អន្តរក្រសួងពិនិត្យ និងវាយតម្លៃហេតុប៉ះពាល់បរិស្ថានលើគម្រោងបង្កើតរោងចក្រផលិត ថ្នាំពេទ្យ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ -នៅទីស្តីការក្រសួង ថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតរោងចក្រផលិតថ្នាំពេទ្យ។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងបង្កើតរោងចក្រផលិតថ្នាំពេទ្យ (ឱសថបុរាណ) លើផ្ទៃដីទំហំ ២៦.៥៧៤ម៉ែត្រក្រឡា មានទីតាំងនៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង របស់ក្រុមហ៊ុន NI MEI (CAMBODIA) PHARMACEUTICAL CO.,LTD. (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា អ ស៊ី ប៊ី ស៊ី ស៊ី (RCBCC CO., LTD.)។

ប្រភពខាងលើបន្តថា បន្ទាប់ពីមានកិច្ចពិភាក្សារួចមក អង្គប្រជុំបានសម្រេចគាំទ្រចំពោះគម្រោងវិនិយោគនេះ ហើយបានស្នើសុំឱ្យក្រុមហ៊ុនធ្វើការកែសម្រួលគោលការណ៍លើកិច្ចគាំពារបរិស្ថាន នៅកន្លែងទីតាំងគម្រោងឱ្យបានត្រឹមត្រូវ។ លើសពីនេះកិច្ចប្រជុំអន្តរក្រសួងបានស្នើឱ្យក្រុមហ៊ុនវិនិយោគ យកចិត្តទុកដាក់ចំពោះការគ្រប់គ្រងសំណល់រឹង-រាវ ការទុកដាក់សារធាតុគីមី ឱ្យបានត្រឹមត្រូវផងដែរ។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋានពាក់ព័ន្ធ នៃក្រសួងបរិស្ថាន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងសុខាភិបាល ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងការងារនិង  បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ (ជំនាញរដ្ឋបាលជលផល) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរបរិស្ថានខេត្តបាត់ដំបង តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន NI MEI (CAMBODIA) PHARMACEUTICAL CO.,LTD. (ម្ចាស់ គម្រោង) និងក្រុមហ៊ុនទីប្រឹក្សា អ ស៊ី ប៊ី ស៊ី ស៊ី(RCBCC CO., LTD.) ផងដែរ៕

ដោយ ពេជ្រ ណារិទ្ធ