សម្តេចតេជោ ហ៊ុន សែន សម្រេចដកអភិបាលរងខេត្តព្រះសីហនុចំនួនពីររូប

AKP ភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន សម្រេចដកតំណែងអភិបាលរងខេត្តព្រះសីហនុចំនួនពីររូបដែលមានរឿងវិវាទដីធ្លីកើតឡើង​កន្លង​​មកថ្មីៗនេះ នៅក្នុងខេត្ដព្រះសីហនុ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្តេចតេជោ បានសរសេរថា “ថ្ងៃនេះខ្ញុំ បង្ខំចិត្តអនុវត្តន៍អភិក្រមទី៥ គឺការវះកាត់ដោយដកអភិបាលរងខេត្តព្រះសីហនុពីររូបចេញ ពីតំណែង។ ខ្ញុំត្រូវតែយកគ្រាប់គ្រួស និងខ្សាច់ចេញពីស្បែក ជើងទើបអាចដើរទៅមុខ ទៀត បាន។” សម្តេចតេជោបានបន្ថែមថា សម្ដេចគ្មានពេលនិយាយច្រើនជាមួយមន្ត្រី ខឹលខូចទៀត ទេព្រោះសម្ដេចបានអប់រំពួកគេច្រើនហើយ។ សម្ដេចតេជោបានអះអាងថា “ដល់ពេលនេះខ្លា ក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយ ឱ្យតែបំពានលើផលប្រយោជន៍ ប្រទេសជាតិ និងប្រជាជន”។

យោងតាមអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា អភិបាលរងខេត្ដ ព្រះសីហនុចំនួនពីររូបគឺលោក ស្រ៊ុន ស្រ៊ន់ ឋានន្តស័ក្តិឧត្តមន្ត្រីថ្នាក់លេខ៣ និងលោក ផៃ ប៊ុនវណ្ណៈ ឋានន្តស័ក្តិឧត្តមន្ត្រីថ្នាក់លេខ៥ ត្រូវបានបញ្ចប់មុខតំណែង៕

ដោយ ប៊ុនរិទ្ធ