ស្ថានទូតអាម៉េរិក និងមជ្ឈមណ្ឌល Education USA នឹងរៀបចំពិព័រណ៍អប់រំប្រចាំឆ្នាំ២០១៩ នាថ្ងៃទី០៤ ខែមីនាខាងមុខ នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ — ស្ថានទូតអាម៉េរិក និងមជ្ឈមណ្ឌល Education USA នៅកម្ពុជា នឹងរៀបចំ​ពិពិព័រណ៍មួយ ស្តីពីការអប់រំ​នៅក្នុងសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០១៩ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩  ដើម្បី បង្ហាញពីឱកាសសិក្សា​នៅក្នុងសហរដ្ឋអាមេរិក​ សម្រាប់សិស្ស និស្សិតកម្ពុជា។ នេះបើ យោង តាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ពិព័រណ៍​នេះ គឺជាកន្លែងពិសេសមួយ​សម្រាប់ឱ្យ សិស្ស និស្សិតកម្ពុជា ធ្វើការទាក់ទងជាមួយស្ថាប័នឧត្តមសិក្សា​នៅក្នុងសហរដ្ឋអាមេរិក ហើយ ឈ្វេងយល់ពីអត្ថប្រយោជន៍​ក្នុងការទទួលបានការសិក្សា ​នៅក្នុងសាកលវិទ្យាល័យ​នៅសហ រដ្ឋអាមេរិក។ នៅឆ្នាំនេះ តំណាង៣០ មកពីមហាវិទ្យាល័យ និងសាកលវិទ្យាល័យនៅសហរដ្ឋ អាមេរិក នឹងជជែកជាមួយសិស្ស និស្សិតកម្ពុជា អំពីកម្មវិធីសិក្សាដែលមានសញ្ញាប័ត្រ លក្ខខ័ណ្ឌ​ក្នុងការចុះឈ្មោះចូលរៀន និងឱកាសទទួលបានអាហា​រូប​ករណ៍ សម្រាប់សិក្សានៅ សហរដ្ឋអាមេរិក។ ទន្ទឹមនេះ អ្នកចូលរួមការតាំងពិព័រណ៍ដទៃទៀត នឹងផ្តល់ព័ត៌មានអំពី ទិដ្ឋាការសិស្សនិស្សិត  កម្មវិធីផ្លាស់ប្តូររបស់រដ្ឋាភិបាលអាម៉េរិក និងការផ្តល់ការប្រឹក្សាពីការ សិក្សា​នៅសហរដ្ឋអាមេរិក (EducationUSA )។

ក្នុងសេចក្ដីប្រកាសបានបន្ដទៀតថា សិស្សវិទ្យាល័យ ​និងនិស្សិតសាកលវិទ្យាល័យ​នៅ កម្ពុជាទាំងអស់ ដែលមានចំណាប់អារម្មណ៍​ ចង់សិក្សាថ្នាក់ឧត្តមសិក្សា​នៅសហរដ្ឋអាមេរិក ត្រូវបានស្វាគមន៍​ឱ្យចូលរួម​នៅក្នុងពិព័រណ៍​នេះ។ ឪពុកម្តាយ ​សិស្ស និស្សិតក៏ត្រូវបាន ស្វាគមន៍ និងលើកទឹកចិត្តឱ្យចូលរួមផងដែរ។

ជាមួយគ្នានេះដែរ EducationUSA គឺជាបណ្តាញមួយនៃក្រសួងការបរទេសសហរដ្ឋ អាមេរិក ដែលមានមជ្ឈមណ្ឌលផ្តល់ប្រឹក្សាដល់និស្សិតអន្តរជាតិចំនួន៤០០មជ្ឈមណ្ឌល នៅ​តាមប្រទេសជាង១៧០ នៅលើពិភពលោក។ បណ្តាញ​នេះ ​ផ្សព្វផ្សាយការសិក្សាថ្នាក់ឧត្តម​របស់សហរដ្ឋអាមេរិក​ទៅកាន់និស្សិតនៅជុំវិញពិភពលោកដោយ​​ផ្តល់​ព័ត៌មាន​ថ្មីៗ​ ពេញលេញ និង​ត្រឹមត្រូវ​ ស្តី​ពី​ឱកាស​សិក្សានៅ​តាម​ស្ថាប័ន​ឧត្តម​សិក្សា ​ដែលមានការទទួលស្គាល់ នៅក្នុង ស​ហរដ្ឋអាមេរិក។ លើសពីនេះទៀត EducationUSA ក៏ផ្តល់ផងដែរ​នូវសេវានានាដល់បណ្តា គ្រឹះស្ថានសហគមន៍កម្រិតឧត្តមសិក្សានៅសហរដ្ឋអាមេរិក ដើម្បីឱ្យជួយអ្នកដឹកនាំ​ស្ថាប័ន​ទាំងនោះអាចសម្រេចនូវការជ្រើសរើសនិស្សិតឱ្យចូលរៀន និងធ្វើឱ្យ​សាលារបស់គេមាន និស្សិតអន្តរជាតិរៀនច្រើន។ មជ្ឈមណ្ឌល EducationUSA គឺជាប្រភពព័ត៌មានផ្លូវការរបស់អ្នក ស្តីពីការសិក្សាថ្នាក់ឧត្តមនៅក្នុងសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា ពិព័រណ៍Education USA នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ២រសៀល ដល់ ៦ល្ងាច​ នៅសណ្ឋាគារ Great Duke Hotel អតីត​សណ្ឋាគារអាំងទែរ​កុង​ទី​ណង់​តាល់។ ទន្ទឹមនេះ អ្នកសារព័ត៌មានដែលចង់ធ្វើការសម្ភាសន៍ លោកភារធារី Michael Newbill នៃស្ថាន​ទូតអាម៉េរិកប្រចាំកម្ពុជា ស្តីពីប្រធានបទនេះបាន៕

ដោយ អ៊ុន រិទ្ធី