ក្រសួងរៀបចំដែនដី រៀបចំវេទិកាសាធារណ:ឯកជនលើកទី១ស្តីពីការអភិវឌ្ឍ​នគរូបនីយកម្ម​រវាងកម្ពុជា-ជប៉ុន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៩ — វេទិកាសាធារណ:ឯកជនលើកទី១ស្តីពីការអភិវឌ្ឍន៍នគរូនីយកម្មកម្ពុជា-ជប៉ុន រៀបចំដោយ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ព្រះរាជាណាចក្រកម្ពុជា សហការជាមួយ ក្រសូងដីធ្លីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ដើម្បីលើកកម្ពស់ការ​អភិវឌ្ឍផ្នែកនគរូបនីយកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។វេទិកានេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៩ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋរមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងឯកឧត្តម YUKI Fumihiko អនុរដ្ឋមន្រ្ដី នៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ថា ការរៀបចំវេទិកានេះឡើងក្នុង គោលបំណងជំរុញបង្កើតឱកាសធុរ:កិច្ច និងវិនិយោគមកពីប្រទេសជប៉ុនមកបណ្ដាក់ទុន វិនិយោគនៅកម្ពុជាលើកការអភិវឌ្ឍនគរូបនីយកម្មដែលរួមមានការអភិវឌ្ឍអចនទ្រព្យ និង ការអភិវឌ្ឍសំណង់លំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ធ និងបរិស្ថានទីក្រុង ដែលកំពុងមានកំណើននៅក្នុងល្បឿនយ៉ាងលឿន។ ឯកឧត្តមបាន បញ្ជាក់ថា វេទិកាលើកទី១នេះមានក្រុមហ៊ុនជប៉ុនចំនួន៥៨ក្រុមហ៊ុន និងក្រុមហ៊ុនកម្ពុជា១២៣ ក្រុមហ៊ុនបានចូលរួម ហើយការរៀបចំវេទិកានេះគឺជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាល​ជប៉ុនដែលបានសម្រេចជ្រើសរើសកម្ពុជាជាប្រទេសទី១ក្នុងចំណោមប្រទេសអាស៊ានសម្រាប់រៀបចំវេទិកាសាធារណ:ឯកជនដំបូងគេ ដើម្បីអភិវឌ្ឍន៍នគរូបនីយកម្មដែលបានបង្ហាញ​ការ​ជឿជាក់អ្នកវិនិយោគជប៉ុនលើសក្តានុពលសេដ្ឋកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ បច្ចុប្បន្ននៅ កម្ពុជាមានក្រុមហ៊ុនជប៉ុនប្រមាណ៨៦ក្រុមហ៊ុន បានប្រើប្រាស់កម្មករកម្ពុជាចំនួន២០.០០០ នាក់ និងមានទុនវិនិយោគប្រមាណ៤២៥លានដុល្លារ កំពុងប្រតិបត្តិការនៅតាមតំបន់ សេដ្ឋកិច្ចពិសេសនានានៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩នេះ ទុនវិនិយោគ លើការអភិវឌ្ឍវិស័យសំណង់មានប្រមាណ៤៣.៨៩៦លានដុល្លារ នៅខែមករាឆ្នាំ២០១៩ នេះទុនវិនិយោគលើវិស័យសំណង់មានប្រមាណ៨២៩លានដុល្លារ កើនឡើង១៧៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនសិក្សាគម្រោង ប្លង់ដែលមានអាជ្ញាប័ណ្ណមានចំនួន២.៣០៧ក្រុមហ៊ុន មានស្ថាបត្យករប្រមាណ២.៥០០នាក់ និងមានវិស្វករប្រមាណ៣០.០០០នាក់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបានលើកឡើងថា ការអភិវឌ្ឍនគរូបនីយកម្មនៅកម្ពុជា ដែលកំពុងមានកំណើនក្នុងសន្ទុះដ៏លឿន​នាពេលបច្ចុប្បន្ននេះ អាចមើលឃើញពីតម្រូវការ វិនិយោគជាច្រើនដូច​ជាការអភិវឌ្ឍសំណង់លំនៅឋាន សំណង់ពាណិជ្ជកម្ម សំណង់សេវាកម្ម សំណង់ឧស្សាហកម្ម សំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ និងបរិស្ថាន សេដ្ឋកិច្ចសង្គម។ ជាពិសេសការអភិវឌ្ឍ​លំនៅឋានតម្លៃសមរម្យ បណ្តាញផ្លូវ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ប្រព័ន្ធលូ និងប្រព័ន្ធការពារទឹកជំនន់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹង រាវ លំហរសាធារណ: និងផ្ទៃបៃតងបរិស្ថានទីក្រុង ដែលសុទ្ធសឹងជាដំណោះស្រាយប្រកប​ដោយប្រសិទ្ធភាពសំរាប់គោលដៅអភិវឌ្ឍន៍ប្រកបទៅដោយស្ថិរភាព។

ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីក៏បានអំពាវដល់ក្រុមហ៊ុនវិនិយោគជប៉ុន ចាប់ឱកាសចូល មកវិនិយោគ ឬចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ហើយក្រសួង រៀបចំដែនដី នគរូនីយកម្ម និងសំណង់រង់ចាំផ្តល់កិច្ចសហការសម្របសម្រួល ព្រមទាំង ផ្តល់ សេវាគ្រប់យ៉ាងក្រោមសមត្ថកិច្ចរបស់ខ្លួនជូនវិនិយោគទុនទាំងអស់ដោយសេចក្តីរីករាយ៕

ដោយ សំ សាម៉ន