ប្រធាន CAMSOC ជំរុញគ្រប់ភាគីពាក់ព័ន្ធពន្លឿនផែនការមេឱ្យបានលឿន សម្រាប់ ស៊ីហ្គេម ឆ្នាំ២០២៣

AKP ភ្នំពេញ​ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ — គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ហៅកាត់ CAMSOC បានបើក កិច្ចប្រជុំមួយ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានមិត្តភាពទីស្ដីការគណៈ រដ្ឋមន្ត្រី ដែលដឹកនាំអង្គប្រជុំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ ដើម្បីជជែក គ្នាស្វែងរកដំណោះស្រាយលើចំណុចអវិជ្ជមាន និងពន្លឿនការរៀបចំធ្វើម្ចាស់ផ្ទះ ឈានទៅរក ភាពជោគជ័យ នៃការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជា ម្ចាស់ផ្ទះ។ថ្លែងនៅក្នុងកិច្ចប្រជុំ សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC បាន​ជំរុញ ដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យពន្លឿនការអនុវត្តផែនការមេកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលមាន​ពេល​​វេលាកាន់តែខ្លីទៅៗ។ សម្ដេចប្រធានបានដាក់ចេញនូវផែនការមួយចំនួន ដូចជាត្រូវធ្វើ កំណត់ហេតុមួយឱ្យបានច្បាស់លាស់ ស្តីពីលទ្ធផលនៃ កិច្ចប្រជុំក៏ដូចជាផែនការនៃកិច្ច ប្រជុំ ទៅរាជរដ្ឋាភិបាល។ ទន្ទឹមនេះ ត្រូវបន្តរៀបចំពិគ្រោះយោបល់គម្រោងថវិកាមួយចំនួន ទៀតជា មួយក្រសួងអប់រំ យុវជន និងកីឡា។ សម្ដេចពិជ័យសេនាបានសង្កត់ធ្ងន់ទៅលើការបើក​អគ្គលេខាធិការដ្ឋាន ឬការិយាល័យ CAMSOC ឱ្យបានលឿនដោយជំរុញឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យលទ្ធភាព ក្នុងការផ្ដល់ថវិកាឱ្យបានឆាប់រហ័ស។ ជាងនេះទៅទៀត​សម្ដេច ពិជ័យសេនាក៏បានអនុញ្ញាត និងសម្រេចក្នុងអង្គប្រជុំអំពីបទបញ្ជាផ្ទៃក្នុង របៀបរបបធ្វើការងារ តួនាទី ភារកិច្ច របស់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិស៊ីហ្គេម ឆ្នាំ២០២៣។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឱ្យដឹង ថា ក្រោមការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ កិច្ចប្រជុំនេះ​បានទទួលលទ្ធផល លើ៤ចំណុចធំៗដូចជា ទី១. កំណត់ហេតុច្បាស់លាស់មួយ សម្រាប់បញ្ជូនទៅរាជរដ្ឋាភិបាល។ ទី២. បន្ដរៀបចំគម្រោងថវិកាជាមួយ ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការទ្រទ្រង់ ការ រៀបចំផែនការ និងការអនុវត្តការងារផ្សេងៗ។ ទី៣. សម្ដេចពិជ័យសេនាបាន ពន្លឿនការ បើកអគ្គលេខាធិការដ្ឋាន CAMSOC ដើម្បីធានាប្រសិទ្ធភាពអនុវត្តន៍សកម្មភាពរបស់ខ្លួន និងទី៤. សម្ដេចពិជ័យសេនាបានសម្រេចក្នុងអង្គប្រជុំ ស្ដីពីបទបញ្ជា និងរបៀបធ្វើការ ទៅតាម​តួនាទីរៀងៗខ្លួន ដោយសម្រេចឱ្យ រៀបចំបទបញ្ជាផ្ទៃក្នុង​ ដើម្បីចុះហត្ថលេខាទៀតផង។

សូមបញ្ជាក់ថា សម្រាប់សមាសភាពចូលរួម មានឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, ឯកឧត្តម ម៉ម ​ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីជាន់ខ្ពស់ៗសំខាន់ៗជាច្រើនរូបទៀត ដែលជា សមាជិកនៃ CAMSOC៕

ដោយ ហេង ណាលីន