ក្រសួងពាណិជ្ជកម្ម កំណត់គោលដៅយុទ្ធសាស្ត្រ ៦ចំណុច បន្តពង្រឹងនិងលើកកម្ពស់វិស័យ សហគ្រាសធុនតូច និងមធ្យម

AKP ភ្នំពេញ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ — ក្រសួងពាណិជ្ជកម្ម កំណត់គោលដៅយុទ្ធសាស្ត្រ៦ចំណុច ដើម្បីបន្តពង្រឹងការអភិវឌ្ឍ និង លើកកម្ពស់ សហគ្រាសធុនតូច និងមធ្យម ដែលមានស្រាប់ និងទើបបង្កើតថ្មី ។ឯកឧត្តម ថៅ សុខមុនី អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ពីរទស្សវត្សចុងក្រោយនេះប្រទេសកម្ពុជាបានសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់ គួរជាទី មោទនៈ ក្នុងវង្វង់៧ភាគរយ ដែលសមិទ្ធផលនេះបានឆ្លុះបញ្ចាំងពីការរីកចម្រើន និងការ អភិវឌ្ឍលើគ្រប់វិស័យ ដោយកើតចេញពីការសហការគ្នាយ៉ាងសស្រាក់សស្រាំរវាងរាជរដ្ឋាភិ បាលកម្ពុជា និងវិស័យឯកជន ដោយក្នុងនោះវិស័យSMEs បាននឹងកំពុងចូលរួមចំណែក យ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ការលើកឡើងនេះ គឺនៅក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការជំរុញពាណិជ្ជកម្មរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា កាលពីដើម សប្ដាហ៍នេះ។

ឯកឧត្តម ថៅ សុខមុនី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់គោលដៅយុទ្ធ សាស្ត្រក្នុងការបន្តពង្រឹង ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម លើកកម្ពស់សហគ្រិនភាព និងសហគ្រាសបង្កើតថ្មី ដោយផ្តោតអាទិភាពលើ ០៦ចំណុច ដោយទី១- ការបញ្ចប់ការរៀបចំ និងជំរុញការអនុវត្តគោលនយោបាយសហគ្រាសធុនតូច និងមធ្យមឱ្យមានប្រសិទ្ធភាព។ ទី២-ការពង្រឹងការអនុវត្តយន្តការគាំទ្រដើម្បីជួយសម្រួលដល់ការចុះបញ្ជី ការផ្តល់សេវាសម្រប សម្រួល ការផ្សព្វផ្សាយព័ត៌មានទីផ្សារឱ្យបានទូលំទួលាយ និងទាន់ពេលវេលាការផ្សព្វផ្សាយ និងបញ្រ្ជាបបច្ចេកវិទ្យាថ្មី និងការបន្តខិតខំស្វែងរក និងជ្រៀតចូលទីផ្សារនាំ ចេញសម្រាប់ ផលិតផលកម្ពុជា។ ទី៣-ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម ដើម្បីផ្តល់ហរិញ្ញប្ប ទានដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងការជំរុញការៀបចំ និងអនុវត្តនូវជម្រើស ហិរញ្ញប្បទាននានារួមទាំងយន្តការគ្រប់គ្រង អាជីវកម្ម គម្រោងវិនិយោគផង។ ទី៤-ការបង្កើត មូលនិធិជាតិសហគ្រិតភាព និងមជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនភាពដោយសហការជាមួយ វិស័យឯកជនសំដៅលើកកម្ពស់សហគ្រិនភាព និងប្រសិទ្ធភាពធុរកិច្ច។ ទី៥-ការពង្រឹង និង ពង្រីកបន្ថែមការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជា មន្ទីរពិសោធន៍ថ្នាក់ជាតិ ការបន្ត កែលម្អកិច្ចសម្រួលពាណិជ្ជកម្ម ការកែលម្អប្រព័ន្ធឡូជីស្ទីក ព្រមទាំងការបន្តលើកទឹកចិត្ត និងការទាក់ទាញការវិនិយោគក្នុងការបង្កើតចង្កោមសហគ្រាសធុនតូច និងមធ្យម។ ទី៦-ការជំរុញការលើកកម្ពស់គុណភាពផលិតផលនៃសហគ្រាសធុនតូច និងមធ្យម តាមរយៈការ ពង្រឹងអនុលោម ភាពលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ និងស្តង់ដារ ព្រមទាំងការ លើកកម្ពស់នវានុវត្តន៍ តាមរយៈការការពារកម្មសិទ្ធិបញ្ញា និងការផ្តល់ប្រកាសនីយបត្រតក្កកម្ម (Patents)។

គួរបញ្ជាក់ថា បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម បានគ្របដណ្ដប់ជាង៩០ភាគរយ នៃចំនួនសហគ្រាសទាំងអស់នៅកម្ពុជា ហើយវិស័យនេះកំពុងដើរតួនាទី យ៉ាងសំខាន់ក្នុង ការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលបាន ផ្តល់ឱកាសការងារដល់ពលរដ្ឋជាង២លាននាក់៕

ដោយ ម៉ៅ ចរិយា