អភិបាលខេត្តត្បូងឃ្មុំដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្ស សម្អាត បរិស្ថានជុំវិញរដ្ឋបាលសាលាខេត្ត

AKP ត្បូងឃ្មុំ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ -ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយអភិបាលរងខេត្ត បានដឹកនាំមន្ត្រីរាជការសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងសិស្សានុសិស្ស សម្អាតបរិស្ថានជុំវិញសាលាខេត្ត តាមដងផ្លូវ និងពិសេសតាមមាត់ទន្លេសិប្បនិម្មិត ដែលជាកន្លែងកម្សាន្ត របស់ភ្ញៀវទេសចរ កាលពីថ្ងៃពុធ ៨រោច ​ខែមាឃ ​ឆ្នាំច ​សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ។

ឯកឧត្ដមអភិបាលខត្តមានប្រសាសន៍ថា ដើម្បីបំផុសឱ្យប្រជាពលរដ្ឋរួមគ្នាស្រឡាញ់ បរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មិនចោលពាសវាលពាសកាលនោះ រដ្ឋបាលខេត្តតែងតែបានដឹកនាំមន្ត្រីរាជការ និងសិស្សានុសិស្ស សម្អាតបរិស្ថានជុំវិញសាលាខេត្ត និងតាមទីប្រជុំជន ក្រុង ស្រុក ផងដែរ។

ឯកឧត្ដមបានលើកឡើងថា អាជ្ញាធរខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត សិស្សានុសិស្ស រួមជាមួយប្រជាពលរដ្ឋ ធ្វើការសម្អាតបរិស្ថាននាពេលនេះ គឺជាសារមួយដើម្បីពញ្ញាក់ស្មារតី ក៏ដូចជាការបំផុសឱ្យប្រជាពលរដ្ឋ រួមគ្នាលើកកម្ពស់អនាម័យ បរិស្ថាន ស្រឡាញ់បរិស្ថាន ដើម្បីលុបបំបាត់វប្បធម៌ចោលសំរាមពាសវាលពាសកាល ដោយនាំគ្នាទុកដាក់សំរាមក្នុងធុងសំរាម ឬវេចខ្ចប់ឱ្យបានត្រឹមត្រូវ ក្នុងន័យនេះគឺបរិស្ថានស្អាត ផ្តើមចេញពីយើងគ្រប់គ្នា ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ ក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរួមគ្នាធ្វើយុទ្ធ នាការសម្អាតបរិស្ថាន ដើម្បីពញ្ញាក់ស្មារតីប្រជាពលរដ្ឋ រួមគ្នាសម្អាតបរិស្ថានពិសេសនៅតាមទីសាធារណៈ និងធ្វើអនាម័យទាំងនៅក្នុងផ្ទះ ដើម្បីទទួលបានបរិស្ថានស្អាត ខ្យល់អាកាសបរិសុទ្ធ សម្រាប់សុខភាពយើងទាំងអស់គ្នា ជាពិសេសជួយលើកតម្កើងមុខមាត់ខេត្ត តាមរយៈសោភណភាពស្អាត គ្មានសំរាម ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅខេត្តត្បូងឃ្មុំ ៕

ដោយសោម ឫទ្ធី