អនុប្រធានទី១ រដ្ឋសភា៖ ក្រោមពន្លឺនៃសុខសន្តិភាព សេដ្ឋកិច្ចកម្ពុជាមានកំណើនជាលំដាប់

AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ — បច្ចុប្បន្ននេះក្រោមពន្លឺនៃសុខសន្តិភាព ដែលប្រសូត្រចេញពីនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជា ប្រមុខបានធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ កម្រិតជីវភាព របស់ប្រជាជនមានភាពប្រសើរ ដោយមានប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំ សម្រាប់មនុស្ស ម្នាក់ៗបានកើនឡើងពី ១,០៤២ដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០១៣ មកដល់ ១,៥៦៣ ដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ២០១៨។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១  រដ្ឋសភា បានមានប្រសាសន៍លើក ឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ២៩ ឆ្នាំ ព្រះសព ព្រះសរីយថេ កើត វ៉ាយ និង គម្រប់ខួប ១ ឆ្នាំ ព្រះសពព្រះធម្មស្សរោ ឈាង លី កាលពីព្រឹកថ្ងៃទី០១ ខែមីនា នេះ នៅវត្តសំរោង មានជ័យ ហៅវត្តលាពាក្យ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឯកឧត្តមបណ្ឌិតបានបន្តថា ឆ្លើយតបទៅនឹងការគាំទ្រ និងជំនឿទុកចិត្តរបស់ ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលអាណត្តិទី៦នេះ បានដាក់ចេញនូវកម្មវិធីនយោបាយ ៤ធំៗគឺ៖ ទី១. ធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព ភូមិ ឃុំ សម្រាប់ការរស់នៅ ដោយសុខក្សេមក្សាន្តរបស់ប្រជាជនគ្រប់ទិសទីក្នុងផ្ទៃប្រទេស ព្រមទាំងការពារ ឯករាជ្យ អធិបតេយ្យ និងបូរណ ភាពទឹកដី មិនឱ្យកម្លាំងណាមករំលោភបំពាន និងបំផ្លាញបានឡើយ។ ទី២.គឺការធានាការបន្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមគ្រប់វិស័យ ដោយផ្តោត ជាអាទិភាពទៅ លើការកែទម្រង់អភិបាលកិច្ចល្អ និងបន្តផ្តោតជាអាទិភាពខ្ពស់ទៅការវិនិយោគ លើមូលធនមនុស្ស និងការបង្កើនការវិនិយោគ ទាំងការវិនិយោគសាធារណៈ និងការវិនិយោគ ឯកជនលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ ទី៣. គឺការធានា ជំរុញលើកកម្ពស់ និងកែលម្អជីវភាពប្រជាជន តាមរយៈ ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ យុវជន ក្នុងការទទួលបានការងារធ្វើ ជួយកសិករ ក្នុងការពង្រីកផលិតកម្ម និងរកទីផ្សារ បន្តដំឡើង ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។ ជាមួយនេះរាជរដ្ឋាភិបាលបាន យកចិត្តទុកដាក់ការពារអាជីពជូនកម្មករ និយោជិត បន្តបង្កើនប្រាក់បៀវត្សរ៍ និងប្រាក់សោធននិវត្តជូនមន្ត្រី សាធារណៈ និវត្តជន និង អតីយុទ្ធជន ពង្រីកបណ្តាញផ្គត់ផ្គង់ និងបញ្ចុះ ថ្លៃអគ្គិសនី និងទឹកស្អាត និងទី៤. ធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅ របស់ប្រជាជនទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគតតាមរយៈការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធគាំពារសង្គមសម្រាប់ប្រជាជនគ្រប់រូប ពិសេស អ្នកក្រីក្រនិងជនងាយរងគ្រោះ និងមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរងគ្រោះដោយ មិនមានការយកចិត្តទុកដាក់ឡើយ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះសព ព្រះសរីយថេ កើត វ៉ាយ និងព្រះសពព្រះគ្រូធម្មស្សរោ ឈាង លី ដែលព្រះអង្គ ទាំងទ្វេ កាលព្រះអង្គនៅមានព្រះជន្មនៅឡើយ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ វិស័យព្រះពុទ្ធសាសនានៅខេត្តកំពង់ធំ ដោយព្រះអង្គបានបន្សល់ទុកនូវ សមិទ្ធផលជាច្រើន នៅវត្តសំរោងមានជ័យនេះ សម្រាប់ជាទី ដ៏សមគួរដល់ពុទ្ធបរិស័ទ និងកូនចៅជំនាន់ក្រោយ គោរពបូជា និងបួសរៀនព្រះធម៌។

ពាក់ព័ន្ធនឹងការបោះឆ្នោតឯកឧត្តមបណ្ឌិតបានពន្យល់ថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមក គឺបានធ្វើឡើង ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ដោយមានប្រជាពលរដ្ឋចំនួន ៨៣,០២ភាគរយ នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតបានទៅបោះឆ្នោត ដែលបានបញ្ជាក់យ៉ាងច្បាស់ ថាប្រជាពលរដ្ឋបានអនុវត្តន៍សិទ្ធិរបស់ខ្លួនដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងគោលការណ៍ លទ្ធិប្រជាធិបតេយ្យ។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បាននាំយកថវិកាចំនួន ២០លានរៀល ចូលរួមពិធីបុណ្យ  ព្រមទាំងបានប្រគេនមេគុណខេត្ត ៤០ម៉ឺនរៀល អនុគុណស្រុកកំពង់ស្វាយ ២០ម៉ឺនរៀល ប្រគេនព្រះសង្ឃ ៥អង្គក្នុង១អង្គ ១០ម៉ឺនរៀល   ឧបត្ថម្ភប្រជាជនចំនួន ១៣០០នាក់ក្នុងម្នាក់សារុងមួយ សិស្សានុសិស្សចំនួន៥៤៧នាក់ ក្នុងមួយនាក់ទទួលបាន សៀវភៅមួយក្បាល ប៊ិចមួយដើម ថវិកា៥ពាន់រៀល យុវជនកាយរិទ្ធិចំនួន៥០នាក់ ក្នុងម្នាក់ ១ម៉ឺនរៀល ជូនតាជី-យាយជីចំនួន២០០នាក់ ក្នុងមួយនាក់ក្រណាត់ស១ដុំ ថវិកាមួយម៉ឺនរៀល និងលោកគ្រូអ្នកគ្រួ៦០នាក់ ម្នាក់២ម៉ឺន៕

ដោយ ប៉ាល់ សុង