញ់ព្រលាន យន្តហោះប្រទេសថៃ ម៉ាឡេស៊ី ឬក៏សិង្ហបុរីទេ បើធ្វើទំហំ២៦០០ហិកតានេះគឺសើ្ម សិង្ហបុរី ថៃសុវណ្ណភូមិ ហើយវាទៅជាការប្រឡងប្រណាំងផ្នែកអាកាសចរស៊ីវិលនេះយើង ប្រឡងប្រណាំងជាមួយគេហើយ»។ នេះជាការបញ្ជាក់បន្ថែមរបស់ ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ។ ឯកឧត្តម អ្នកនាំពាក្យឱ្យបានដឹងទៀតថា ការហោះហើរចន្លោះ១៥ទៅ១៦ម៉ោងចេញ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះទោះទៅទិសខាងកើតក៏ដោយខាងលិចក៏ដោយគឺស្មើពាក់កណ្តាលផែនដីហើយ នៅពេលអាកាសយានដ្ឋាននេះកើតឡើងវានឹងអាច ឱ្យអ្នកដំណើរ មកដល់កម្ពុជាដោយផ្ទាល់ដោយមិនបាច់ចុះចតនៅប្រទេសណា មួយមុនមកដល់កម្ពុជាដែលជាការខាតពេលវេលានោះទេ។

ឯកឧត្តមបន្ថែមថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរច្រើន ហើយប្រជាពលរដ្ឋកម្ពុជា ក៏មានការងារធ្វើច្រើននៅពេលយើងមានជើងហោះហើរត្រង់ជាមួយប្រទេសក្នុងតំបន់ និងពិភពលោកដោយផ្តើមចេញពីការវិនិយោគអាកាសយានដ្ឋានថ្មីនេះ។ ឯកឧត្ត បន្តទៀតថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ កិច្ចប្រជុំលើកទី១ គណៈកម្មការរៀបចំទីតាំង គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីទទួលបានលទ្ធផលចំនួន៩ ចំណុចក្នុងចំណោម៩ចំណុច មានចំណុចមួយដែលគណៈកម្មការបានប្រគល់ ភារកិច្ចជូន ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិលរៀបចំ កិច្ចព្រមព្រៀង ដាក់ពិគ្រោះយោបល់ជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ និងសុំការសម្រេច ពីរាជរដ្ឋាភិបាល ដើម្បីចុះហត្ថលេខាជាមួយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី ឯ.ក សិក្សាកំណត់តំបន់សុវត្ថិភាព នៃការហោះហើរ៕

ដោយ គង់ សិរីរ័ត្ន