ឯកឧត្ដម ឃួង  ស្រេង ហាមរថយន្តធំៗចេញ ចូល ក្នុងរាជធានីភ្នំពេញ ចាប់ពី៦ព្រឹក រហូតដល់ម៉ោង៩យប់

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង  ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមប្រជុំជាមួយ អាជ្ញាធរខណ្ឌទាំង១២ សមត្ថកិច្ចពាក់ព័ន្ធ និងម្ចាស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍នៅក្នុង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលារាជធានី ដើម្បីណែនាំពីការងារមួយចំនួន ដែលពាក់ព័ន្ធនឹងការហាមរថយន្តធំៗ ចេញ ចូលក្នុងរាជធានី ខណៈដែលរាជធានីភ្នំពេញ កំពុងប្រឈមនឹងការកកស្ទះចរាចររាល់ថ្ងៃ។ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ចំពោះរថយន្តធុនធំដឹកទំនិញគ្រប់ប្រភេទ គឺចាប់ពីថ្ងៃនេះទៅ គឺមិនមានការអនុញ្ញាតឱ្យចេញចូលរាជធានីភ្នំពេញនៅពេលថ្ងៃជា ដាច់ខាត គឺចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៩យប់។ ដោយឡែកសម្រាប់ រថយន្តក្រឡុកស៊ីម៉ង់ត៍ ដែលត្រូវបំពេញការងាររបស់ខ្លួនស្របពេលដែលវិស័យសំណង់ នៅក្នុងរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើន គឺរថយន្តប្រភេទនេះអាចអនុញ្ញាតឱ្យចេញ ចូលក្នុងរាជធានីភ្នំពេញ នៅអំឡុងពេលថ្ងៃបាន ដោយកំណត់ពេលវេលាច្បាស់លាស់។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ចំពោះរថយន្តក្រឡុកស៊ីម៉ង់ត៍អាចធ្វើ ចរាចរណ៍ បាននៅម៉ោង៩ព្រឹក ប៉ុន្តែត្រូវផ្អាកនៅម៉ោង១១ព្រឹក, ម៉ោង២រសៀល និងម៉ោង៥ល្ងាច  ព្រោះម៉ោងនេះ ជាម៉ោងដែលកម្មករ និយោជិត សិស្សានុសិស្ស ចេញពីសាលារៀន និងចេញពីបំពេញការងារផ្សេងៗទៀតផងដែរ។

ឯកឧត្ដម ឃួង ស្រេង  ក៏បានណែនាំឱ្យម្ចាស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ទាំងអស់ ត្រូវតាមដាន និងត្រួតពិនិត្យទៅលើអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍ទាំងអស់ ចៀសវាងឱ្យ បាននូវការប្រើប្រាស់គ្រឿងញៀន យើងត្រូវរួមគ្នាឱ្យរាជធានីភ្នំពេញរបស់យើងមាន សណ្ដាប់ធ្នាប់ល្អប្រសើរ។  ប៉ុន្តែទោះបីជាយ៉ាងណាក្តី ចំពោះរថយន្តដឹក ទំនិញធុនធំ គ្រប់ប្រភេទ គឺមិនអនុញ្ញាតឱ្យចេញ ចូលរាជធានីភ្នំពេញជាដាច់ខាត ចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៩យប់។ សមត្ថកិច្ចនៅតាមគោលដៅទាំងអស់ គឺត្រូវពិនិត្យ ចំពោះការចេញចូលរថយន្តធំយ៉ាងនេះ តែបើមានបញ្ហារថយន្តធំ នៅតែមានចូលក្រុងតាម គោលដៅណា គោលដៅនោះគឺជាអ្នកទទួលខុសត្រូវចំពោះរដ្ឋបាលរាជធានីភ្នំពេញ៕

ដោយ សួស សំរិត​