មន្ត្រីបរិស្ថាន និងតំណាង WB ពិភាក្សាលើគម្រោង និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ

AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ -នៅទីស្តីការក្រសួងថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំចរ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូធនាគារពិភពលោក( WB ) ដឹកនាំដោយ លោកស្រី Anjali Acharya ប្រធានក្រុមការងារចំពោះកិច្ច ក្នុងការរៀបចំគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ» ។

នៅក្នុងអត្ថបទព័ត៌មានដែលចេញផ្សាយដោយក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងជំនួបនេះ លោកស្រី Anjali Acharya បានបង្ហាញពីដំណើការ និងវឌ្ឍនភាពនៃការរៀប ចំគម្រោង និងបានស្នើសុំអនុសាសន៍នានា ដើម្បីធានានូវនិរន្តរភាពរបស់គម្រោង« និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ » ដែលជាគម្រោងកម្ចីពីធនាគារពិភពលោក មានទឹកប្រាក់ប្រមាណ ៥៣លានដុល្លារអាម៉េរិក សម្រាប់អនុវត្តន៍នៅដើមឆ្នាំ២០២០ ក្នុងខេត្តគោលដៅចំនួន ៧ គឺខេត្តកំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ និងខេត្តកំពង់ឆ្នាំង។

ប្រភពដដែលបានបន្តថា ជាការឆ្លើយតប ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានស្វាគមន៍ និងគាំទ្រចំពោះការរៀបចំឱ្យមានគម្រោងនេះឡើង ហើយឯកឧត្តម បានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ ទាំងនៅក្នុងដំណាក់កាលរៀបចំគម្រោង ដំណាក់កាលអនុវត្តន៍គម្រោង និងក្រោយពេលបញ្ចប់គម្រោង ជាពិសេសគឺកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ការចូលរួមពីសហគមន៍មូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីការរៀបចំគោលនយោបាយយុទ្ធសាស្ត្រ និងឯកសារ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ផែនការ និងការអនុវត្តគម្រោង ធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេស គឺការធានាបាននូវនិរន្តរភាពរបស់គម្រោង ៕

ដោយ ពេជ្រ ណារិទ្ធ