សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ចុះបឋមសិលាសាងសង់មន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន នៅខេត្តត្បូងឃ្មុំ

AKP ត្បូងឃ្មុំ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ -មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ស្ថិតក្នុងខេត្តត្បូងឃ្មុំ ដែលមានតម្លៃប្រមាណជិត ៥០​លានដុល្លារអាម៉េរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋ​ប្រជា​មា​​និតចិន ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

ឯកឧត្ដម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា  គ​ម្រោ​ង​សាងសង់មន្ទីរពេទ្យនេះ គឺជាគម្រោងធំទី២ ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាល​សា​ធារណរដ្ឋប្រជាមានិតចិន ដែលគម្រោងទី១ គឺមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: (ពេទ្យលោកសង្ឃ) ដែ​ល​ទើបធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។ គ​ម្រោ​ងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ លើផ្ទៃដីទំហំ ២៤.៣០០ម៉ែត្រក្រឡា លើ​ទំហំផ្ទៃដីសរុប ៥៥.៨១៥ម៉ែត្រការ៉េ។ គម្រោងនេះសាងសង់ក្នុង រយ:ពេល៤០ខែ ដោយ​យោ​ងតាមកិច្ចព្រមព្រៀង ត្រូវចាប់ផ្តើមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ និងចំណាយទឹក​ប្រាក់​អ​ស់​ ៣១០.០០០.០០០យ័ន (បីរយដប់លានយ័នចិន) ស្មើនឹង ៤៥,៦៦ លានដុល្លារអាម៉េរិក​ (សែ​សិបប្រាំ​លា​ន ប្រាំមួយរយហុកសិបពាន់ ដុល្លារសហរដ្ឋអាមេរិក។  ដោ​យ​ឡែកមន្ទីរពេទ្យ​នេះ​ មានគ្រែសរុបចំនួន ៣០០គ្រែ ដែលមានផ្នែកដូចជា៖ ផ្នែកជំងឺទូទៅ ផ្នែកជំងឺកុមារ ផ្នែក​ជំងឺ​ឆ្ល​ង ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកប្រពោធនកម្ម (ICU) ផ្នែកសង្គ្រោះបន្ទាន់, ផ្នែកវះកាត់, ផ្នែក​រោគ​ស្ត្រី​ និងសម្រាលកូន ផ្នែករូបភាពវេជ្ជសាស្ត្រ និងEndoscopy ផ្នែកមន្ទីរ ពិសោធន៍ ឱសថស្ថាន បន្ទប់រំងាប់មេរោគ ផ្នែកប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ និង ផ្នែកគាំទ្រ មានដូចជា រដ្ឋបា​លនិងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើត និងផ្ទុកអុកស៊ីសែន បន្ទប់ សម្អាតទឹកកខ្វក់ បន្ទប់ដា​ក់​កាកសំណល់វេជ្ជសាស្ត្រ និងសាលដាក់សាកសព។

ឯកឧត្ដមបានបន្តថា មន្ទីរពេទ្យថ្មីនេះ នឹង​​ក្លា​យ​​​ជាមន្ទីរពេទ្យប្រចាំតំបន់ គ្រប់ដណ្តប់ ប្រជាពលរដ្ឋមួយចំនួននៃខេត្តក្រចេះ រតនគិរី ស្ទឹង​ត្រែ​ង និងខេត្តមណ្ឌលគិរី ។ មន្ទីរពេទ្យ ធំថ្មីនេះ មានតម្រូវការបុគ្គលិកជំនាញប្រមាណ ៤៥៦​នាក់​បន្ថែ​​មទៀត។

ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាថ្លែងថា ក្នុងរយៈពេល ​ប៉ុ​ន្មាន​​ទសវត្សរ៍​កន្លងមកនេះ ប្រជាជនចិនបានឱ្យតម្លៃទៅលើមនោសញ្ចេតនា  និងការប្រកាន់​ពាក្យ​សច្ចៈ ផ្សារភ្ជាប់មិត្តភាពរវាងប្រទេសចិន និងកម្ពុជា ដោយមនោសញ្ចេតនាពិតៗ មិត្តភាព​យូ​អង្វែងរឹងមាំរវាងប្រទេសយើងទាំងពីរ ប្រៀបដូចជាព្រះរាជបន្ទូលសម្ដេចព្រះ បរមរតនកោដ្ឋ នរោត្ដម សីហនុ ដែលទ្រង់តែងតែមានព្រះរាជបន្ទូលទៅនឹងផ្កាស្រស់ ដែល មិនដែលស្រពោន ​ហើយ​​រីកក្រោមមេឃស្រឡះជារៀងរហូត។ ខ្ញុំសង្ឃឹមថាមន្ទីរពេទ្យនេះ នឹងក្លាយទៅជាស្ពាន​មួយ ​ដើម្បីតភ្ជាប់មិត្តភាពរវាងចិន និងកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែង​អំ​ណរ​គុ​ណ​យ៉ាងជ្រាលជ្រៅ ចំពោះប្រជាជន និង​រដ្ឋាភិ​បាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានយក​ចិត្ត​​ទុក​ដាក់ក្នុងការផ្ដល់ជំនួយឥត សំណង ​ក៏​ដូចជាកម្ចីសម្បទាននានា ព្រមទាំងជំរុញអ្នក​វិនិ​យោ​គ និងទេសចរណ៍មកកម្ពុជា ដែល​រួម​ចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍប្រ​ទេស​ក​ម្ពុ​​ជា។

គួរបញ្ជាក់ដែរថា ខេត្តត្បូងឃ្មុំ ជាខេត្តទើបបង្កើតថ្មី ដោយកាត់ចេញពីខេត្តកំពង់ចាម កា​ល​ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ដោយគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបង្កើតថ្មីទាំងអស់។ មន្ទីរ​សុ​ខា​ភិ​បាល​ខេត្តត្បូងឃ្មុំ មានបុគ្គលិក មន្រ្តីសុខាភិបាលចំនួន ៩៩៨នាក់ ក្នុងនោះស្ត្រី​៤៦៧​នាក់​ មានមន្ទីរពេទ្យបង្អែកចំនួន ០៦ មណ្ឌលសុខភាពចំនួន៦៨ និងប៉ុស្តិ៍សុខភាពចំនួន០២ ដែល​គ្របដណ្តប់ប្រជាពលរដ្ឋប្រមាណ ៨៤៣.៣១០នាក់៕

ដោយជឹម ណារី