មន្រ្ដីជាន់ខ្ពស់រាជបណ្ឌិត្យសភាកម្ពុជា៖ ការលើកឡើងរបស់មេបញ្ជាការកងទ័ពជើងគោកចិន គឺជាកាលានុវត្តភាពកាន់តែប្រសើរនៃទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ — ស្របពេលដែលដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន របស់​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គបញ្ជាការកងទ័ពជើងគោកម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ Han Weiguo មេបញ្ជា​ការកងទ័ព ជើងគោក នៃកងទ័ពរំដោះប្រជាជនចិន បានចាត់ទុកកម្ពុជាថា ជាបងប្អូនដែល មានមិត្តភាពដែកថែប។ ការលើកឡើងត្រង់ចំណុចនេះ ត្រូវបានប្រធានវិទ្យាស្ថានទំនាក់​ទំនង អន្ដរជាតិ​កម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ហៅការលើកឡើងនេះថាគឺជាកាលានុវត្តភាព កាន់តែល្អ ប្រសើរថែមទៀត​នៃ​ទំនាក់ទំនងកងទ័ពរវាងប្រទេសទាំងពីរ។
ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិកម្ពុជា នៃរាជបណ្ឌិត្យ សភា​កម្ពុជា ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា​ AKP កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩​នេះ​ថា ការលើកឡើងរបស់​មេទ័ពចិននេះ គឺជាសញ្ញាល្អ ដែលកម្ពុជា ត្រូវតែក្តោបក្តាប់ឱ្យបាន​នៃទំនាក់ទំនងនេះ ដើម្បីសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមបណ្ឌិតបានចាត់ទុកថា នេះគឺជាច្រក សំខាន់មួយទៀត សម្រាប់​កម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើន ​រក្សាបាននូវសន្តិសុខ ស្ថិរភាពនយោបាយ។

ឯកឧត្តមបណ្ឌិតបន្ថែមថា ការធ្វើទំនាក់ទំនងអន្តរជាតិ ការភ្ជាប់ទំនាក់ទំនងការទូត គឺដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនយើង ដែលកម្ពុជាមិនគួរបដិសេធចំពោះផល ប្រយោជន៍ទាំងនេះទេដែលវាខុសពីការលើកឡើងរបស់បុគ្គលមួយចំនួនចំពោះទំនាក់ទំនង រវាងកម្ពុជា-ចិន។ ពាក់ព័ន្ធនឹងវិស័យការពារជាតិនេះដែរ ឯកឧត្តមបណ្ឌិតបានចាត់ទុកថា កម្ពុជាចាំបាច់ ត្រូវរៀនសូត្រពីចិនលើវិស័យការពារជាតិនេះ ដូចជាការគ្រប់គ្រងកម្លាំងទ័ពដើម្បីការពារ ប្រទេស​ជាតិ ការអភិវឌ្ឍយុទ្ធសាស្រ្ដ និងឧបករណ៍ក្នុងវិស័យកងទ័ពជាដើម។

សូមជម្រាបថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គបញ្ជាការកងទ័ព ជើងគោកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ច​នៅសាធារណ​រដ្ឋ​ប្រជាមានិតចិន ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយឯកឧត្តម បានជួបពិភាក្សាការងារ​ជាមួយថ្នាក់ដឹកនាំកំពូលកងទ័ពចិន ដែលរួមមាន៖ រដ្ឋមន្រ្តីក្រសួងការ ពារជាតិចិន, អគ្គមេ បញ្ជាការកងទ័ពជើងគោកចិន និងអនុប្រធានគណៈកម្មការយោធាមជ្ឈឹមនៃសាធារណរដ្ឋ ប្រជាមានិតចិនជាដើម៕

ដោយ ចាន់ សុធីវង្ស